rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឃោសនា​ថ្ងៃ​ដំបូង​៖​ គណ​បក្ស​ចំនួន​៥​យក​ភ្នំពេញ​ជា​គោល​ដៅ​ធំ​ ខណៈ​បក្ស​ផ្សេង​ទៀត​ចាប់​ផ្តើម​នៅ​តាម​ខេត្ត​

media
ទិដ្ឋភាពឃោសនារបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៧ កក្កដា ឆ្នាំ២០១៨។ @REUTERS/Samrang Pring

ដូចការ​គ្រោង​ទុក​ យុទ្ធនា​ការ​​ឃោសនា​បោះ​ឆ្នោត​​ជ្រើស​​តាំង​​តំណាង​រាស្ត្រ​សម្រាប់​អាណត្តិ​ទី៦​ បាន​ចាប់​​ផ្តើម​​ហើយ​ នៅ​ថ្ងៃ​សៅរ៍​នេះ​។​ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការ​នេះ ​គណ​បក្ស​នយោបាយ​ចំនួន​៥ ​រាប់ទាំង​គណ​បក្ស​កាន់​អំណាច ​បាន​​ជ្រើស​​រើស​​យក​ទី​ក្រុង​​ភ្នំពេញ​ជាគោល​ដៅធំ​ជាង​គេ​​ក្នុង​​ការ​​ហែក្បួន​ឃោសនា ​ដោយមាន​អ្នក​ចូល​រួម​​រាប់​ម៉ឺន​នាក់​​។​ ចំណែក​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំកា​របោះ​ឆ្នោត​ បាន​វាយ​តម្លៃ​ជាបឋ​មថា​ ​ការ​ឃោសនា​ថ្ងៃ​ដំបូង​​បាន​ប្រព្រឹត្តទៅ​​​ដោយ​​​រលូន​។​ 


ចាប់ផ្តើមដោយគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា មានអ្នកចូលរួមរហូតដល់​៦ម៉ឺននាក់នោះ គឺបានយកទីតាំងទឹកដី​កោះពេជ្រ ជាកន្លែងជួបជុំ ដោយ​មានវត្តមាន លោក ហ៊ុន សែន ជាប្រធានគណបក្សចូល​រួម​ផង មុននឹង​ក្បួន​ឃោសនាហែ​ចេញ​ទៅតាម​ខណ្ឌទាំង១២។ លោកប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​លើក​សរសើរ​ពី​ស្នា​ដៃ​របស់​ខ្លួន​កន្លងមក បូកបន្ថែមនឹងការសន្យាធ្វើ​ឲ្យ​ប្រសើរ​បន្ថែមទៀត។

ការ​ឃោសនាដែលមានអ្នកចូលរួមលំដាប់ទី២នៅថ្ងៃដំបូងនេះគឺគណបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យរបស់​លោក ខឹម វាសនា។ គណបក្សLDP បានអះអាងថា ខ្លួនមាន​អ្នក​ចូល​រួមជាង១ម៉ឺននាក់ ដោយ​ជួបជុំគ្នានៅផ្លូវ៦០ម៉ែត្រ រួចហែទៅបញ្ចប់​នៅផ្លូវ​មាត់ទន្លេ។

​ចំណែក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ បានហែ​ក្បួន​ឃោ​សនា​ចេញពី​សួនច្បារជ្រោយចង្វារជិតវត្តចាស់ ដោយមាន​អ្នកចូលរួមជិត​២០០០​នាក់ ទៅបញ្ចប់​នៅធនាគារជាតិផ្លូវហាណូយ។ ប៉ុន្តែក្បួនឃោសនានេះមិនមានវត្តមាន​ប្រធានគណបក្ស គឺព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ចូលរួមនោះទេ ខណៈទ្រង់កំពុងព្យាបាល​របួស​នៅ​ក្រៅ​ប្រទេសនៅឡើយ។

រីឯគណបក្ស​ខ្មែរ​រួបរួម​ជាតិ បានហែ​ក្បួន​ឃោសនា ចេញពីផ្ទះ​លោក​ញឹក ប៊ុនឆៃ នៅខាងកើតស្ពាន​ជ្រោយចង្វា ដោយ​ឈប់សម្រាក​អាហារ​ថ្ងៃត្រង់​នៅ​ជើងឯក ហើយ​វិលមកបញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វាវិញ​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែលបែកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចនេះថា ក្បួន​ឃោសនា​របស់​ខ្លួន​មាន​អ្នកចូលរួម​ប្រមាណ​ជា១០០០​នាក់​។​

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងដោយក្តីសង្ឃឹមថា នឹង​ទទួលបាន​អាសនៈខ្លះ​នៅក្នុង​រដ្ឋសភា។

ដោយឡែកគណបក្សថ្មីដែលទើបបង្កើតឡើងដោយ​កូន​ប្រុស ​លោក គង់ គាំ អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិនោះ គឺមានការជួបជុំអ្នក​គាំទ្រ​ប្រហែល​៣០០នាក់ និង​ហែក្បួនផងដែរ។

ក្រៅពីទិដ្ឋភាពឃោសនាទ្រង់​ទ្រាយធំនៅទីក្រុង​ភ្នំពេញទាំង៥គណបក្សនេះ ក៏មានការឃោសនាទ្រង់ទ្រាយតូចៗនៅតាមបណ្តាខេត្តផងដែរ ពិសេស​គណបក្សកាន់អំណាច។ ប៉ុន្តែទន្ទឹមនឹងនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​យក​​​ទឹកដីស្រុក​អង្គរបុរី ខេត្តតាកែវ​ ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការរបស់ខ្លួន។ ការចាប់​ផ្តើម​នៅស្រុក​ស្រែចំការរបស់គណបក្សនេះ គឺមានព្រះសង្ឃសូត្រមន្ត និងមាន​អ្នកគាំ​ទ្ររាប់រយនាក់ដែរ។

ចំណែកគណបក្សជាង១០ផ្សេងទៀត មិនបានឃោសនាធំនៅទីក្រុង​ភ្នំពេញ​នៃដំបូង​របស់យុទ្ធនាការបោះឆ្នោតនេះទេ។ នេះបើតាមតារាងកម្មវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃជាបឋមថា ដំណើរការ​ឃោសនា​ថ្ងៃដំបូងនេះមានលក្ខណៈរលូន មិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់ទេ៕