rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អប់រំ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួងពាក់ព័ន្ធស្រាក់ដៃគ្នាធ្វើឲ្យដំណើរការប្រឡងបាក់ឌុបថ្ងៃស្អែកប្រព្រឹត្តិទៅដោយរលូន

media
សិស្សានុសិស្សបន់ស្រន់​​ មុន​ថ្ងៃប្រឡងបាក់ឌុប។ @moeys cambodia

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ឬ ហៅ​ថា​ការ​ប្រឡង​បាក់​ឌុប ប្រចាំ​ឆ្នាំ ២០១៩ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី ១៩ និង​ថ្ងៃ​ទី ២០​ខែ​សីហា​ស្អែក​នេះ​។ មិន​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រសួង​អប់រំ យុវជន និង​កីឡា ប្តេជ្ញា​ថា នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ប្រឡង ដើម្បី​ទទួល​យក​គុណភាព​ពិត​ប្រាកដ​ពី​សិស្សានុសិស្ស​។ ចំណែក ក្រសួង​ទេសចរណ៍ បាន​ព្យាយាម​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​តម្លើង​ថ្លៃ​ស្នាក់​នៅ ក្នុង​អំឡុង​ពេល​នេះ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរការ​ប្រឡង​បាក់​ឌុប ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​។


តាម​ការ​បង្ហាញរបស់ក្រសួងអប់រំយុវជន និងកីឡា គឺមួយ​ថ្ងៃមុនការប្រឡងបាក់ឌុប ឈាន​ចូលមក​ដល់ ក្រសួង​បាន​រៀបចំ ឲ្យ​គណៈ​មេប្រយោគ​ រួមនឹង​ភាគីពាក់ព័ន្ធ ដូចជា​គណៈ​កម្មការ​អប្បមាទ​ ជំនួយការ​អប្បមាទ ប្រធាន និង​អនុប្រធាន​មណ្ឌល ចុះពិនិត្យស្ថានភាពទូទៅ ​នៅ​តាម​មណ្ឌល​ប្រឡង​ ដោយ​ផ្ដោត​សំខាន់​ ទៅ​លើ​បរិវេណ​មណ្ឌល​ប្រឡង ឧបករណ៍​បំពង​សំឡេង អាគារ​នៅ​តាម​មណ្ឌល​ប្រឡង និង​ស្ថានភាព​នៃ​បន្ទប់​ប្រឡង​​នីមួយៗ ដើម្បី​ធានា​បាន​ថា ​ដំណើរ​ការ​​​ប្រឡង​​បាក់ឌុប​ ប្រព្រឹត្តិទៅ​​ដោយ​ភាព​​រលូន។

ក្រៅពីនេះ តាម​មណ្ឌលខ្លះ ក៏មាន​សកម្មភាពចុះបាញ់​ថ្នាំមូស ការពារ​កុំឲ្យ​មានបញ្ហាសុខភាពកើតឡើងដល់​សិស្សានុសិស្សពេលកំពុងប្រឡងដែរ។ ចំណែក​សិស្សានុសិស្ស​វិញ នៅថ្ងៃអាទិត្យនេះ គេសង្កេត​ឃើញថា បាននាំគ្នាសម្រុក​ទៅកាន់កន្លែងសក្ការៈបូជា ដើម្បីថ្វាយ​ទៀនធូប និងផ្លែឈើ បន់​ស្រន់​ សូមឲ្យ​ពួកគេប្រឡងជាប់។

មិន​ខុសពីរាល់​ឆ្នាំ ក្រសួងអប់រំ បានអះអាងថា ការប្រឡងបាក់ឌុប នៅឆ្នាំ ២០១៩ ក៏មានការ​រឹតបន្តឹងដូចពេលកន្លងទៅដែរ ខណៈ​ចំនួន​បេក្ខជន និង​មណ្ឌលប្រឡង មានការ​កើនឡើង។ ជាមួយគ្នានោះ ក្រសួងថែមទាំងបាន​សំណូមពរឲ្យម្ចាស់អាជីវកម្មថតចំលង បិទ​អាជីវកម្មបណ្តោះអាសន្ន​រយៈពេល ២ថ្ងៃនៃថ្ងៃប្រឡង ដើម្បីការពារ​បាតុភូត​បែកធ្លាយ​វិញ្ញាសានានា។

ចំណែក ក្រសួងទេសចរណ៍វិញ ក៏បា​ន​ប្រកាស​អំពាវនាវដល់​ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋាននានា កុំតម្លើង​ថ្លៃ និងត្រូវបម្រើរសេវាកម្មឲ្យបានល្អ ក្នុងអំឡុងពេល​សិស្ស​ប្រឡងបាក់ឌុបនេះ​ផងដែរ​។

សូមជម្រាបជូនថា ក្នុងសម័យ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩ និង​២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡង សរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១២៧មណ្ឌល ដែល​សរុប​មាន ៤ ៧២៥បន្ទប់ និង​មានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់៕