rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាស៊ាន ចិន ទេសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការហោះហើរត្រង់ពីកម្ពុជា- អាស៊ាន មាន​ការ​កើន​ឡើង​ ខណៈ​អ្នក​ជំនាញ​វិស័យ​ទេសចរណ៍​ក្រើន​រំលឹក​ពី​ការ​ពង្រឹង​ធនធាន​មនុស្ស

media
ព្រលានយន្តហោះពោធិចិនតុង (រូបតំណាង) @Cambodia Airports

ការ​ហោះ​ហើរ​ត្រង់​ពី កម្ពុជា​ទៅ​កាន់​តំបន់​អាស៊ាន មាន​ការ​កើន​ឡើង​នា​រយៈពេលថ្មី​ៗ​នេះ ពិ​សេស​ ទៅកាន់​ប្រទេស​ចិន​។ ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន​អាកាស​ចរណ៍​កម្ពុជា - ចិន​មាន​ក៏​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ដែរ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ពី​ក្រសួង​ទេស​ចរណ៍​នា​ពេល​ថ្មីៗ​នេះ​។ យ៉ាង​ណា​ក៏​ដោយ​តាម​រយៈ​កំណើន​ជើង​ហោះ​ហើរ​នេះ អាច​និយាយ​បាន​ថា​រឿង​ល្អ​ប្រសើរ​ក៏​ពិត​មែន ប៉ុន្តែ ​អ្នក​ជំនាញ​ធ្វើ​ការ​នៅ​លើ​វិស័យ​ទេសចរណ៍​បាន​ក្រើន​រំលឹក កុំ​ឱ្យ​កម្ពុជា​ភ្លេច​ខ្លួន​ក្នុង​ការ​ពង្រឹង​ធនធាន​មនុស្ស ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេស​ចរណ៍​នេះ​។


យ៉ាង​ហោច​ណាស់​មាន​ជើង​ហោះហើរ​ចំនួន ៧៦០​ជើង ទាំង​ទៅ​និង​មក បាន​ធ្វើ​ហោះ​ហើរ​ទៅ​កាន់​តំបន់​អាស៊ាន​ជា​ទៀត​ទាត់​ក្នុង​១​សប្តាហ៍ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០១៩​នេះ​។ នៅ​ក្នុង​នោះ ជើង​ហោះហើរ​ប្រមាណ ៥០០ ជើង​ទាំង​ទៅ​និង​មក​ មាន​គោល​ដៅ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​រៀង​រាល់​សប្តាហ៍​។

គិត​ត្រឹម​រយៈពេល​៦​ខែ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​ចំនួន ៣​លាន​៣សែន ​នាក់​ កើន​ឡើង​ ១១ ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ប្រទេស​ចិន​នៅ​តែ​បន្ត​ក្លាយ​ជា​ទីផ្សារ​ទេសចរណ៍​លំដាប់​កំពូល​របស់​ប្រទេស​បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​លោក ជា អូន រដ្ឋ​លេខាធិការ​ប្រចាំ​ការ នៃ​លេខាធិការ​ដ្ឋាន​អាកាស​ចរស៊ីវិល​។

ដោយ​ឡែក​មាន​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចំនួន ១៩ កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ខណៈ​ក្រុម​ហ៊ុន​អាកាសចរណ៍​ចំនួន ១៤ ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ទាំង​នេះ ​គឺ​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន​។ ក្នុង​នោះ​ អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ​មាន​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​ទី​ក្រុង​ចំនួន ​២៣ របស់​ប្រទេស​ចិន អាកាស​យានដ្ឋាន​អន្តរជាតិ​សៀម​រាប ចំនួន ២៣ និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ចំនួន ១៥ ​ទី​ក្រុង​របស់​ប្រទេស​ចិន​។

តាម​លោក ជា អូន រដ្ឋ​លេខាធិការ​ប្រចាំការ នៃ​លេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​បន្ត​ថា កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ការ​ហោះត្រង់​នា​ពេល​អនាគត​កាន់​តែ​ច្រើន​បន្ថែម​ទៀត ខណៈ ​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន សន្សំ​សំចៃ​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ ​​និង​ទាក់ទាញ​វិនិយោគ​គិន​ជា​ដើម​។

ដោយ​ឡែក​អ្នក​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បាន​លើក​ឡើង​ថា ជា​រឿង​ប្រសើរ​មែន​ទែន​ដែល​កម្ពុជា សម្រេច​បាន​ការ​ហោះហើរ​ត្រង់​ដែល​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​។ អ្នក​ស្រី​បន្ត​ថា មាន​ការ​ហោះ​ត្រង់​ច្រើន​ មាន​ន័យ​ថា មាន​ការ​វិនិយោគ​ច្រើន និង កំណើន​ទេសចរណ៍​ក៏​ច្រើន ដែល​ចូល​រួម​ក្នុង​ការ​អភិវឌ្ឃ​សេដ្ឋកិច្ច​ជាតិ និង​ បង្កើន​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​អត្ថ​ប្រយោជន៍​ទាំង​អស់​នេះ ការ​ត្រៀម​ខ្លួន​របស់​ពលរដ្ឋ​កម្ពុជា គឺ​ជា​រឿង​ចាំបាច់​ត្រូវ​តែ​គិត​គូ ​។ អ្នក​ស្រី​ថា «តើ​យើង​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ទទួល​បាន​ប្រយោជន៍ ទាំង​នេះ។​ តើ​ធនធាន​មនុស្ស​យើង​របស់​យើង​មាន​គ្រប់​លក្ខណៈ​ហើយ​ឬ​នៅ​?»

គួរ​ជម្រាប​ជូន​ថា បច្ចុប្បន្ន​កម្ពុជា​បាន​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ទៅ​កាន់​ប្រទេស​ចំនួន ៨​ក្នុង​តំបន់​អាស៊ាន រួម​មាន​៖ ប្រទេស​ថៃ វៀត​ណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេ​ស៊ី សឹង្ហ​បុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា អាស៊ាន​បូក​បី អារ៉ាប់ និ​ងគ្រោង​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​បណ្តា​ប្រទេស​នានា​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភព​លោក​។ កាល​ពី​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​អ្នក​ធ្វើ​ដំណើរ​តាម​អាកាស​ចំនួន ១០ លាន​នាក់​កើន​ឡើង ​២៣ ភាគ​រយ បើ​ប្រៀបធៀប​នឹង​២០១៧ ។ រដ្ឋា​ភិបាល​ជឿជាក់​ថា​ការ​បង្កើន​ចំនួន​ជើង​ហោះហើរ​ត្រង់​ជា​មួយ​បណ្តា​ប្រ​ទេស​អាស៊ាន​និង​ចិន​នេះ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​សម្រេច​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ឲ្យ បាន ១៥ លាន​នាក់​នៅ​ឆ្នាំ ​២០៣០​ ។