អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​ដែនដី​នឹង​ទូទាត់​លុយ​ជូន​ពលរដ្ឋ​ប៊ូឌីញ​ដើម​ខែ​ក្រោយ

អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី បាន​បង្ហើប​ពី​គម្រោង​ទូទាត់​លុយ ជូន​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីញ នៅ​ថ្ងៃ​ទី​៦​មិថុនា ​។ គិត​រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​៩២​ភាគរយ បាន​ចុះ​កិច្ច​សន្យាលក់​បន្ទប់​ទៅ​ឲ្យ​ក្រុមហ៊ុនជប៉ុន​រួច​ហើយ។ ចំនួន​សល់​ពី​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​នឹង​ជួប​ដោះ​ស្រាយ​បញ្ចប់​ជា​មួយ​ពលរដ្ឋ នៅ​ថ្ងៃ​ទី​៣០​ឧសភា។

រូបថតៈអគារប៊ូឌីញមើលពេលយប់
រូបថតៈអគារប៊ូឌីញមើលពេលយប់
ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​ដែន​ដី​ជឿ​ជាក់​ថា ពលរដ្ឋ​៤៣​គ្រួសារ​ដែល​មិន​ព្រម​ទទួល​យក​តម្លៃ​បន្ទប់​១៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នៅ​ពេល​នេះ គឺ​ពួក​គេ​ប្រាកដ​ជា​ព្រម​ទទួល​យក​តម្លៃ​នេះ​នៅក្នុង​កិច្ច​ប្រជុំ​ជា​មួយ​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​៣០​ខាងមុខ។ ព្រោះ​តម្លៃ​បន្ទប់​១៤០០​ដុល្លារ​នេះ គឺ​ជា​តម្លៃ​មួយ​ខ្ពស់ ហើយ​សម​ស្រប​ជាមួយ​នឹងស្ថានភាព​អគារ​ប៊ូឌីញ​ដែល​កំពុង​ចាស់​ឌ្រុធ​ទ្រោម​ស្រាប់។ នេះ​បើ​តាម​អ្វី​ដែល​លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​អះអាង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ចំពោះ​ការ​ទូ​ទាត់​លុយ​នេះ កន្លង​មក​រដ្ឋមន្ត្រី​ក្រសួដែន​ដី​អះអាង​ថា ធ្វើ​ឡើង​តាម​រយៈកុង​ធនាគារ​ដោយ​មិនមែន​ជា​ការ​ផ្ដល់​លុយ​ដោយ​ផ្ទាល់​ទៅ​ឲ្យ​ពលរដ្ឋ​នោះ​ទេ។ ព្រោះលោក​រដ្ឋមន្ត្រី​ខ្លាច​ពលរដ្ឋ​ប្រើប្រាស់​លុយ​ខុស​គោល​ដៅ។ តាម​គម្រោង​បន្ទាប់​ពី​ចុះ​កិច្ច​សន្យា និង​ទទួល​ប្រាក់​រួច ​ប្រជាពលរដ្ឋនឹង​ផ្តើម​រើ​ចេញ​ពី​អគារ​ប៊ូឌីញ​ស ក្នុងថ្ងៃតែមួយដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​៦ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា  ។ ​ក្រសួងក៏​នឹង​ឧបត្ថម្ភ​ទឹក​ប្រាក់ ១០០​ដុល្លារ​បន្ថែម​ទៅ​លើ​ថ្លៃ​ដឹក​ជញ្ជូន​របស់​ពួក​គេ។ 

តាម​រយៈ​តម្លៃ​១៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក៏​យ៉ាង​ហោច​ណាស់​ពលរដ្ឋ​មួយ​គ្រួសារទទួល​បាន​ថវិកា​សរុប​ប្រមាណ​៥​ទៅ​៦​ម៉ឺន​ដុល្លារ ដោយ​អាស្រ័យ​ទៅ​លើ​ទំហំ​បន្ទប់​ជាក់​ស្ដែ​ង​។ ​គួររម្លឹកថា អគារ​ប៊ូឌីញ​កសាង​ឡើង​នៅឆ្នាំ​១៩៦៣។ ជាមួយ​នឹង​អាយុ​កាល​ច្រើន​បែប​នេះ​ក្រសួង​ដែន​ដី​គ្រោង​នឹង​ធ្វើ​ការ​អភិវឌ្ឍ​ឡើង​វិញជា​មួយ​នឹង​ក្រុម​ហ៊ុន​ជប៉ុន​ Arakawa ក្នុង​តម្លៃ​៨០លាន​ដុល្លារ​អាមេរិក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ