អានតួអត្ថបទ

ពលរដ្ឋ​​ប៊ូឌីញស មិន​ព្រម​ចាកចេញ បើទាមទារ​សំណង​មិន​បាន​ ១ ៨០០ ​ដុល្លារ ​ក្នុង​មួយម៉ែត្រ​ការ៉េ​!

តំណាង​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីញស បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ​ថា ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ ចង់​បាន​សំណង​គិត​ជា​ទឹក​ប្រាក់ ១៨០០ដុល្លារក្នុង​ទំហំ​មួយ​ម៉ែត្រ​ការ៉េ​នៃ​ទំហំ​ផ្ទះ​ជា​ថ្នូរ ក្នុង​ការ​ចាក​ចេញ។ ការ​អះអាង​នេះ ធ្វើ​ឡើងបន្ទាប់​ពី​ក្រសួង​រៀបចំ​ដែនដី បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត​កាល​ពី​ដើម​ខែ​មេសានេះ ​ឈាន​ដល់​ការ​កំណត់​ចំនួន​ទឹក​ប្រាក់ សម្រាប់​ការ​ចាក​ចេញ​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់ឈាន​ដល់​ការ​កំណត់​ទឹក​ប្រាក់​ជា​រួម។​

ក្រសួងដែនដី គ្រោងជំរឿនពលរដ្ឋអគារប៊ូឌីញស ដើម្បីឈានដល់ការអភិវឌ្ឍនៅនឹងកន្លែង
ក្រសួងដែនដី គ្រោងជំរឿនពលរដ្ឋអគារប៊ូឌីញស ដើម្បីឈានដល់ការអភិវឌ្ឍនៅនឹងកន្លែង
ផ្សាយពាណិជ្ជកម្ម

តម្លៃ​ដើម​ដែល​ក្រសួង​ដែន​ដី​ត្រូវ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នោះ មួយ​ម៉ែត្រ​ការ៉េ​នៃ​ទំហំ​ផ្ទះស្ថិត​នៅ​ក្នុង​តម្លៃ​ ១ ២៦៣​ ដុល្លារ ។ ​ក្រសួង​និង​ក្រុមហ៊ុន​ជប៉ុន Arakawa ដែលទទួល​សិទ្ធិ​អភិវឌ្ឍ​ឡើង​វិញ​នោះ អាច​បន្ថែម​ចំនួន​ទឹក​ប្រាក់​បាន​តែ​១០០​ដុល្លារ​ទៀតប៉ុណ្ណោះ។

ចំពោះ​​អ្នកស្រី ឌី សុផាណា រ៉ាម៉ានី តំណាង​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីញស ​បាន​គូស​បញ្ជាក់​​ថា ទឹក​ប្រាក់​១២៦៣​ដុល្លារ​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​គ្រប់​គ្រាន់​ទេសម្រាប់​​ទិញ​ផ្ទះ​ថ្មី​នោះ។ បើ​តាម​អ្នកស្រី ក្រៅ​ពី​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ក្នុង​ចំណោមពលរដ្ឋ​ជិត​៥០០​គ្រួសារ បាន​ទាម​ទារ​ឲ្យ​ក្រសួង​ដំឡើង​តម្លៃ​ដល់​ទៅ​១៨០០​ដុល្លារហើយ​នោះ នៅ​មាន​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ទាមទារ​រហូត​ដល់​ទៅ​ ២ ០០០​ ឬ​ ២ ៥០០ ដុល្លារ​ឯណោះ​ ទើប​ពួក​គេ​ព្រម​ចាក​ចេញ។

អ្នកស្រី ឌី សុផាណា រ៉ាម៉ានី តំណាង​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​ស្នើ​ទៅ​ក្រសួង​រៀប​ចំ​ដែន​ដី និង​ក្រុម​ហ៊ុន​ជប៉ុន​ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍ​ឡើង​វិញ​នោះ​ពិនិត្យ​សំណើ​របស់​ពលរដ្ឋឡើង​វិញ​ជាមួយ​នឹង​តម្លៃ​ទឹក​ប្រាក់​ថ្មី​នេះ។ តែ​យ៉ាង​ណា​ក៏​ ក្រោយ​ជួប​គ្នា​រវាង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី និង​ពលរដ្ឋ​កាល​ពី​ដើម​ខែ​មេសា​ហើយ​នោះ ភាគីទាំង​ពីរ​បាន​អះ​អាង​ថា នៅ​មិន​ទាន់​មាន​គម្រោង​ជួប​គ្នា​ជា​ថ្មី​ទេ។

សូមបញ្ជាក់ថា ជំនួប​កាល​ពី​ដើម​ខែ​មេសា​នេះ គឺ​កើត​មាន​ភាព​មិន​ទាន់​ចុះ​សម្រុង​គ្នា​រវាងក្រសួង និងពលរដ្ឋ​ ដោយ​សារ​ប្រជាពលរដ្ឋ​បង្កើន​ទំហំ​ទឹក​ប្រាក់​សំណង​ដែល​មាន​ស្រាប់​ចំនួន ៦​ម៉ឺន​ដុល្លារ ។ កាលណោះ លោក ​ជា សុផារ៉ា បាន​គូស​បញ្ជាក់​ថា ប្រសិន​បើ​ពលរដ្ឋ​ព្រម​ទទួល​សំណង ៦​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ការ​ចាក​ចេញ​គឺ​ពលរដ្ឋ​នឹង​រស់​នៅ​ក្នុង ​ទំហំ​ផ្ទៃក្រឡា ៤៧,៥​ម៉ែត្រ​ការ៉េ​នៃ​បន្ទប់​ស្នាក់​នៅ។

លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី ធ្លាប់ប្រាប់វិទ្យុបារាំងថា ក្នុង​ចំណោម​ពលរដ្ឋ​ជិត ៥០០​គ្រួសារ​នេះ​គឺ ៨៨​ភាគ​រយ​ហើយ​ព្រម​ទទួល​លុយ​ជា​ថ្នូរ​ក្នុង​ការ​ចាក​ចេញ ១២​ភាគ​រយ​ដែល​ស្មើ​នឹង ៥៩​គ្រួសារ​ជំទាស់​មិន​ព្រម​ចាក​ចេញ​គឺ​ទទួល​យក​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង។ ដោយ​សារ​តែ​បញ្ហា​នេះ​ហើយ ទើប​លោក ជា សុផារ៉ា ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ទៅ​ជជែក​គ្នា​សិន។

គិត​រហូត​មក​ដល់​ពេល​នេះ អគារ​ប៊ូឌីញ​ស មាន​ភាព​ចាស់​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ​ដោយ​កសាង​ឡើង​តាំង​ពី​ឆ្នាំ ១៩៦៣ ។ ប្រឈម​នឹង​អាយុកាល​ច្រើន​បែប​នេះ ទើប​ក្រសួង​ដែនដី គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​ឡើង​វិញ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ​Arakawa ក្នុង​តម្លៃ​ ៨០​លាន​ដុល្លារ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ