អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋ​មន្ត្រី​២​រូប ​អះអាង​ផ្ទុយ​គ្នា​ លើ​មូលហេតុ​នៃ​ការ​ពុល​មនុស្ស​ស្លាប់​នៅ​ខេត្ត​ក្រចេះ​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ចេញមក​អះអាងថា ករណី​ពុល​មនុស្ស​ស្លាប់​នៅក្នុង​ខេត្តក្រចេះ គឺ​បណ្តាលមកពី​ថ្នាំពុល​សម្លាប់​សត្វល្អិត មិនមែន​មកពី​សារធាតុ ស្យា​នី​ត នោះទេ។ ការ​ចេញមក​អះអាង​បែបនេះ គឺ​ផ្ទុយ​ពី​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​បាន​លើកឡើងថា ករណី​ពុល​ស្លាប់​នៅក្នុង​ខេត្តក្រចេះ គឺ​បណ្តាលមកពី​សារធាតុ​ស្យា​នី​ត (Cyanide) ដែល​គេ​ប្រើប្រាស់​សម្រាប់​លាង​រ៉ែ​មាស។ 

លោក​​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម អណ្តូងរ៉ែ​និង​ថាមពល
លោក​​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម អណ្តូងរ៉ែ​និង​ថាមពល © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​កាសែត​ក្នុងស្រុក នៅ​ថ្ងៃទី ២២ ឧសភា​នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ចេញមក​អះអាងថា ករណី​ពុល​ស្លាប់​នៅក្នុង​ខេត្តក្រចេះ គឺ​មិនមែន​បណ្តាលមកពី​សារ​ធាតុ​ស្យា​នី​ត (Cyanide) ដែល​គេ​ប្រើប្រាស់​សម្រាប់​លាង​រ៉ែ​មាស ដូច​អ្វីដែល​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចម ប្រសិទ្ធ បាន​អះអាង កាលពី​ថ្ងៃទី ១៧ ឧសភា​នោះទេ។

សម្រាប់​លោក ស៊ុយ សែម ករណី​ពុល​នេះ គឺ​បណ្តាលមកពី​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​​ស្មៅ និង​ករណី​មួយចំនួនទៀត គឺ​បណ្តាលមកពី​ពុល​ស្រា ដូច​អ្វីដែល​ក្រសួង​សុខាភិបាល​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​រួចមកហើយ។ អំណះអំណាង​ថ្មី​ចុង​ក្រោយ​នេះ គឺ​លោក​រដ្ឋមន្ត្រី​បាន​ផ្អែកលើ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ឈាម​របស់​អ្នក​ស្លាប់​​​ដែល​​ធ្វើឡើង​ដោយ​ក្រសួងបរិស្ថាន​នៅឯ​ប្រទេស​សិង្ហ​បុរី។ លទ្ធផល​នៃ​ការធ្វើ​តេស្ត​ឈាម​របស់​សព​ជនរងគ្រោះ​នោះ គឺ​គេ​រក​មិនឃើញ​ឡើយ នូវ​សារ​ធាតុគីមី ស្យា​នី​ត នៅក្នុង​ឈាម​របស់​សព​ជនរងគ្រោះ។

គួរ​ជំរាបជូន​ថា តាមរយៈ​ការ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី ១៧ ឧសភា លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អះអាងថា បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​និង​ធ្វើ​ពិសោធន៍​មក ក្រសួង​នេះ​បាន​រកឃើញថា ប្រជាជន​មួយចំនួន​បាន​ពុល​ដោយសារ​ទឹកទន្លេ​ព្រែក​តេ នៅ​ខេត្តក្រចេះ ដែល​ហូរ​ចាក់​មកពី​ខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរី ដែលមាន​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ប្រើប្រាស់​សារធាតុ «ស្យា​នី​ត» សម្រាប់​លាង​សម្អាត​រ៉ែ​មាស ដោយ​រក្សាទុក​មិនបាន​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​សារធាតុ​នេះ​ហូរ​ចូល​ទឹកទន្លេ​ព្រែក​តេ។ កាលណោះ លោក ចម ប្រសិទ្ធ បាន​គូស​បញ្ជាក់ទៀតថា ទឹកទន្លេ​ព្រែក​តេ មាន​សារធាតុ «ត្យា​នី​ត» ខ្ពស់ បណ្តាល​ឲ្យ​ពុល​ស្លាប់​មនុស្ស​តែម្តង។ ប៉ុន្តែ​លោក ស៊ុយ សែម បានបញ្ជាក់​តាម​ទំព័រសារព័ត៌មាន​ក្នុងស្រុក​នៅថ្ងៃនេះ​ថា ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ​នោះ នៅ​មិនទាន់​បានធ្វើ​អាជីវកម្ម​នៅឡើយ​ទេ។ ដូច្នេះ ក្រុមហ៊ុន​មិនទាន់បាន​ប្រើប្រាស់​សារជាតិ ស្យា​នី​ត ដែល​គេ​បានលើកឡើង​នោះ​នៅឡើយ​ទេ។

គួរ​រំលឹក​ជូន​ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន១៣នាក់​បាន​ស្លាប់ និង​ជិត២០០នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​ករណី​ពុល នៅក្នុង​ភូមិ​​ចំនួន ៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅ។ សេចក្តី​សន្និដ្ឋាន​បឋម​របស់​ក្រសួងសុខាភិបាល​បាន​អះអាងថា ករណី​ពុល​ខាងលើ គឺ​បណ្តាល​មកពី​ពុល​ស្រា និង​មួយចំនួនទៀត សង្ស័យថា ពុល​ទឹក​ព្រែក ដែល​ប្រជាពលរដ្ឋ​​បាន​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយ ការអះអាង​ផ្ទុយគ្នា​បែបនេះ កំពុង​បង្កើតជា​ចំងល់​ដល់​មហាជន​ជា​ទូទៅ​​ថា តើ​ករណី​ពុល​ស្លាប់​នៅក្នុង​ខេត្តក្រចេះ​នេះ បណ្តាលមកពី​អ្វី​ឲ្យ​ពិតប្រាកដ ខណៈ​​មាន​មនុស្ស​ច្រើនសន្ធឹក​សន្ធាប់​ស្លាប់ និង​សម្រាក​ពេទ្យ និង​មានការ​ចាកចោល​លំនៅដ្ឋាន រហូត​ធ្វើ​ឲ្យ​ភូមិ​ស្ងាត់ជ្រងំ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ