អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី ​បន្ត​អំពាវ​នាវ​កុំ​ឲ្យ​កង​ទ័ព​ស្តាប់​បញ្ជា​ ទោះ​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​

លោក ​សម រង្ស៊ី ​អតីត​​ប្រធាន ​​គណបក្ស ​ប្រឆាំង​​ដែល​កំពុង​នីរទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​សរសេរ​នៅ​លើ​គណនីយ​ហ្វេសបុក​របស់​លោក​កាលពី​ពីរ​ថ្ងៃ​មុន​នេះ​ថា ​លោក​មិន​ខ្វល់​ពី​ការ​កោះហៅ​របស់​តុលាកា​ក្រុងភ្នំពេញ​នោះ​ឡើយ​។​ តុលាការ​ក្រុង​ភ្នំពេញ​ ដែល​បាន​ចេញ​ដីកា​កោះហៅ​លោក​ សម រង្ស៊ី ​ឲ្យ​ចូល​សវនាការ​ក្នុង​សំណុំ​រឿង​ញុះញង់​កងទ័ព​ នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ 

លោក​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុងជំនួបចរចារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក។
លោក​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុងជំនួបចរចារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក។ @facebook
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​គណនីយ​ហ្វេសបុក​របស់ខ្លួន ​លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែលកំពុង​នីរទ្ទេសខ្លួន​នៅក្រៅ​ប្រទេស​ បាន​បន្ត​រិះគន់​តុលាការ​កម្ពុជា ​ថា​ជា​តុលាការ​អាយ៉ង​ បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បាន​ចេញដីកា​កោះហៅ​លោក​ឲ្យចូលរួម​សវនាការ​កាត់ទោស​ នៅ​ថ្ងៃទី ​២២ ​ខែមេសា ​ពោល​គឺ​នៅ​ក្រោយ​ពីពិធី​បុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខ​។ ​ជា​សវនាការ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង ​«​ញុះញង់​កុំឲ្យ​យោធា​ស្តាប់​បង្គាប់​ និង​ធ្វើ​ឲ្យ​ខូចទឹកចិត្ត​កងទ័ព​»​។ ​នេះ​បើ​យោង​តាម​ដីកា​កោះហៅ​របស់​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ១៤​ មីនា​ ឆ្នាំ ​២០១៩​នេះ​។​

លោក ​សម រង្ស៊ី ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​បទចោទ​ប្រកាន់​ទាំងពីរ​ខាងលើ​ តាម​មាត្រា ​៤៧១ ​និង​៤៧២ ​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ​ចំពោះការ​អំពាវនាវ​កុំឲ្យ​យោធិន​ស្តាប់​បង្គាប់ ​ដែល​ប្រព្រឹត្តទៅ​ កាល​ពី​ថ្ងៃទី ​០៩ ​ធ្នូ ​ឆ្នាំ ​២០១៧​។ ​ជា​សំណុំ​រឿងថ្មី​ចុងក្រោយ​បន្ថែម​លើ​ពាក្យ​បណ្តឹង​ជា​ច្រើន​ករណី​ទៀត​ដែល​ប្រឆាំង​នឹង​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក ​សម រង្ស៊ី​។ ​តាម​មាត្រាទាំង​ពីរ​នេះ ​លោក​សម រង្ស៊ី ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​ចន្លោះ​ពី​២​ឆ្នាំ ​ទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។ ​ប៉ុន្តែ​តាមរយៈគណនីយ​ហ្វេសបុក​របស់​លោក​ កាល​ពី​ថ្ងៃទី ​២៩​ មីនា ​លោក​ សម រង្ស៊ី ​បាន​ផ្គើន​នឹង​ដីកាកោះហៅនេះ​ថា ​លោក​មិន​ខ្វល់​ពី​ការ​កោះហៅ​របស់​តុលាការក្រុងភ្នំពេញ​នេះទេ​ ហើយ​លោក​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​កាន់តែ​ខ្លាំង​ឡើងៗ​ ហើយ​កាន់​តែ​ញឹកញាប់​ទៅៗ​ថែមទៀត​។ ​ជាក់ស្តែង​បន្ថែម​លើ​ការ​អំពាវនាវ​នេះ ​កាល​ពីពីរ​ថ្ងៃ​មុន​ លោក​ សម រង្ស៊ី ​បាន​អំពាវនាវ​ថែមទៀត​ ដោយ​ឲ្យ​ជន​រួម​ជាតិរបស់​លោក ​ដែល​មាន​កាំភ្លើង​មួយ​ដើម​ក្នុង​ដៃ ​ងើប​ប្រឆាំង​នឹង​ការ​បង្រ្កាប​នានា ​ពិសេស​នៅ​ពេល​ណា​គេ​មក​រឹប​អូស​ដីធ្លី ​និង​ផ្ទះសម្បែង​ជា​ដើម​។ ​បើ​តាម​លោក​ សម រង្ស៊ី ​ការការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ ពេល​ប្រឈម​មុខ​នឹង​ការគំរាមកំហែង​ដល់​ជីវិត​ ពី​សំណាក់​ជន​ណា​មួយ​ ឬ​ក្រុម​ណា​មួយ​នោះ ​មិន​មាន​ទោស​អ្វីទេ​ចំពោះ​មុខ​ច្បាប់​។

សូម​បញ្ជាក់​ថា ​គិត​ត្រឹម​ដំណាច់​ខែមីនា ​ឆ្នាំ ​២០១៩​នេះ ​គឺ​មាន​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ​ ដែល​លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្សប្រឆាំង ​បាន​កំពុង​រស់​នៅ​ដោយ​នីរទ្ទេសខ្លួន​នៅក្រៅ​ប្រទេស ​ចាប់​តាំង​ពី​លោក​បាន​ចេញ​ពី​ប្រទេស​កម្ពុជា ​នៅ​យប់ថ្ងៃទី ​១២​ តុលា ​ឆ្នាំ ២០១៥​ ពោល​គឺ​នៅ​ក្រោយ​ពិធី​បុណ្យភ្ជុំបិណ្ឌ​មក​នោះ។​ ប៉ុន្តែ​តាម​រយៈសុន្ទរកថា​ដែល​ស្រែក​មក​ពី​ក្រៅប្រទេស​ លោក​ សម រង្ស៊ី ​តែង​តែ​សន្យាថា​ លោក​នឹង​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ឲ្យខាង​តែ​បាន ​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ ​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ