rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ​ញឹក ប៊ុនឆៃ ​បង្ហាញ​មុខ​ជា​សា​ធារណៈ ​បន្ទាប់​ពី​មាន​សេរីភាព​ជា​បណ្តោះ​អាសន្ន​

media
លោក ញឹក ប៊ុនឆៃ អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ​ក្នុង​ពេល​ចុះ​ជួប​សំណេះ​សំណា​ល​ជា​មួយ​សមាជិក​ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។។ @facebook

លោក ​ញឹក ប៊ុនឆៃ ​អតីត​​ឧបនាយក​រដ្ឋ​មន្ត្រី ​និង​​ជា​​អតីត​​ប្រធាន​​គណបក្ស​​ខ្មែរ​​រួប​រួម​​ជាតិ ​បាន​បង្ហាញ​​មុខ​ជា​​សាធារណៈ​​ជា​​លើក​ដំបូង​​នា​​ចុង​​សប្តាហ៍​​នេះ ​បន្ទាប់​ពី​​លោក​​ទើប​តែ​​ត្រូវ​បាន​​តុលាការ​ក្រុង​​ភ្នំពេញ​​ដោះ​លែង​​ឲ្យ​​នៅ​ក្រៅ​​ឃុំ​​បណ្តោះ​អាសន្ន ​កាល​ពី​​ចុង​ខែ​​មេសា​​កន្លង​ទៅ​។ ​លោក ​ញឹក ប៊ុនឆៃ ​ត្រូវ​បាន​​រង​​ការ​ចោទ​ប្រកាន់​ថា ​បាន​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​ការ​ផ​លិត​​គ្រឿង​ញៀន​​ដ៏​​ធំ​​មួយ​​នៅ​ក្នុង​​ខេត្ត​កំពង់ស្ពឺ កា​លពី​​ឆ្នាំ​២០០៧ ​។ ​លោក​​នឹង​ត្រូវ​​បោះ​ឆ្នោត​​ឲ្យ​​ធ្វើ​ជា​​ប្រធាន​​គណបក្ស​​ខ្មែរ​​រួប​រួម​​ជាតិ​​ជា​ថ្មី ​នៅ​ក្នុង​​សមាជ​​គណបក្ស​​មួយ ​ដែល​​គ្រោង​​ធ្វើ​​នៅ​​ចុង​​សប្តាហ៍​​ក្រោយ​។​ 


លោក ញឹក ប៊ុនឆៃ បាន​បង្ហាញ​មុខជា​សាធារណៈ តាមរយៈ​វេទិការ​ជួបជុំ​ជាមួយ​សមាជិក​​និង​អ្នកគាំទ្រ​របស់ខ្លួន នៅក្នុង​វេទិការ​ចំនួន២ ដែល​គេ​រៀបចំ​ធ្វើ​ឡើងជា​បន្ត​បន្ទាប់​​នៅ​ចុង​សប្តាហ៍​នេះ។

ស្ថិតនៅក្នុង​សម្លៀកបំពាក់​អាវ​ម៉ាក​ហ្គា​ម៉ែ​ល​ពណ៌​ប្រផេះ លោក ញឹក ប៊ុនឆៃ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី ២ មិថុនា​នេះ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​និង​អ្នកគាំទ្រ​ប្រមាណ​ជាង២០០នាក់ (២២០)។ ខេត្តបន្ទាយមានជ័យ គឺ​ជា​​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​អតីត​មេទ័ព​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ ហើយ​ជា​ខេត្ត​តែ​មួយ​គត់ ដែល​គណបក្ស​របស់លោក បានឈ្នះ​អាសនៈ​មេឃុំ​ចំនួន ១ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពី ខែមិថុនា ឆ្នាំមុន។ ដំណើរ​របស់លោក ញឹក ប៊ុនឆៃ ទៅកាន់​ខេត្តបន្ទាយមានជ័យ គឺ​បន្ទាប់ពី​លោក​បានធ្វើ​ដំណើ​តទៅ​កាន់​ខេត្ត​សៀម​រាប កាលពី​ថ្ងៃទី ១ មិថុនា។ នៅ​ខេត្តសៀមរាប ក្រៅតែពី​បាន​ជួប​សំណេះសំណាល​ជា​មួយ​​សមាជិក​សមាជិកា និង​អ្នកគាំទ្រ​ប្រមាណ១៥០នាក់ លោក ញឹក ប៊ុនឆៃ ក៏បាន​ធ្វើ​ពិធី​បួង​សួង​មួយ​នៅលើ​ភ្នំ​គូ​លេន​ផងដែរ។

គួរ​ជំរាបជូន​ថា ការបង្ហាញ​មុខជា​សាធារណៈ​របស់លោក ញឹក ប៊ុនឆៃ នៅពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​លោក​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨នេះ។ លោក ញឹក ប៊ុនឆៃ អតីត​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពីដើម​ខែសីហា​ឆ្នាំ២០១៧ ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ នៅក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ២០០៧ ។ យ៉ាងណាក៏ដោយ លោក នឹងត្រូវ​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជា​លើក​ទី២ តាមរយៈ​អង្គសមាជ​មួយ ដែល​គេ​គ្រោង​ធ្វើឡើង នៅ​ថ្ងៃទី ៩ ខែមិថុនា ខាងមុខ។ តាមច្បាប់ លោក ញឹក ប៊ុនឆៃ នៅតែ​អាចធ្វើ​នយោបាយ​បាន ប្រសិន​ណា​លោក​មិនទាន់​ត្រូវបាន​តុលាការ​កាត់ទោស​នៅឡើយ​នោះ។

ការចេញមុខ​របស់លោក ញឹក ប៊ុនឆៃ ដើម្បី​ប្រឡូក​ក្នុង​ឆាកនយោបាយ​កម្ពុជា​ជាថ្មី គឺ​ដើម្បី​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតជាតិ​ជ្រើស​តាំង​​តំណាងរាស្ត្រ​អាណត្តិ​ទី៦ នៅ​ថ្ងៃទី ២៩ ខែកក្កដា ខាងមុខ ខណៈ​អ្នកវិភាគ​បាន​មើល​ឃើញថា តួអង្គ​របស់លោក ញឹក ប៊ុនឆៃ នៅតែ​សំខាន់ ស្រប​ពេលដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា៕