rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​៖ ​GDP ​ជំនួស​លេខ​រៀង​បក្ស​ប្រឆាំង ​ខណៈ​បក្ស​កាន់​អំណាច​ធ្លាក់​ដល់​លេខ​រៀង​ទី​២០​

media
តំណាង ​គជប ​លើក​បង្ហាញ​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត ​ថ្ងៃទី ​២៩​ ឧសភា​ ឆ្នាំ ២០១៨​ ។​ @RFI

គណបក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន ​(GDP) ​បាន​​ស្ថិត​នៅ​​លេខ​​រៀង​ទី​៧​នៃ​​សន្លឹក​ឆ្នោត ​ដែល​ជា​​លេខ​​រៀង​​ចាស់​​របស់​​អតីត​​គណបក្ស​ប្រឆាំង ​ខណៈ​ដែល​​គណបក្ស​កាន់​អំណាច​​បាន​​ធ្លាក់​​ទៅ​ដល់​​លេខ​​រៀង​​ទី​២០​ក្នុង​ចំណោម​​គណបក្ស​នយោបាយ​​ទាំង​អស់​។ ​នេះ​​បើ​​យោង​តាម​​លទ្ធផល​​នៃ​​ការ​ចាប់​​ឆ្នោត​​កំណត់​​លំដាប់​​លេខ​​រៀង​​គណបក្ស​នយោបាយ​​ចំនួន ​២០ ​ដែល​​នឹង​ចូលរួម​​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​​ថ្ងៃទី ​២៩ ​ខែ​កក្កដា​​ខាង​មុខ​។ កា​រ​ចាប់​​ឆ្នោត​​កំណត់​​លំដាប់​​លេខ​​រៀង ​របស់​​គណបក្ស​នយោបាយ ​គឺ​​ដើម្បី​​ងាយ​ស្រួល​​ឲ្យ​​ប្រជាពល​រដ្ឋ​​ងាយ​ស្រួល​​គូស​​ឲ្យ​​គណបក្ស​​ដែល​​ខ្លួន​​ពេញ​ចិត្ត​។ 


ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​នៅថ្ងៃនេះ គឺ​ធ្វើ​ឡើង​​ដោយ​សម្តេចព្រះ​មហាសង្ឃរាជ​កម្ពុជា​ទាំងពីរ​គណៈ នៅ​ចំពោះមុខ​អ្នក​សារព័ត៌​មាន​​ជាតិ​​និង​​អន្តរជាតិ ​អ្នកសង្កេតការណ៍ រួមទាំង​តំណាង​គណបក្សនយោបាយ​ទាំង​អស់។

ផ្អែក​តាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅ​ថ្ងៃ​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក ញឹក ប៊ុនឆៃ ស្ថិតនៅ​លេខ​រៀង​ទី១, គណបក្ស​មាតុ​ភូមិ​​យើង​នៅ​លេខ​រៀង​ទី២, គណបក្ស​ពន្លឺ​ថ្មី នៅ​លេខ​រៀង​ទី៣ គណបក្ស​សញ្ជាតិ​កម្ពុជា​ នៅ​លេខ​រៀង​ទី៤ គណបក្ស​ខ្មែរ​ក្រោក​នៅ​លេខ​រៀង​ទី៥ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ នៅ​លេខ​រៀង​ទី៦, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) នៅ​លេខ​រៀង​ទី៧, គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​នៅ​លេខ​រៀង​ទី៨, គណបក្ស​រស្មី​ខេមរា នៅ​លេខ​រៀង​ទី៩, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក ខឹម វាសនា នៅ​លេខ​រៀង​ទី១០, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​នៅ​លេខ​រៀង​ទី១១, គណបក្ស​ខ្មែរ​ឈប់​ក្រ នៅ​លេខ​រៀង​ទី១២, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ នៅ​លេខ​រៀង​ទី១៣, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​លេខ​រៀង​ទី១៤, គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ នៅ​លេខ​រៀង​ទី១៥, គណបក្ស​ធម្មាធិបតេយ្យ​នៅ​លេខ​រៀង​ទី១៦, គណបក្ស​ឆ​ន្ទះ​ខ្មែរ ជា​គណបក្ស​ថ្មី​ដែល​ទើប​បង្កើតឡើង​ដោយ​កូនប្រុស​ពៅ​របស់លោក គង់ គាំ ស្ថិតនៅ​លេខ​រៀង​ទី១៧ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​នៅ​លេខ​រៀង​ទី១៨, គណបក្ស​ខ្មែរ​តែមួយ ជា​គណបក្ស​ថ្មី​បង្កើតឡើង​ដោយ​ប្អូនប្រុស​របស់លោក កែម ឡី នៅ​លេខ​រៀង​ទី១៩ និង​ចុងក្រោយ​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅ​លេខ​រៀង​ទី ២០ ។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី២០ គឺជា​លេខ​រៀង​ដែលមាន​ហុងស៊ុយ​ល្អ ដែល​ប្រជាពលរដ្ឋ​ងាយស្រួល​ចងចាំ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សំណេរ​នៅលើ​គណនី​យ​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក ភ្លាមៗក្រោយពី​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅថ្ងៃនេះ។

គួរ​ជំរាបជូន​ថា ក្រោយពី​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នេះហើយ គជប នឹង​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន ១០.៥២៥.៦៥០ សន្លឹក ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូ​ចំនួន ៣២៩.២០០សន្លឹក។ សន្លឹកឆ្នោត​មួយ​សន្លឹក តម្លៃ ៩០០រៀល។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ គជប លោក ឌឹ​ម សុ​វណ្ណា​រុំ។ សូមបញ្ជាក់ថា ការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី ២៩ ខែកក្កដា ខាងមុខ ដោយមាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាង ៨.៣ លាន​នាក់៕