rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ជម្លោះដីធ្លី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​​ពី​​ខេត្ត​កោះកុង ​យល់​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ ​បន្ទាប់​ពី​មាន​ការ​សន្យា​ដោះ​ស្រាយ​

media
ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​ជាង​៣០០​គ្រួសារ​មក​ពី​ខេត្ត​កោះ​កុង​ បាន​ឡើង​មក​តវ៉ា​ដល់​ទី​ក្រុង​ភ្នំពេញ​។ @facebook

ប្រជាពលរដ្ឋ​​ជាង​៣០០​គ្រួសារ ​ដែល​មាន​​ទំនាស់​​ដីធ្លី​​ជា​មួយ​​ក្រុមហ៊ុន​​ចំនួន ​២ ​នៅ​​ខេត្ត​កោះកុង​​បាន​សម្រេច​​ចិត្ត​​វិល​​ត្រលប់​​ទៅ​ផ្ទះ​​វិញ ​កាល​ពី​​ថ្ងៃទី ​១៨ ​ឧសភា ​បន្ទាប់​ពី​​ក្រសួង​​រៀប​ចំ​​ដែន​ដី​​នគរូប​នីយកម្ម ​និង​​សំណង់ ​បាន​​សន្យា​ថា ​នឹង​​ចុះ​ទៅ​​ដោះ​ស្រាយ​​បញ្ចប់​​ជម្លោះ​​របស់​​ពួកគេ​​នៅ​​ដើម​​សប្តាហ៍​​ក្រោយ​នេះ​។ ​ការ​សន្យា​​បាន​ធ្វើ​​ឡើង ​ក្រោយ​ពី​​ប្រជា​ពល​រដ្ឋ​​ទាំង​នោះ ​បាន​​ឡើង​មក​​តវ៉ា​​ដល់​ទី​ក្រុង​ភ្នំពេញ ​អស់​​រយៈ​ពេល​​ជា​ច្រើន​​ថ្ងៃ​។  


ផ្អែក​តាម​សេចក្តីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី ១៨ ឧសភា ក្រសួង​នេះ​បាន​អះអាងថា ខ្លួន​នឹង​ចាត់​ក្រុមការងារ​ចុះទៅ​ដោះស្រាយ​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជិត៥០០គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​នៅក្នុង​ខេត្ត​កោះ​កុង ​នៅ​ចុង​សប្តាហ៍​នេះ។ សេចក្តីប្រកាស​នេះ​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​ដែល​មាន​​ការពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ចាប់ពី​ថ្ងៃទី២១ ឧសភា រហូត​រួចរាល់​ជា​ស្ថាពរ ដើម្បី​ឈាន​ទៅ​ដល់​​ការដោះស្រាយ​បញ្ចប់ទំនាស់​តែម្តង។

ការសន្យា​នេះ បានធ្វើ​ឡើង​ដោយ​ផ្អែក​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ៣១៦ គ្រួសារ ស្ថិត​នៅ​ស្រុកស្រែ​អំបិល​និង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង និង​ប្រជាពលរដ្ឋ​១៧០​គ្រួសារ​​ទៀត ស្ថិតនៅ​ក្នុងស្រុក​ស្រែអំបិល ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation ​និង​ក្រុមហ៊ុន Koh Kong Sugar Industry របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ សហការ​ជាមួយ​ក្រុមការងារ​នេះ ដើម្បី​ឈានទៅ​ដោះ​ស្រាយ​​បញ្ចប់​ជម្លោះដីធ្លី ដែល​បានអូសបន្លាយ​ពេល​ជិត១០ឆ្នាំ​មកនេះ។

គួរ​ជំរាបជូន​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាង៣០០គ្រួសារ​មកពី​ខេត្តកោះកុង បាន​ឡើង​មក​​តវ៉ា​​ដល់ទី​ក្រុងភ្នំពេញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​ដោយ​មិន​ព្រម​វិល​ត្រលប់​ទៅផ្ទះ​វិញ​ជាដាច់ខាត បើទោះបីជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប៉ុនប៉ង​រារាំង និង​ចា​ប់ប​ញ្ជួ​ន​ពួកគេ​ឲ្យ​វិល​ត្រលប់​ទៅផ្ទះ​វិញ​ក្តី។ ការតវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ កាន់​តែមាន​សន្ទុះ​ខ្លាំងឡើងៗ កាលពី​ថ្ងៃទី ១៨ ឧសភា ដោយបាន​ទម្លុះ​រនាំង​របស់​កងក​ម្លាំ​ង​មាន​សមត្ថកិច្ច នៅមុខ​វត្ត​សាមគ្គី​រង្ស៊ី ក្រុងភ្នំពេញ ជាទី​ដែល​ពួកគេ​បាន​ស្នាក់អាស្រ័យ។ ការ​រុញច្រាន​គ្នា ដែល​បាន​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​មួយ​ប្រាវ​ជាមួយ​កំលាំង​សមត្ថកិច្ច ដែល​បណ្តាល​ឲ្យ​ទារក​អាយុ​បី​ខែ​ម្នាក់ បាន​ធ្លាក់​ទៅ​លើដី​សន្លប់ភ្លាមៗនៅនឹងកន្លែង ហើយ​ស្ត្រី​ម្នាក់ទៀត​បាន​រងរបួស​ជា​ទម្ងន់។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅ​ទីបំផុត​ទៅ ពួកគេ​បានសម្រេច​ចិត្ត​វិល​ត្រលប់​ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​ទទួលបាន​ការសន្យា​ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ មួយ​នេះ។

សូមបញ្ជាក់ថា ការតវ៉ា​នៅក្នុង​ជម្លោះដីធ្លី​នៅក្នុង​ទីក្រុង​ភ្នំពេញ ហាក់​កំពុងមាន​សន្ទុះ​ផុសផុល​ឡើង​នៅ​ប៉ុន្មាន​ខែ​មកនេះ ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោតជាតិ ដែល​នឹង​ធ្វើឡើង​នៅ​ខែកក្កដា​ខាងមុខ ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​នោះឡើយ។ កាលពី​ថ្ងៃទី ១៦ ឧសភា​កន្លងទៅ ប្រជាពលរដ្ឋ​ដែល​អះអាងថា មាន​ជម្លោះដីធ្លី​មកពី​ខេត្តក្រចេះ ក៏បាន​ឡើងមក​តវ៉ា​ដល់ទី​ក្រុងភ្នំពេញ​ដែរ ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​ពួកគេ ត្រូវបាន​ចាប់​ប​ញ្ជួ​ន​​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ ដោយ​រងចាំ​ការដោះស្រាយ​ពី​អាជ្ញាធរខេត្ត៕