rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ជប៉ុន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ ​ដោយ​​ភ្ជាប់​​នូវ​​ប្រាក់​​ជំនួយ​​និង​​កំចី​​រាប់​​លាន​ដុល្លារ​​

media
រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន ​លោក​ តារ៉ូ កូណូ ​(Taro Kono) ​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ​នៅ​ថ្ងៃអាទិត្យ​ ទី​ ៨​ មេសា ​ចុង​សប្តាហ៍នេះ​។ @សហការី

រដ្ឋ​មន្ត្រី​ការបរទេស​​ជប៉ុន ​លោក ​តា​រ៉ូ កូ​ណូ (Taro Kono) ​នឹង​​អញ្ជើញ​​មក​​បំពេញ​​ទស្សន​កិច្ច​​​ជា​​ផ្លូវ​ការ​​នៅ​​កម្ពុជា ​នា​​ថ្ងៃ​អាទិត្យ​​ចុង​​សប្តាហ៍​​នេះ ​ដើម្បី​​ពង្រឹង​​ទំនាក់ទំនង​​ទ្វេភាគី​ ​និង​​ដើម្បី​​​អបអរ​សាទរ​​​ខួប ​​៦០​​ឆ្នាំ ​​នៃ​​​ការ​​បង្កើត​​​ទំនាក់ទំនង​​​ការ​ទូត​​​រវាង​​ប្រទេស​​​ទាំង​ពីរ​​។ ​ដំណើរ​​ទស្សនកិច្ច​​នេះ ​គឺ​​ចំ​ពេល​ដែល​​ព្រះ​មហាក្សត្រ​​កម្ពុជា ​បាន​​យាង​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​​ប្រទេស​​ជប៉ុន​​ចាប់​ពី​​ថ្ងៃទី​៦ ​ដល់​​ថ្ងៃទី​៩ ​មេសា ​ហើយ​​ជា​​អ្វី​ដែល​​អ្នក​​វិភាគ​​​បាន​​លើក​ឡើង​ថា ​ជា​​សញ្ញា​​ល្អ​​ដែល​​ប្រទេស​​ជប៉ុន​​នឹង​​ដើរ​តួនាទី​​ជា​​អ្នក​​​សម្រប​​សម្រួល​​ជម្លោះ​​នយោបាយ​​នៅ​​កម្ពុជា​។  


បើ​គ្មាន​ការប្រែប្រួល​ទេ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តា​រ៉ូ កូ​ណូ ( Taro Kono) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី ៨ មេសា ចុង​សប្តាហ៍​​នេះ ដោយបាន​នាំមក​នូវ​ប្រាក់កំចី​ដែលមាន​ការប្រាក់​ទាប និង​ជំនួយ​ឥត​សំណង រាប់សិប​លាន​ដុល្លារ​អាមេរិក​ផង។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុ​ជា នៅ​ល្ងាច​ថ្ងៃទី៦មេសា​នេះ។

បើតាម​សេចក្តីប្រកាស​នេះ នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក តា​រ៉ូ កូ​ណូ (Taro Kono) នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​វិមាន​សន្តិភាព និង​ចូលជួប​ពិភាក្សា​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ផងដែរ។ ក្រៅពីនេះ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះ​រួមមាន៖ ទី១.ការចុះហត្ថលេខា លើ​កំណត់ហេតុ​ស្តីពី ហិរញ្ញប្បទាន​ឥត​សំណង ឬ ជំនួយឥតសំណង​មកដល់​ប្រទេស​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់ ៥០០លាន​យ៉េន ឬ​ប្រហាក់ប្រហែល​ជាង ៤.៦ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា និង​ទី២. គឺ​ឥណទាន​សម្បទាន ឬ​កំចី​ដែលមាន​ការប្រាក់​ទាប​ប្រមាណ​ជា ៩.២១៦ លាន​យ៉េន ឬ​ប្រមាណ​ជិត ៨៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី។ សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន​កត់សំគាល់ថា ឆ្នាំ២០១៨នេះ គឺជា​ខូ​ប​អនុស្សាវរីយ៍​លើក​ទី៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​ផង។

គួរ​ជំរាបជូន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នៅ​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង ចំពេល​ដែល​ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បាន​យាង​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៩ មេសា ដើម្បី​ចូលរួម​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​នៅក្នុង​ប្រទេស​ជប៉ុន។

ទោះយ៉ាងណា​ក្តី លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ចាត់ទុកថា ការយាង​ទៅ​ប្រទេស​ជប៉ុន​របស់​ព្រះមហាក្សត្រ​កម្ពុជា​នៅពេលនេះ គឺជា​សញ្ញា​ល្អ​សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ជប៉ុន ក៏ដូចជា​សម្រាប់​ឱកាស​នៃ​ការលើក​កំពស់​តួនាទី​របស់​ជប៉ុន នៅក្នុង​ការជួយ​ដល់​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ផង។ មានន័យថា ប្រទេស​ជប៉ុន នឹង​ដើរតួនាទី​សំខាន់ ក្នុងការ​សម្របសម្រួល​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​ស្រប​ពេលដែល​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ៕