អានតួអត្ថបទ
កម្ពុជា-ចិន

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ផ្ញើ​សារ​អបអរ​សាទរ​លោក ​ស៊ី ​ជីនពីង​ បន្ត​ធ្វើ​ជា​ប្រធានាធិបតី​ជា​ថ្មី​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃទី ​១៧ ​មីនា ​បាន​​ផ្ញើ​សារ​​អបអរសាទរ​​លោក ​ស៊ី ​ជីន​ពីង ​ដែល​​ទើប​តែ​​ត្រូវ​បាន​​សភា​​ប្រជាជន​​ចិន​​សម្រេច​​បោះឆ្នោត​​ជា​​ឯក​ច្ឆ័​ន ​ឲ្យ​​បន្ត​​ធ្វើ​ជា​​ប្រធានាធិបតី​​ចិន​​អាណត្តិ​​ថ្មី​​ទៀត​។ ​លោក ​ហ៊ុន សែន ​បាន​​គូស​បញ្ជាក់​ថា ​លោក​​បាន​​ត្រៀម​ខ្លួន​​រួច​ហើយ ​ដើម្បី​​បន្ត​ធ្វើ​​ការងារ​​យ៉ាង​​ជិត​ស្និទ​​ជា​មួយ​​លោក ​ស៊ី ជីន​ពីង ​ខណៈ​​អ្នក​វិភាគ​​ប្រចាំ​​តំបន់​​បាន​​មើល​ឃើញ​ថា ​ទំនាក់ទំនង ​កម្ពុជា​-​ចិន ​នឹង​​បន្ត​​រឹងមាំ​​នៅ​ក្នុង​​រយៈពេល​១០​ឆ្នាំ​​ទៅ​មុខ​ទៀត​។  

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៃ​កម្ពុជា និង​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៃ​កម្ពុជា និង​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន News.CN
ផ្សាយពាណិជ្ជកម្ម

គឺ​បន្ទាប់ពី​សភា​ប្រជាជន​ចិន បានសម្រេច​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ឲ្យ​លោក ស៊ី ជីន​ពីង បន្ត​ធ្វើជា​ប្រធានាធិបតី​ចិន​ជាថ្មី កាលពី​ថ្ងៃទី ១៧ មីនា​រួចមក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​អបអរសាទរភ្លាមៗដែរ។ ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី ដែល​កំពុង​ប្រព្រឹត្តទៅ​នៅឯ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​បន្តធ្វើ​ការងារ​ជាមួយ​លោក ស៊ី ជីន​ពីង ក្នុង​ភាពជិតស្និទ្ធ ដើម្បី​ពង្រឹង​មិត្តភាព និង​លើកស្ទួយ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ឲ្យ​ឈានឡើង​ខ្ពស់​មួយកម្រិត​ថែមទៀត។ នៅក្នុង​សារលិខិត​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ល្អប្រសើរ និង​មាន​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ ហើយ​កំពុង​រីកចម្រើន​លើ​វិស័យ​នានា​ជាច្រើន​ទៀត។ ហើយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ដ៏​មមាញឹក​នៃ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ក្នុង​បណ្តា​ឆ្នាំថ្មីៗនេះ វា​បាន​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត នូវ​ស្មារតី​សាមគ្គីភាព​រវាង​ប្រជាជាតិ​ទាំងពីរ។ នេះ​បើតាម​សារលិខិត​របស់លោក ហ៊ុន សែន។

គួរ​ជំរាបជូន​ថា នៅ​មួយ​សប្តាហ៍ បន្ទាប់ពី​សភា​ប្រជាជន​ចិន​បានអនុម័ត​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយបាន​លប់ចោល​នូវ​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ចិន តែ២អាណត្តិ​មក​នោះ នៅ​ថ្ងៃ​សៅរ៍ ទី១៧ មីនា សភា​ប្រជាជន​ចិន​ដដែល ក៏បាន​សម្រេច​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ក្នុង​សំឡេង ២៩៧០ តែងតាំង លោក ស៊ី ជីន​ពីង ឲ្យ​បន្ត​តំណែង​ធ្វើជា​ប្រធានាធិបតី​ចិន​អាណត្តិ​ថ្មី​បន្តទៀត។ តាមរយៈ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ចិន លោក ស៊ី ជីន​ពីង អាចធ្វើ​ប្រធានាធិបតី​ចិន​អស់​មួយជីវិត។

លោក​ឈាង វណ្ណ​រិ​ទ្ធ នាយករង​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ បានចាត់ទុក​លិខិត​អបអរសាទរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ថា មិនមែន​ត្រឹមតែ​ជា​លិខិត​បែប​ការទូត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល​ផងដែរ។ អ្នកវិភាគ​ប្រចាំ​តំបន់​រូបនេះ បាន​មើលឃើញថា ទំនាក់ទំនង កម្ពុជា-ចិន នឹង​បន្ត​រឹងមាំ​នៅក្នុង​រយៈពេល១០ឆ្នាំ​ទៅមុខទៀត។ ពោលគឺ​បន្ទាប់ពី​ការប្តេជ្ញាចិត្ត​កាន់អំណាច១០ឆ្នាំ​ទៅមុខទៀត​របស់លោក ហ៊ុន សែន និង​ការបន្ត​ពង្រឹង​កាន់អំណាច​របស់លោក ស៊ី ជីន​ពីង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ