rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ​ហ៊ុន សែន ​រិះគន់​មេ​បក្ស​មួយ ​ជុំវិញ​គោល​នយោបាយ​បណ្តេញ​ជន​អន្តោប្រវេសន៍​ពី​កម្ពុជា​

media
រូបភាព​៖ ជនអន្តោប្រវេសន៍​ដែល​ឃាត់​​ខ្លួន​​នា​​ពេល​​កន្លង​​មក​។ @RFI

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ៦ ខែមិថុនា នេះ​បាន​រិះគន់​ទៅលើ​ប្រធាន​គណបក្សនយោបាយ​មួយ ដែល​ដាក់ចេញ​គោលនយោបាយ​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញពី​កម្ពុជា ដោយ​ប្រើពេល​ត្រឹមតែ៨ថ្ងៃ។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី នេះ​គឺជា​គោលនយោបាយ​ជ្រុលនិយម។ 


ខណៈពេលដែល​គណបក្ស​នយោបាយ​ចំនួន ២០ ត្រៀម​បញ្ចេញ​គោលនយោបាយ​របស់​ខ្លួន ដើម្បី​ចូលរួម​ឃោសនា​បោះឆ្នោតជាតិ​នៅពេល​ខាងមុខនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​រិះគន់​គណបក្សនយោបាយ​មួយ​ថា បានដាក់​ចេញ​គោល​នយោបាយ​បែប​ជ្រុលនិយម។ ជ្រុលនិយម ដោយសារតែ​គណបក្ស​ដែល​ទើប​បង្កើត​ឡើង​​ថ្មី​មួយ គឺ​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ បានដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងអស់​ចេញពី​ប្រទេស​កម្ពុជា ដោយ​​សន្យា​ប្រើពេល​ត្រឹមតែ៨ម៉ោង មិនមែន៨ថ្ងៃ​នោះទេ ប្រសិនបើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត។

បញ្ហា​ជនអន្តោប្រវេសន៍ គឺជា​រឿង​រសើប​នៅលើ​ឆាកនយោបាយ​នៅ​កម្ពុជា។ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា គណិតវិទ្យា​របស់ ប៉ុល ពត នេះ មិនអាច​ធ្វើ​ទៅរួច​នោះទេ។ ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ឡើង នៅ​ពេល​ដែល​លោក​បាន​ជួប​សំណេះសំណាល់​ជាមួយ កម្មករ-កម្ម​ការ​នី ប្រមាណ២ពាន់​នាក់​ មកពី​រោងចក្រ សហគ្រាស ចំនួន៨ ស្ថិត​ក្នុង​ភូមិ​រវាង ឃុំ​ថ្នល់​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី ៦ មិថុនា​នេះ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ពេជ្រ ស្រស់ បាន​ពន្យល់ថា គោលនយោបាយ​របស់ខ្លួន គឺ​ត្រឹមត្រូវ ហើយ​លោក​នឹងមិន​ផ្លាស់ប្តូរ​ទេ បើទោះបីជា​រង​ការរិះគន់​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្តី។ លោក ពេជ្រ ស្រស់ បាន​ពន្យល់ថា ការបណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​កម្ពុជា គឺធ្វើឡើង​តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដែល​មានចែង​នៅក្នុង​ចំណុច​​ទី៥​នៃ​កម្មវិធី​គោលនយោបាយ​របស់ខ្លួន។

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នៅ​ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ខាងមុខនេះ ដោយមាន​ការចូលរួម​ពី​គណបក្សនយោបាយ​ចំនួន ២០ ។ គណបក្សនយោបាយ​ទាំងអស់ នឹង​ចាប់ផ្តើម​ឃោសនា​ពី​កម្មវិធី​នយោបាយ​របស់ខ្លួន នៅពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ផ្លូវការ​ចាប់ផ្តើម ពីថ្ងៃ​ទី ៧ ដល់​ថ្ងៃទី ២៧ ខែកក្កដា ខាងមុខ៕