អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការ​បរទេស​ប្រកាស​ឥត​កែ​ប្រែ​ដំណើរ​ទស្សនកិច្ច​លោក ​ហ៊ុន សែន ​ទៅ​អូស្ត្រាលី ​បើ​ទោះ​បី​ជា​មាន​បាតុកម្ម​ប្រឆាំង​

ក្រសួង​ការបរទេស​​ក​ម្ពុ​ជា ​នៅ​ថ្ងៃទី ​១២ ​មីនា​​នេះ ​បាន​ប្រកាស​​ពី​​ដំណើរ​​ទស្សនកិច្ច​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ទៅ​កាន់​​ប្រទេស​​អូស្ត្រាលី ​ដើម្បី​​ចូលរួម​​កិច្ច​ប្រជុំ​​កំពូល​​ពិសេស​​អាស៊ាន​-​អូស្ត្រាលី ​ដែល​​នឹង​​ធ្វើ​ឡើង​​ចុង​​សប្តាហ៍​​នេះ​។ ​ដំណើរ​​របស់​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា ​នៅ​​អូស្ត្រាលី ​គឺ​​ចំពេល​​ដែល​មាន​​ក្រុម​​ពលរដ្ឋ​​ខ្មែរ​​ដែល​​ត្រៀម​​ទទួល​​ស្វាគមន៍ ​និង​​ក្រុម​​ពលរដ្ឋ​​ខ្មែរ​​ដែល​​ត្រៀម​​ធ្វើ​បាតុកម្ម​​ប្រឆាំង​​ផង​ដែរ​។​

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​នៅព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៨​
លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​នៅព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៨​ @PM Hun Sen Facebook Page
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ការប្រែប្រួល​ទេ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​​​​ជាន់​ខ្ពស់​​កម្ពុជា​ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​​-​អូស្ត្រាលី ​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែមីនា ខាងមុខនេះ បើទោះបីជា​មានការ​គំរាម​ធ្វើបាតុកម្ម​ប្រឆាំង​យ៉ាងណាក្តី។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull)។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា។

គួរ​ជំរាបជូន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​អូស្ត្រាលី​នេះ ហាក់​កំពុង​ជួប​ភាពចម្រូងចម្រាស់។ ចម្រូងចម្រាស់​ដោយសារ​តែ មាន​សហគមន៍​ខ្មែរ​មួយក្រុម​បានប្រកាស​ស្វាគមន៍ តែមាន​សហគមន៍​ខ្មែរ​មួយក្រុម​ទៀត បានប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង។ តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ចុះ​ថ្ងៃទី ១២ មីនា​នេះ សហគមន៍​ខ្មែរ​មួយក្រុម​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​ចំនួន៧ មកពី​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ បានប្រកាស​គាំទ្រ និង​ស្វាគមន៍​ដំណើរ​ទៅដល់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បានប្រកាស​ថ្កោលទោស​ចំពោះ​ក្រុមប្រឆាំង។ ប៉ុន្តែ​ផ្ទុយ​ពីនេះ សហគមន៍​ខ្មែរ​មួយក្រុម​ទៀត​ដឹកនាំ​ដោយ​លោក ហុង លីម សមាជិក​រដ្ឋសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ និង​ដោយមាន​ការចូលរួម​ពី​ភរិយា​សព​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ផង បានប្រកាស​ឲ្យ​មានការ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន នៅ​អូស្ត្រាលី​នេះ។

យ៉ាងណាក៏ដោយ តាម​គម្រោង នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូស្ត្រាលី ស្តីពី កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ។ ក្រៅពីនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ប្រជុំ​​ទ្វេរ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត។ បន្ទាប់ពីនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏មាន​គម្រោង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី រួមជាមួយ​និស្សិត និង​អតីត​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​និង​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី​ផងដែរ។

សូម​បញ្ជាក់ដែរថា អមដំណើរ​ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ឱម យ៉ិនទៀង អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​សមាជិក-សមាជិការ​រដ្ឋាភិបាល មួយចំនួនទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ