rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​ការងារ​ចេញ​ប្រកាស ​ស្តីពី ​លក្ខខណ្ឌ​សម្រាប់​អ្នក​បម្រើ​ការ​ងារ​តាម​ផ្ទះ ​ចំពេល​ផ្ទុះ​ករណី​ហិង្សា​លើ​ក្មេង​ស្រី​ម្នាក់​

media
ក្មេង​​ស្រី​​វ័យ​​១៦​​ឆ្នាំ ​​ដែល​​រង​​ការ​​វាយ​​ធ្វើ​​បាប​​ពី​​ស្រ្តី​​ម្ចាស់​​ផ្ទះ ​នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ ​​ត្រូវ​បាន​ជួយ​សង្រ្គោះ​។​ @facebook

ក្រសួង​​ការងារ ​និង​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ ​កាល​ពី​​ថ្ងៃទី ​២៩ ​ឧសភា ​បាន​ចេញ​​ប្រកាស​​មួយ ​ស្តីពី ​លក្ខខណ្ឌ​​ការងារ​​សម្រាប់​​កម្មករ​​ការងារ​​ផ្ទះ​។ ​អ្វី​​ជា​កា​រ​​កត់​សំគាល់ ​ប្រកាស​​របស់​​ក្រសួង​​ការងារ​​នៅ​ពេល​នេះ ​បាន​កើត​​ឡើង​​ជួន​​ចំពេល​​ដែល​មាន​​ផ្ទុះ​​ករណី​​ហិង្សា​​ពី​​ស្ត្រី​​ម្ចាស់​ផ្ទះ​​ម្នាក់​​ទៅ​លើ​​ក្មេង​ស្រី​​ជា​​កម្មករ​​បម្រើ​​ការងារ​​តាម​​ផ្ទះ​។ ​បច្ចុប្បន្ន​​ស្ត្រី​​រូប​នោះ ​កំពុង​​ត្រូវ​បាន​​បញ្ជូន​​ខ្លួន​​ទៅ​កាន់​​តុលាការ​ក្រុង​​ភ្នំពេញ ​ដើម្បី​​ចាត់​កា​រ​​តាម​​នីតិវិធី​​ច្បាប់​។  


ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន១៥ប្រការ ដែល​បានចែង​លំ​ម្អិ​ត​អំពី​ការការពារ​សិទ្ធិ​របស់​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ រួមទាំង​ការផ្តល់​សិទ្ធិ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដូចគ្នា​នឹង កម្មករ-កម្មការិនី ដែល​បំរើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាសផ្សេងៗដែរ។ ប្រការ៤នៃ​ប្រកាស​របស់​ក្រសួង​ការងារ​បានចែង​ថា កម្មករ​ការងារ​ផ្ទះ ត្រូវមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង។ ហើយ​បើ​ក្មេង​អាយុ​ចាប់ពី១៥ឆ្នាំ​ដល់​ក្រោម១៨ឆ្នាំ អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​ណា​ដែលស្រាលៗនិង​មិនមាន​លក្ខណៈ​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ ប៉ះពាល់​ដល់​សុខភាព​ឡើយ។ ប្រកាស​នេះ ក៏មាន​ចែង​ពី​កាតព្វកិច្ច​របស់​ម្ចាស់ផ្ទះ និង​កម្មករ​ការងារ​ផ្ទះ ដែល​មានចែង​នៅក្នុង​ច្បាប់​ការងារ​របស់​កម្ពុជា ពិសេស​ទាក់ទង​នឹង​អត្ថប្រយោជន៍ ការឈប់​សម្រាក​ប្រចាំ​សប្តាហ៍ និង​ការទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​ការងារ​ជាដើម។ ប្រការ១៤នៃ​ប្រកាស​នេះ បាន​ចែងថា អ្នកប្រព្រឹត្ត​ល្មើស​ទៅនឹង​ប្រកាស​នេះ ត្រូវ​ទទួល​ការផាកពិន័យ ឬ​ផ្តន្ទាទោស​ដូច​មាន​ចែង​​ក្នុង​​ច្បាប់ និង​បទបញ្ជា​ជា​ធរមាន។

គួរ​ជំរាបជូន​ថា នេះ​គឺជា​លើក​ទី១ហើយ ដែល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ប្រកាស​ស្តីពី លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ការងារ​ផ្ទះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​បង្កើត​យន្តការ​មួយ ដើម្បី​ការពារ​ដល់​កម្មករ​ដែ​ល​បម្រើ​ការងារ​តាម​ផ្ទះ។ បន្ថែម​លើ​ការកត់សំគាល់​នេះ ការចេញ​ប្រកាស​​របស់​ក្រសួង​ការងារ​នៅពេលនេះ បានកើត​ឡើង ចំពេល​ដែលមាន​ផ្ទុះ​ករណី​ហិង្សា​ពី​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់ ដែល​បាន​វាយ​ធ្វើបាប​ទៅលើ​ក្មេងស្រី​អាយុ១៦ឆ្នាំ ដែលជា​កូន​ឈ្នួល​​របស់ខ្លួន។ បច្ចុប្បន្ន​ស្ត្រី​ជនជាតិ​វៀតណាម​កាត់​ចិន ដែល​គេ​ស្គាល់​ឈ្មោះថា ម៉េង រ័ត្ន​ពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ រស់នៅ​ខណ្ឌ​ពោធិ៍​សែន រាជធានី​ភ្នំពេញ កំពុង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​ស្វាគមន៍​​ចំពោះ ការបង្កើត​យន្តការ​រ​បស់​ក្រសួង​ការងារ​នេះ ប៉ុន្តែ​លោក​យល់ថា វា​មិន​ទាន់​​គ្រប់គ្រាន់​ទេ។ សម្រាប់​លោក អំ សំអាត លោក​ចង់​ឲ្យ​មានការ​បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​​ការពារ​លើ​កម្មករ​ការ​ងារ​ផ្ទះ​នេះ​តែម្តង៕