rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​ការ​បរទេស​កម្ពុជា​ថ្កោល​ទោស​លោក​ សម រង្ស៊ី ​ដែល​អំពាវ​នាវ​ឲ្យ​កង​ទ័ព​និង​ប្រជាជន​ងើប​បះបោរ​

media
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​កម្ពុជា​។ @FB

អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​​កម្ពុ​ជា ​កាល​​ពី​ថ្ងៃទី ​០៩ ​កុម្ភៈ ​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ ​ដោយ​បាន​​ថ្កោលទោស​​ចំពោះ​​ការ​អំពាវ​នាវ​​របស់​លោក ​សម រង្ស៊ី ​ឲ្យ​​ប្រជាជន​​និង​​កង​​ទ័ព​​​ងើប​​បះបោរ​​ដើម្បី​​ប្រឆាំង​នឹង​​រដ្ឋាភិបាល​​កម្ពុជា​។ ​សម្រាប់​​ក្រសួង​ការបរទេស ​ការ​​អំពាវ​​នាវ​​​នេះ ​គឺ​​គ្រាន់​តែ​​ជា​ការ​​អុចអាល ​និង​​ញុះញង់ ​ដើម្បី​​តែ​​មហិច្ឆតា​​ចង់​បាន​​អំណាច​​របស់​ខ្លួន​​តែ​​ប៉ុណ្ណោះ​។ ​ជា​មួយ​គ្នា​នេះ ​សេចក្តី​ថ្លែង​ការណ៍​​ក៏​បាន​​ប្រកាស​​ដែរ​​ថា​ រដ្ឋាភិបាល​​ក្រុង​​ភ្នំពេញ ​នឹង​​ប្រឆាំង​​ដាច់​ខាត​ រាល់​​ការ​ប៉ុនប៉ង​​ធ្វើ​​អន្តរាគមន៍​​ពី​​ភាគី​​ទី​៣ ​ទោះ​​ក្នុង​តម្លៃ​​ណា​​ក៏​​ដោយ​​។ 


តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ចុះ​ថ្ងៃទី ០៩ កុម្ភៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ចាត់ទុកថា ការអំពាវនាវ​របស់​លោក សម រង្ស៊ី គឺ​គ្រាន់តែ​ជាការ​អុចអាល និង​ញុះញង់ ដើម្បី​តែ​មហិច្ឆតា​ចង់បាន​អំណាច​របស់ខ្លួន​តែប៉ុណ្ណោះ។ សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន​កត់សំគាល់ថា នៅ​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ លោក សម រង្ស៊ី ដែលជា​ទណ្ឌិត​ជនជាតិខ្មែរ​មាន​សញ្ជាតិ​បរទេស បានធ្វើការ​អំពាវនាវ​ឥតឈប់ឈរ ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ចោទសួរ​ពី​ធម្មានុរូប​ភាព ឬ​ភាពស្របច្បាប់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ និង​ប្រជាជន ងើប​បះបោរ​ប្រឆាំង​រដ្ឋា​ភិបាល​កម្ពុជា។

គួរ​ជំរាបជូន​ថា នៅក្នុង​សេចក្តីអំពាវនាវ​ចុងក្រោយ​របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី០៨ កុម្ភៈ ​លោក សម រង្ស៊ី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​​ឱ្យ​ត្រៀមខ្លួន​ចូលរួម​ជាមួយ​លោក ដើម្បី​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​​កម្ពុជា​ក្នុង​ឆ្នាំ២០១៩នេះ។ តាមរយៈ​ការអំពាវនាវ​នោះ លោក សម រង្ស៊ី សុំឱ្យ​ពលរដ្ឋ​​ខ្មែរ​ទាំងអស់​ត្រៀមខ្លួន​ធ្វើការ​តស៊ូ​ជាមួយ​លោក ដើម្បី​ទាមទារ​យកមក​វិញ​នូវ ដីធ្លី ស្រែ ចំការ និង​ផ្ទះសម្បែង​ដែល​លោក​សម រង្ស៊ី បាន​អះអាងថា អាជ្ញាធរ​ពុករលួយ និង​ឈ្មួញ​ខិលខូច​បាន​ប្លន់​យក​ពី​ប្រជារាស្ត្រ​ក្រីក្រ និង​ទន់ខ្សោយ។ ជាមួយគ្នានេះ អតីត​ប្រធាន​​គណបក្សប្រឆាំង​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ទាមទារ​ឱ្យ​លុបចោល​សម្បទាន​​ដី​សេដ្ឋកិច្ច សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ពី​ក្រុមហ៊ុន​បរទេស ដើម្បី​ប្រមូល​​ទ្រព្យសម្បត្តិ​ជាតិ​ទាំងនោះ យកមក​បែង​ចែកជូន​ប្រជារាស្ត្រ​តូចតាច ក្នុង​លក្ខណៈ​​​ជា​​គ្រួសារ ឬក៏​យកមក​គ្រប់គ្រង​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជា​ដើម​។ នៅក្នុង​សេចក្តីថ្លែងការណ៍​កន្លងមក លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ឲ្យ​សហ​គមន៍​​​អន្តរជាតិ​ដែល​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ឈប់​ទទួល​ស្គាល់​​ភាព​ស្របច្បាប់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​កើតចេញពី​ការបោះឆ្នោត កាលពី​ខែ​កក្កដា ឆ្នាំ ២០១៨ ។ ជាការ​បោះឆ្នោត​ដែល​គ្មាន​ការចូលរួម​ពី​គណបក្សប្រឆាំង ដូចដែល​ពួកគេ មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​ប​ស់លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​​អេ​ឡា អ៊ីចឹង​ដែរ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃទី ០៩ កុម្ភៈ បានចាត់ទុក​ការអះអាង​របស់លោក សម រង្ស៊ី ថា គឺ​គ្មាន​មូល​ដ្ឋាន​នោះទេ ហើយ​ថា គឺ​មិន​ត្រឹម​ជាការ​មើលស្រាល​ចំពោះ​គណបក្សនយោបាយ​ចំនួន១៩ដែល​បាន​ចូលរួម​ការបោះឆ្នោត កាលពី​ខែ កក្កដា ឆ្នាំមុន​នោះទេ តែ​ក៏​ជាការ​មើលស្រាល​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ៨៣.២%ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំពោះ​ក្រសួងការបរទេស​កម្ពុ​ជា ការ​ចាត់ទុកថា ការបោះឆ្នោត​ជាស​កល​កាលពី​ខែ​កក្កដា ឆ្នាំ២០១៨ មិនមាន​ធម្មានុរូប​ភាព​នោះ គឺ​គ្រាន់តែ​ជាការ​ប្រើប្រាស់​វោហា​សាស្ត្រ​នយោបាយដដែលៗរបស់លោក សម រង្ស៊ី ចាប់តាំងពី​ឆ្នាំ១៩៩៨មក ដែល​លោក សម រង្ស៊ី និង​គណបក្ស​ដែល​លោក​ដឹកនាំ បានទទួល​បរាជ័យ​ជា​រៀងដរាបមក ហើយ​ថា លោក សម រង្ស៊ី គួរ​ត្រូវបាន​ចាត់ទុកថា ជា​ជន​ប្រជាភិថុតិ និង​ជា​បុគ្គល​គ្រោះថ្នាក់​សម្រាប់​​​ជាតិ។ ទន្ទឹមគ្នានេះ សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​ប្រកាស​​​ជា​ឱឡារិក​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ប្រឆាំង​ដាច់ខាត ចំពោះ​រាល់​ការប៉ុនប៉ង​នានា និង​ការធ្វើអន្តរាគមន៍​ពី​ភាគី​ទី៣ ក្នុង​ការបង្ក​អស្ថិរភាព និង​បំផ្លិចបំផ្លាញ​មាតុភូមិ​កម្ពុជា ទោះ​ក្នុងតម្លៃ​ណាក៏ដោយ៕