rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កាលពី​២០​ឆ្នាំ​មុន​៖ ​ព្រឹទ្ធសភា​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​

media
ព្រឹទ្ធសភា @senate

ការ​បោះឆ្នោត​​ជ្រើស​តាំង​​សមាជិក​​ព្រឹទ្ធសភា ​នីតិកាល​ទី៤ ​បាន​ចាប់​ផ្តើម​​ធ្វើ​​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី២៥ ​កុម្ភៈ ​នេះ ​ដោយ​មាន​​គណបក្ស​នយោបាយ​​ចំនួន​៤​ចូលរួម ​ប៉ុន្តែ​​មិន​មាន​​គណបក្ស​ប្រឆាំង​​ចូលរួម​​នោះ​ទេ​។ ​ចាប់​តាំង​ពី​​បាន​​បង្កើត​ឡើង​​ដំបូង​​នៅ​​ឆ្នាំ​១៩៩៩ ​ព្រឹទ្ធ​សភា​​កម្ពុជា ​គឺ​ជា​​អង្គការ​​ដែល​មាន​​អំណាច​​នីតិប្បញ្ញត្តិ ​ហើយ​​បំពេញ​ភារកិច្ច​​របស់​ខ្លួន ​តាម​​រដ្ឋធម្មនុញ្ញ ​និង​​ច្បាប់​​ជា​​ធរមាន​។ ​តើ​​ព្រឹទ្ធសភា​​មាន​​ប្រវត្តិ​​យ៉ាង​ដូចម្តេច​?  


ព្រឹទ្ធសភា​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ដំបូង នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ដ៏​តានតឹង​មួយ ដែល​បានអូសបន្លាយ​រយៈពេល​ជាង១ឆ្នាំ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ កាលណោះ ព្រឹទ្ធ​សភា​​នីតិកាល​ទី១ មាន​អាណត្តិ៥ឆ្នាំ និង​មាន​សមាជិក​សរុប​ចំនួន៦១រូប។ សមាជិក​ព្រឹទ្ធ​សភា ​កាលណោះ កើតចេញ​ដោយ​ការចាត់​តាំងពី​ព្រះមហាក្សត្រ​ចំនួន២រូប ហើយ​នៅ​សល់​​ពី​នោះ គឺ​ត្រូវ​ជ្រើសតាំង​ចេញពី​គណបក្សនយោបាយ ដែលមាន​សម្លេង​នៅក្នុង​រដ្ឋសភា​ ដោយ​ផ្អែកទៅលើ​ចំនួន​សមាជិក​រដ្ឋសភា​នៃ​គណបក្សនយោបាយនីមួយ។ កាល​ណោះ ​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន៣១រូប គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន២១រូប និង​គណបក្ស​សមរង្ស៊ី​មាន​ចំនួន៧រូប។

លុះ​ក្រោយមក គឺ​នៅ​ឆ្នាំ២០០៦ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​តាមបែប​អសកល​លើកដំបូង ត្រូវបាន​ធ្វើឡើង ដោយ​ក្នុងនោះ​សមាជិក​ព្រឹទ្ធសភា​ចំនួន៥៧រូប ត្រូវ​កើតចេញពី​ការបោះឆ្នោត​តាមបែប​អសកល និង​សមាជិក២រូប​ទៀត កើតចេញពី​ការចាត់​តាំងពី​ព្រះមហាក្សត្រ និង២រូប​ទៀត ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប។ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី២ បានធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ ទី ២៥ មករា ឆ្នាំ ២០០៦ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន៤៥រូប គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន១០រូប និង​គណបក្ស​សមរង្ស៊ី​ទទួលបាន​សមាជិក​ព្រឹទ្ធសភា​ចំនួន២រូប។ ក្រោយមកទៀត ពោលគឺ​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១២ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៣ មានតែ​គណបក្សនយោបាយ​ចំនួន​ពីរ​ប៉ុណ្ណោះ ដែលមាន​អាសនៈ​នៅក្នុង​ព្រឹទ្ធសភា គឺ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន៤៦រូប និង​គណបក្ស​សមរង្ស៊ី មាន​ចំនួន១១រូប ខណៈ៤រូប​ទៀត​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង​ជ្រើសតាំង​ចេញពី​សមាជិក​រដ្ឋសភា។

គួរ​ជំរាបជូន​ថា នៅ​ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ​នេះ គឺជា​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៤ ដែលមាន​គណបក្សនយោបាយ​ចំនួន៤ចូលរួម តែ​មិនមាន​គណបក្ស​ប្រឆាំង​នោះទេ។ ការបោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា​នៅថ្ងៃនេះ ត្រូវបាន​ចែកចេញជា៨មណ្ឌល ស្មើនឹង៣៣ការិយាល័យ។ ហើយ​អាសនៈ​ដែល​ត្រូវ​បោះឆ្នោត​ជ្រើស​នៅថ្ងៃនេះ មាន​ចំនួន ៥៨អាសនៈ ខណៈ៤អាសនៈ​ផ្សេងទៀត ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ២រូប គឺ​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរ​ណុ​រស្មី និង​លោកស្រី អ៊ុំ សូ​ម៉ា​នី​ន និង២អាសនៈ​ទៀត ត្រូវ​ជ្រើសតាំង​ដោយ​សមាជិក​រដ្ឋសភា​សំឡេង​ភាគច្រើន។ មាត្រា១១២ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែងថា ព្រឹទ្ធសភា​មាន​ភារកិច្ច​សម្របសម្រួល​ការងារ​រវាង​រដ្ឋសភា​និង​រដ្ឋាភិបាល។ មាត្រា ១១៣ថ្មី ក៏បាន​ចែង​ដែរ​ថា ព្រឹទ្ធសភា​មាន​តួនាទី​ក្នុងការ​ពិនិត្យ និង​ឲ្យ​យោបល់​ក្នុង​រយៈពេល១ខែ​យ៉ាងយូរ លើ​សេចក្តីព្រាងច្បាប់ ឬ​សេចក្តីស្នើច្បាប់ ដែល​រដ្ឋសភា​បានអនុម័ត យល់ព្រម​លើកដំបូង​រួចហើយ។

គួរកត់សំគាល់​ដែរ​ថា អស់​រយៈពេល២០ឆ្នាំ​មកហើយ ដែល​ព្រឹទ្ធសភា​ជា​ស្ថាប័ន​កំពូល​នៃ​នីតិប្បញ្ញត្តិ បាន​ដើរតួនាទី​ជា​អ្នកត្រួតពិនិត្យ​ច្បាប់ បន្ទាប់ពី​រដ្ឋសភា​បានអនុម័ត​រួច​ហើយ​។ ​ក៏ប៉ុន្តែ គេ​កម្រ​ឃើញ​ណាស់​ថា ស្ថាប័ន​កំពូល​មួយ​នេះ រុញ​ច្បាប់​ទាំងនោះ មក​ឲ្យ​ស្ថាប័ន​​រដ្ឋសភា​ដើម្បី​អនុម័ត​ជា​លើក​ទី២៕