rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ គណបក្ស​សង្គ្រោះជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បក្សប្រឆាំង​ថ្កោល​ទោស​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា ដែល​រារាំង​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី​

media
ព្រលានយន្តហោះពោធិចិនតុង (រូបតំណាង) @Cambodia Airports

អតីត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃទី២ ខែ​វិច្ឆិកា នេះ បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ផង​ ក្នុង​ការ​រារាំង និង​ទប់ស្កាត់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង រួម​ទាំង​លោក សម រង្ស៊ី នាថ្ងៃទី​៩ ខែ​វិច្ឆិកា​។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាសចរណ៍​ស៊ីវិល បាន​ហៅ​ការ​មក​កម្ពុជា​វិញ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ពេលនេះ​ថា​ មក​ធ្វើ​រដ្ឋ​ប្រហារ​ ដូច្នេះ​ក្រុម​ហ៊ុនយន្ត​ហោះ​នឹង​មិន​ហ៊ាន​ដឹក​ពួក​គេ​ទេ​។


អតីត​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នាថ្ងៃទី​០២ ខែ​វិច្ឆិកា បាន​សរសេរ​ថា ការ​រារាំង និង​ការ​ទប់​ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ពី​សំណាក់​របប​ក្រុង​ភ្នំពេញ​នា​ពេល​នេះ​ គឺ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​មាត្រា​៣១ មាត្រា​៣៣ និង​មាត្រា​៤០ នៃ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​។

សេចក្តី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ធ្វើ​ឡើង បន្ទាប់​ពី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ហាម​ក្រុមហ៊ុន​យន្តហោះ ដឹក​លោក សម រង្ស៊ី និង​បក្ខ​ពួក ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អ្នកនាំ​ពាក្យ​រដ្ឋ​លេខាធិការដ្ឋាន​នៃ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​មិន​បាន​ព្រមាន​ក្រុម​ហ៊ុន​យន្ត​ហោះ​ណា​ទេ ប៉ុន្តែ​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​មាន​លោក សម រង្ស៊ី​ផង ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​យន្ត​ហោះ​ទាំង​នោះ​ដឹង​ជា​មុន​។ លោក​បន្ថែម​ថា ការ​មក​កម្ពុជា​វិញ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​មក​ធ្វើ​រដ្ឋ​ប្រហារ ដូច្នេះ​ក្រុម​ហ៊ុន​យន្ត​ហោះ​នឹង​មិន​ហ៊ាន​ដឹក​ពួក​គេទេ​។

ទោះ​ជា​មាន​ការ​គម្រាម​កំហែង ការ​រារាំង ការ​ទប់ស្កាត់​តាម​គ្រប់​មធ្យោបាយ និង​ការ​បំភ្លៃ​ព័ត៌មាន​គ្រប់​រូបភាព​យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​វិល​ត្រឡប់​មក​មាតុ​ភូមិ​កម្ពុជា​វិញ នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ តាម​ការ​គ្រោង​ទុក​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​។

លោកស្រី មូរ សុខហួរ ជា​ប្រធាន​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នាថ្ងៃទី​២ ខែ​វិច្ឆិកា​នេះ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ចាប់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក សម រង្ស៊ី​មែន​នោះ គួរ​តែ​ឲ្យ​ពួក​គាត់​ចូល​មក​ដល់​ប្រទេស​កម្ពុជា​តាម​ស្រួល ហើយ​ចាប់​ខ្លួន​តែ​ម្តង​ទៅ​។ លោក​ស្រី មូរ សុខហួរ ក៏​បញ្ជាក់​ដែរ​ថា ពេល​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន លែង​ទុកចិត្ត​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​ហើយ ទើប​មាន​ការ​បង្ហាញ​កម្លាំង​ប្រដាប់​អាវុធ​បែប​នេះ​៕