rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សកម្មជន​អតីត​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ ​ទទួច​សុំ​ការ​លើក​លែង​ទោស​

media
ក្រុមអតីតតំណាងរាស្ត្របក្សប្រឆាំង​ពេលចេញជួបអ្នកជាប់ឃុំ @FB

នៅព្រឹក​ថ្ងៃនេះ ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ចំនួន​៣​រូប​បាន​​ទៅ​​សួរ​សុខ​ទុក្ខ​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​១៤​នាក់​ដែល​កំពុង​ជាប់​ឃុំនៅ​ពន្ធនាគារ​ព្រៃស។​ គឺ​ជាការ​​ជួប​សួរ​​សុខ​ទុក្ខ​​ដែល​​ត្រូវ​​បាន​​អគ្គនាយក​​​ពន្ធនាគារ​​អនុញ្ញាត​​ជា​លើក​​ទី​​១​ ​ចាប់​​តាំង​​ពី​​គណបក្ស​​សង្រ្គោះ​ជាតិ​​​ត្រូវ​​បាន​​រំលាយ​​កាល​​ពី​ខែ​វិច្ឆិកា​​ឆ្នាំ​មុន​​។​​ ក៏ប៉ុន្តែ​​អគ្គនាយក​​ពន្ធ​នា​គារ​​​មិន​អនុញ្ញាតិ​​ឲ្យ អតីត​តំណាង​រាស្ត្រ​ទាំងនោះ​ ជួប​ លោក​ មាជ​ សុវណ្ណរ៉ា​ នោះ​ទេ ​បន្ទាប់​ពី ​លោក ​ហ៊ុន​ សែន​ បានប្រតិកម្ម​ខ្លាំងៗ​ថា ​លោក មាជ សុវណ្ណរ៉ា​ បាន​លួច​និយាយ​ទូរស័ព្ទ​​ក្នុង​​ពន្ធនាគារ​​។ ​


លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់វិទ្យុបារាំង RFI ថា លោកបានជួប​សកម្ម​ជន​ដែល​ឃុំ​ចំនួន១៤​នាក់ ប៉ុន្តែមិនបានជួបលោក មាជ សុវណ្ណរ៉ា នោះទេ ដោយសារតែខាង​ពន្ធនាគារ​ហាម​ឃាត់។ លោកឲ្យដឹងថា សកម្មជនទាំងនោះនៅតែរក្សាជំហ​របស់​ពួកគេដដែល ប៉ុន្តែពួកគេ​បាន​ប្រាប់​លោកថា មួយរយៈកាលចុងក្រោយ​នេះ ពោល​ចាប់តាំងពី​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បញ្ជាឲ្យ​ពន្ធនាគារ​ដក​ហូត​ទូរស័ព្ទពីលោក មាជ សុវណ្ណរ៉ា មក គឺខាងពន្ធនាគារ​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារចូលជួបទៀតទេ ហើយនៅតាមបន្ទប់ក៏មានបំពាក់​កាមេរ៉ាបន្ថែមទៀតដែល​អ្នក​ជាប់​ឃុំ​ទាំងនោះ ចាត់​ទុក​ថាមានការប៉ះពាល់​កេរ្តិ៍ខ្មាស់ផ្ទាល់ខ្លួន។

គួរ​កត់​សម្គាល់​ថា ការ​ជួប​សួរ​សុខ​ទុក្ខ​សកម្មជនអតីត​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំទាំង​១៤​នាក់​នេះ ត្រូវ​បាន​រឹតបន្តឹងខ្លាំង​ចាប់តាំងពីពេល​ដែល​ លោក ជុន ច័ន្ទបុត្រ នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា ចូលទៅពន្ធនាគារជាមួយក្រុម​តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៧​។ លើសពីការរឹតបន្តឹង​នេះទៀត តំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានដក​ហូតសិទ្ធិ ​មិនឲ្យ​ចូលជួប​សកម្មជន​របស់ខ្លួនឡើយ​ ចាប់​តាំងពី​តុលាការ​​រំលាយ​គណបក្សសង្រ្គោះជាតិមក​។

ជាមួយគ្នានោះដែរ លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សសង្រ្កោះជាតិ ដែលចូលទៅសួរ​សុខទុក្ខអ្នកជាប់ឃុំ ជាមួយលោក អ៊ូ ច័ន្ទរ័ត្ន និង​លោក កង គឹមហាក់ បានថ្លែង​មកកាន់អ្នក​កាសែត​នៅខាង​ក្រៅពន្ធនាគារព្រៃសថា អ្នកជាប់ទោសទាំងនោះទទូចចង់ឲ្យមានការ​លើក​លែង​ទោស​​ពួកគេ​ ដើម្បី​បានរស់នៅជួបជុំគ្រួសារវិញ ខណៈ​ពួក​គេ​អនុវត្តទោសបានច្រើនឆ្នាំហើយ​នោះ​។

កាលពីសប្តាហ៍មុន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា គ្មាន​ឡើយ​ការ​លើក​លែង​ទោស លោក មាជ សុណ្ណារ៉ា និងមន្រ្តី​​អតីត​គណបក្ស​សង្រ្គោះ​ជាតិផ្សេងទៀត។ ក្រៅ​ពី​គ្មាន​ការ​លើក​លែង​ទោស​ហើយ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ប្រធាន​ពន្ធនាគារ​ដក​ហូត​ទូរស័ព្ទ​ដៃ​ពី លោក មាជ សុវណ្ណារ៉ា ដែល​លោក ហ៊ុន សែន អះអាង​ថា បាន​ប្រើ​បា្រស់​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ពី​ពន្ធនាគារ។ មិន​ត្រឹម​តែ​ដក​ហូត​ទូរសព្ទ​ពី​លោក មាជ សុវណ្ណារ៉ា ប៉ុណ្ណោះ​ទេ​ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​មន្រ្តី​ជំនាញ ស៊ើប​អង្កេត​ប្រព័ន្ធ​ទាក់​ទង​របស់​លោក មាជ សុវណ្ណារ៉ា បន្ថែម​ទៀត។

​សូម​រំឮក​ជូន​ថា លោក​មាជ សុវណ្ណារ៉ា ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផង​នោះ​ ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ ខណៈសកម្មជនបក្សប្រឆាំងជាង១០នាក់ទៀតក៏ត្រូវបានកាត់ទោសដូចគ្នានេះដែរ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤៕