rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កម្មករ តុលាការ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក ជា មុនី ត្រូវ​បាន​តុលាការកោះ​ហៅឲ្យ​ចូល​បំភ្លឺ ចំ​ខួប​១៤ ឆ្នាំ នៃ​ឃាតកម្ម​បង​ប្រុស​របស់​លោក

media
ប្រធានសហជីពនិងកម្មករ-កម្មការិនីមួយចំនួន នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា ដោយមានដាក់កម្រងផ្កានៅមុខរូបសំណាករបស់លោក នៅជិតវិមានឯករាជ្យ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨។ @សហការី

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​ចេញ​ដីកា​កោះ​ហៅ លោក ជា​ មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ ពាក់​ព័ន្ធ​នឹង​ការ​ញុះ​ញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា។ យ៉ាង​ណាក៏​ដោយ នៅ​ព្រឹក​នេះ មិនមាន​ឡើយ​វត្តមាន លោក ជា មុនី ចូល​បំភ្លឺ តាម​ការ​កំណត់​របស់​តុលាការ​ក្រុង​ភ្នំពេញ។  


ដីកា​កោះ​ហៅ​ឲ្យ លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ​នេះ ធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​របស់​ក្រុម​មេធាវី​តំណាង​សហជីព​ប្រមាណ ១២០​ស្ថាប័ន កាល​ពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ កន្លង​ទៅ។

បើ​តាម​បណ្តឹង​ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ របស់​ក្រុម​មេធាវី​តំណាង​សហជីព​ទាំង​នោះ លោក ជា មុនី បាន​អំពាវ​នាវ​ទៅ​សហគមន៍​អឺរ៉ុប ឲ្យ​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ក្រុម​សហជីព​មួយ​ចំនួន ចាត់​ទុក​ការ​អំពាវ​នាវ​របស់ លោក ជា មុនី ថា​មាន​ចេតនា​ញុះ​ញង់​ឲ្យ​អ្នក​បញ្ជា​ទិញ​ទាំង​អស់​ឈប់​ទិញ​ផលិត​ផល​វាយនភ័ណ្ឌ រួម​ទាំង​ផលិត​ផល​ផ្សេងៗ​ពី​កម្ពុជា​ទៅ​សហគមន៍​អ៊ឺរ៉ុប និង​ញុះ​ញង់​ឲ្យ​កម្មករ​ស្អប់​ខ្ពើម​រដ្ឋាភិបាល​។

តាម​រយៈ​បណ្តឹង​នេះ ក្រុម​សហជីព បាន​ស្នើ​ឱ្យ​តុលាការ​ផ្តន្ទាទោស​លោក ជា មុនី ទៅ​តាម​ច្បាប់ និងទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ យ៉ាង​ណា​ក៏ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​ ២២ មករា នេះ លោក ​ជា​ មុនី​ មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ដី​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះឡើយ។

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​ ឆ្នាំ២០១៧ អាមេរិក​ បាន​សម្រេច​រឹត​បន្តឹង​ទិដ្ឋាការ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បន្ទាប់​ពី​អាមេរិក​ចាត់​វិធានការ​បែប​នេះ សភា​សហភាព​អឺរ៉ុប បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​កន្លង​មក ឲ្យ​​គណៈកម្មការ​អឺរ៉ុប​​ផ្អាក​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​គយ​មក​ដល់​កម្ពុជា។

ជា​ការ​កត់​សម្គាល់ ដីកា​កោះ​ហៅ លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឡើង​ចំ​ថ្ងៃ នៃ​ខួប​១៤​ឆ្នាំ នៃ​ឃាតកម្ម​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​កម្មករ​ដ៏​ល្បី​ល្បាញ ​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​។​ ​នៅ​ថ្ងៃ​ខួប​១៤ឆ្នាំ នៃ​ការបាញ់​សម្លាប់​លោក ជា វិជ្ជា គេឃើញ​មាន​ប្រធាន​សហជីព​និង​កម្មករ​-​កម្មការិនី​មួយចំនួន នាំគ្នា​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់លោក ជា វិជ្ជា ដោយ​មាន​ដាក់​កម្រងផ្កា​នៅមុខ​រូបសំណាក​របស់លោក នៅ​ជិត​វិមាន​ឯករាជ្យ​។

នៅ​ក្នុង​ខួប​គម្រប់​១៤ឆ្នាំ នៃ​ឃាត​កម្ម លោក ជា វិជ្ជា នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ នេះ​ដែរ អតីតគណបក្ស​សង្រ្គោះ​ជាតិ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ថ្លែង​ថា គណបក្ស​សង្រ្គោះ​ជាតិ មិន​អាច​បំភ្លេច​បាន​នូវ​វីរភាព​របស់ លោក ជា វិជ្ជា ដែល​បាន​លះ​បង់​គ្រប់​បែប​យ៉ាង និង​ធ្វើ​ពលិកម្ម ដើម្បី​ជួយ​កម្មករ កម្មការិនីខ្មែរ ប្រឆាំង​នឹង​ការ​ជិះជាន់​ ឲ្យ​ទទួល​បាន​សិទ្ធិ សេរីភាព ផលប្រយោជន៍ និងលក្ខខណ្ឌការងារ ដែល​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

អតីត​គណបក្ស​សង្រ្គោះជាតិ ក៏​បានអំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត ស្រាវ​ជ្រាវ​ឲ្យ​បាន​ពិត​ប្រាកដ ក្នុង​ការ​វែក​មុខ​រកឃាតករ​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតករ នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​៕