អានតួអត្ថបទ
កម្ពជា-នយោបាយ

លោក មុត ចន្ថា៖ អ្នក​នយោបាយ​ក្រៅ​ប្រទេស​អាច​ធ្វើអ្វី​តាម​អំពើ​ចិត្ត ​តែ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ត្រូវ​តែ​គោរព​ច្បាប់​

អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា ចង់​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស គោរព និង​បដិបត្តិ​ច្បាប់ ទោះ​បី​យល់​ថា​ច្បាប់​នោះ​បែប​ណា​ក៏​ដោយ​។ ខណៈ​ការ​ចាប់​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​។

លោក មុត ចន្ថា និង លោក កឹម សុខា
លោក មុត ចន្ថា និង លោក កឹម សុខា FB: Chantha Muth
ផ្សាយពាណិជ្ជកម្ម

លោក មុត ចន្ថា ទីប្រឹក្សា និង ជា​មនុស្ស​ជំនិត​របស់ ​លោក កឹម សុខា បាន​សរសេរ​លើ​បណ្ដាញ ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក នៅ​ថ្ងៃទី​១១​តុលា​ថា ច្បាប់​ គឺ​នៅ​តែ​ជា​ច្បាប់ ទោះ​ច្បាប់​ល្អ ឬ​អាក្រក់​ក៏​នៅ​តែ​ជា​ច្បាប់​។ យើង​ជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រោម​ដំបូល​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ត្រូវ​មាន​កាតព្វ​កិច្ច​គោរព និង​បដិបត្តិ​ច្បាប់​ រួម​ទាំង​អ្នក​ដឹង​ និង​ អ្នក​មិន​ដឹង​អំពី​ច្បាប់​។

ក្នុង​សំណេរ​ដដែល លោក មុត ចន្ថា បាន​លើក​ឡើង​ថា មាន​មនុស្ស​ខ្លះ​រិះគន់​ចំពោះ​ទស្សនៈ​នេះ​ដោយ​ពាក្យ​សំដី​អសុរស លាប​ពណ៌ និង​ចោទ​មួល​បង្កាច់​។ ឥឡូវ​នេះ មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ដោយ​សារ​ការ​មើល​ស្រាល​ចំពោះ​អ្វី​ដែល​ពួក​គេ​អះអាង​ថា​ជា​ច្បាប់​អាក្រក់ និង​បង្កើត​ហេតុផល​ច្បាប់​ ឲ្យ​គេ​យក​ច្បាប់​មក​ប្រើប្រាស់​ចំពោះ​ខ្លួន​។

មនុស្ស​ជំនិត​របស់ លោក កឹម សុខា រូប​នេះ​សរសេរ​ថា អ្នក​នយោបាយ​រស់​នៅ​ក្រៅ​ប្រទេស​អាច​និយាយ​និង​ធ្វើអ្វី​បាន​តាម​អំពើចិត្ត និង​តាម​អារម្មណ៍​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ត្រូវ​តែ​គោរព​និង​បដិបត្តិ​ច្បាប់ ទោះបី​យល់​ថា​ច្បាប់​នោះ​បែប​ណា​ក៏​ដោយ​។

ការ​លើក​ឡើង​របស​លោក មុត ចន្ថា គឺ​បន្ទាប់​ពី​ការ​អំពាវនាវ​របស់​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក​សម រង្ស៊ី ពី​ក្រៅ​ប្រទេស ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​របស់​លោក​ នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ​។ ប៉ុន្តែ​សកម្មជន​បក្ស​ប្រឆាំង ដែល​ចូល​រួម ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ​ដោយ​ចោទ​ប្រកាន់​ពី​បទ រួម​គំនិត​ក្បត់​ជាមួយ​លោក សម រង្ស៊ី ក្នុង​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់ និង របប​រាជា​និយម​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា ខាង​មុខ​។ គិត​ត្រឹម​ថ្ងៃទី ១២ តុលា​ មាន​សកម្មជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៤២នាក់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​បទ «រួម​គំនិត​ក្បត់»។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​នា​ថ្ងៃទី​១២​ ខែ​តុលា នេះ​ថា ការ​លើក​ឡើង​បែប​នេះ ស្តែង​ឲ្យ​ឃើញ​ពី​ស្ថានភាព​របស់​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​ និង​អ្នក​នយោបាយ ដែល​នៅ​ក្រៅ​ប្រទេស​មាន​សេរីភាព​ច្រើន​ជាង​ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ត្រូវ​រស់​នៅ​ក្រោម​គោល​ការណ៍​ច្បាប់ ទោះ​ច្បាប់​នោះ​មិន​មាន​សមធម៌ ជា​ពិសេស​អនុវត្ត​ចំពោះ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ