rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ពលករចំណាកស្រុក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បុណ្យ​ចូល​ឆ្នាំ៖​ អាជ្ញាធរ​ថា​ពលករ​ខ្មែរ​សម្រុក​មក​ស្រុក​កំណើត​ច្រើន​ជាង​រាល់​ឆ្នាំ

media
ពលករខ្មែរពេលអាជ្ញាធរថៃចាប់បញ្ជួនមកកម្ពុជាវិញកាលពីពេលកន្លងទៅ។ @សហការី

នៅ​បាំង​តែ​មួយ​សប្ដាហ៍​ទៀត​ទេ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ចូល​មក​ដល់។ នៅ​អំឡុង​ពេលនេះ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​ បាន​កត់​សម្គាល់​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ បាន​សម្រុក​វិល​មក​ស្រុក​កំណើត​ច្រើន​ជាង​ឆ្នាំ​មុន។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​វិញ​មើល​ឃើញ​ថា ពលករ​ខ្មែរ​បាន​ចំណាយ​លុយ​ឱ្យ​មន្រ្តី​ច្រក​ព្រំដែន​ជា​ច្រើន​ដំណាក់​ ទម្រាំ​បាន​ទៅ​ដល់​ផ្ទះ​។

 

 


ជា​ទូ​ទៅ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ត្រូវ​បែង​ចែក​ជា​បី​ដំណាក់​កាល​ដោយ​រួម​មាន៖ ដំណើរ​ចេញ​ព្រឹក​វិល​ល្ងាច មួយ​សប្ដាហ៍​ត្រឡប់​មក​ម្ដង​ និង​ចុងក្រោយ​ មួយ​ឆ្នាំ​ត្រឡប់​មក​ម្ដង​ក្នុង​ឱកាស​បុណ្យ​ទាន។ ដូច្នេះ​ទាំង​អាជ្ញាធរ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កត់​សម្គាល់​ស្រដៀង​គ្នា​ថា ដំណើរ​ចូល​ស្រុក​មួយ​ឆ្នាំ ត្រឡប់​មក​លេងស្រុក​ម្ដងៗ ​កំពុង​ចរាចរ​យ៉ាង​ខ្លាំង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​។

អភិបាល​ក្រុង​ប៉ោយ​ប៉ែត លោក សាន ស៊ានហូ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​អា​ទិត្យ​នេះ​ថា ក្រៅ​ពី​ប្រើ​ប្រាស់​មធ្យោបាយ​រថយន្ត ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ គួរ​ងាក​មក​ជិះរថភ្លើង​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​៤ មេសា ដល់​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ខាង​មុខ​នេះ។ រថភ្លើង​ថ្មី​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដោយ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​។

ទោះ​ជា​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​ដោយ​ឥត​គិត​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ តែ​រូបភាព​នៃការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល ឬ​​ការ​ទារ​ប្រាក់​ពី​ពលករ​ខ្មែរ​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​មួយចំនួន​ និង​ពី​ខាង​អាជ្ញាធរ​ថៃ​នៅ​តែ​កើត​មាន​ដដែល ​ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលករ​ចំណាយ​ប្រាក់​អស់​ច្រើន​មុន​មក​ដល់​ស្រុក​កំណើត​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ស៊ុម ចាន់គា មន្ត្រី​អង្គការ​អាដ​ហុក​ប្រចាំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

តែ​បើ​តាម​អាជ្ញាធរ ខ្លួន​បាន​ចំណាយ និង​ជួយ​សម្រួល​ដល់​ពលករ​អស់​លទ្ធភាព​ហើយ។ ចំពោះ​ការ​ទាមទារ​ឬ​ក៏​ដំឡើង​សេវា​ណាមួយ​វា​ជា​រឿង​ចៀស​មិន​ផុត​ទេ​នៅ​ក្នុង​ប្រទេស​ដែល​កាន់​របប​ទីផ្សារ​សេរី​នោះ។ នេះ​បើ​តាម​លោក​សាន ស៊ាន​ហូ។

បើ​តាម​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ពលករ​កម្ពុជា​ចំនួន​៦៣​ម៉ឺន​នាក់ មាន​ប័ណ្ណ​ស្នាក់​នៅ​ពណ៌​ស៊ី​ជម្ពូ​បណ្ដោះ​អាសន្ន។ ក្នុង​ចំណោម​៦៣​ម៉ឺន​នាក់​នេះ​អាជ្ញាធរ​បាន​ធ្វើ​លិខិត​ឆ្លង​ដែន ឬ​លិខិត​ធ្វើ​ដំណើរ​ជូន​ដល់​ពលករ​ចំនួន​៤៣​ម៉ឺន​នាក់​រួច​រាល់​ហើយ​។ ចំនួន​សល់​ពី​នេះ ប្រមាណ​១៩ម៉ឺន​នាក់​ផ្សេង​ទៀត អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​លិខិត​ឆ្លង​ដែន ឬ​លិខិត​ធ្វើ​ដំណើរ​ជូន។ នេះ​បើ​តាម​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​៕