អានតួអត្ថបទ
កម្ពុជា

លោក ស ខេង ណែនាំឲ្យ​គណៈកម្មការ​បច្ចេក​ទេស​ពិនិត្យ​មើល​គ្រប់​សំណង់​នៅ​ខេត្ត​ព្រះ​សីហនុ​

មិន​គ្រប់​គ្រាន់​ទេ! ការ​ពិនិត្យ​សំណង់​កំពុង​សាង​សង់ គឺ​ត្រូវ​ពិនិត្យ​ទាំង​អស់ ដើម្បី​ជៀស​វាង​រឿង​អាក្រក់​កើត​ឡើង​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុង​ថ្ងៃ​ប្រកាស​តែង​តាំង​អភិបាល​ខេត្ត​ថ្មី សម្រាប់​ខេត្ត​ព្រះ​សីហនុ នា​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មិថុនា​នេះ។

​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​លោក គួច ​ចំរើន អភិ​បាល​ខេត្ត​ព្រះ​សីហនុ​
​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​លោក គួច ​ចំរើន អភិ​បាល​ខេត្ត​ព្រះ​សីហនុ​ FB: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា លោក​បាន​ចាប់​អារម្មណ៍​ពី​ដើម​មក​ជុំវិញ​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ចំណោម​សមាជិក​រដ្ឋាភិបាល​ផ្សេង​ទៀត ប៉ុន្តែ​ការ​ចាប់​អារម្មណ៍​មុន​ឬ​ក្រោយ​មិន​មែន​ជា​បញ្ហា​ទៀតទេ​នា​ពេល​នេះ​។

លោក ស ខេង បាន​ណែនាំ​ឲ្យ​គណៈកម្មការ​បច្ចេក​ទេស ដែល​រដ្ឋាភិបាល​ទើប​បង្កើត មិន​មែន​ត្រឹម​តែ​ទៅ​ពិនិត្យ​សំណង់ ដែល​កំពុង​សាងសង់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ពិនិត្យ​មើល​រាល់​សំណង់ ដែល​បាន​សាង​សង់​រួច​ហើយ​។ លោក​បន្ថែម​ប្រសិន​បើ​បណ្តែត​បណ្តោយ​ឲ្យ​សំណង់​សាងសង់​រួច ​ធ្វើ​ប្រតិបត្តិការ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ទេ នោះ​អាច​នឹង​មាន​បញ្ហា​ធំ ដូច​ជា​ការ​ដួល​រលំ​ជា​ដើម​។

ការ​ថ្លែង​របស់​លោក ស ខេង ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​តែង​តាំង លោក​ គួច ចំរើន អតីត​អភិបាល​ខេត្ត​កំពង់​ចាម ជា​អភិបាល​ខេត្ត​ព្រះ​សីហនុ ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ​។ ការ​ផ្លាស់​ប្តូរ​អភិបាល​ខេត្ត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក យន្ត មីន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​លាលែង​ពី​តំណែង ក្រោយ​រឿង​រ៉ាវ​រលំអាគារ​កម្ពស់​៧ជាន់​សម្លាប់​មនុស្ស​២៨នាក់ និង​របួស​២៦​នាក់ កាល​ពីថ្ងៃទី​២២ ខែ​មិថុនា​កន្លង​ទៅ​។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សីហនុ ក៏​បាន​ប្តេជ្ញា​ធ្វើ​ការ​ជា​មួយ​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណ​ភាព​សំណង់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​គុណភាព​សំណង់​នៅ​ក្នុង​ខេត្ត​នេះ​មាន​គុណភាព និង​ជៀសវាង​ករណី​ដួល​រលំអាគារ​កើត​ឡើង​ជា​ថ្មី​ទៀត​។

លោក យ៉ាន់ ធី អគ្គ​លេខាធិការ​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​ថា បញ្ហា​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ គឺ​ជា​រឿង​សំខាន់ ហើយ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​កន្លង​មក​អាជ្ញាធរ​ក៏​ធ្លាប់​បាន​ក្រើន​រំលឹក​ពី​បញ្ហា​គុណភាព​សំណង់ និង​សំណង់​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​មួយ​នេះ តាម​រយៈលិខិត​របស់​ក្រសួង​រៀប​ចំដែន​ដី​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨​កន្លង​ទៅ​។

សូម​ជម្រាប​ជូន​ថា ក្រៅ​ពី​បញ្ហា​សំណង់ ដែល​ជា​បញ្ហា​ប្រឈម​របស់​ខេត្ត​ព្រះសីហនុ ក៏​មាន​បញ្ហា​សំខាន់​ៗ​ផ្សេងទៀត ដែល​កំពុង​ប្រឈម​ ដូច​ជា​ទំនាស់​ដីធ្លី, សន្តិ​សុខ និង​សណ្តាប់​ធ្នាប់, ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ និង​បញ្ហា​លូ ទឹក​កខ្វក់​ក្នុង​ក្រុង​នៃ​ខេត្ត​មួយ​នេះ។ នេះ​បើ​តាម​លោក ស​ ខេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ