អានតួអត្ថបទ
កម្ពុជា

អគ្គស្នងការនគរបាល៖​ សមត្ថកិច្ច​​ឃាត់​​ខ្លួន​​មនុស្ស​​២នាក់ ​បន្ទាប់​​ពី​​ប្រើ​​ឈ្មោះ ​និង​​រូប​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​

សមត្ថកិច្ច​បាន​ចុះ​បិទ​ក្រុម​ហ៊ុន និង​ឃាត់​ខ្លួន​មនុស្ស​ពីរ​នាក់ ជា​ប្រធាន​ក្រុម​ហ៊ុន ដែល​បាន​យក​ឈ្មោះ និង​រូបថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ទៅ​ប្រើ​ដោយ​ខុស​ច្បាប់​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រក​មុខ​ជន​ខិលខូច​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ជា​បន្ទាន់ កាល​ពី​យប់មិញ។

រូបភាពគេហទំព័ររបស់ក្រុមហ៊ុន GCG Asia Co., LTD
រូបភាពគេហទំព័ររបស់ក្រុមហ៊ុន GCG Asia Co., LTD gcg asia co
ផ្សាយពាណិជ្ជកម្ម

ការ​ឃាត់​ខ្លួន​បុគ្គល​ទាំង​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ​ជន​ជាតិ​ម៉ាឡេស៊ី និង​ជា​ប្រធាន​ក្រុម​ហ៊ុន GCG Asia Co., LTD ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ លោក ឆាយ គឹមឃឿន អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការសាក​សួរ​លើ​បុគ្គល​ទាំង​ពីរ​នាក់​នេះ​។

លោក​បញ្ជាក់​ថា​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​នោះ សមត្ថកិច្ច​នឹង​រៀប​ចំ​នីតិវិធី​បញ្ជូន​អ្នក​ទាំង​ពីរ​ទៅ​កាន់​តុលាការ​។ លោក​បន្ថែម​ថា ពេល​នេះ​សមត្ថកិច្ច​បាន​បិទ​ជា​បណ្តោះអាសន្ន​ក្រុម​ហ៊ុន​ក្រុមហ៊ុន​ GCG Asia Co., LTD ដែល​មាន​ទីតាំង​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃទី១៦ ខែ​ឧសភា តាម​រយៈទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូប​ថត​លោក និង​ឈ្មោះលោក​ទៅ​បង្ហោះ​នៅ​ក្នុង​គេហទំព័រ (Website) របស់​ក្រុម​ហ៊ុន (http://gcgasiacoin.com/) និង​បាន​សរសេរ​ថាលោក​ជា​អ្នក​គាំទ្រ និង​ចូល​រួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុម​ហ៊ុន នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩។

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ប្រកាស​បដិសេធ​ព័ត៌មាន ដែល​បាន​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​ខាង​លើ​នេះ​ថា​ជា​ព័ត៌មាន​មិន​ពិត និង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មុខជន​ខិល​ខូច​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ជា​បន្ទាន់​។

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ក្រុម​ហ៊ុន​នេះ បាន​យក​ឈ្មោះ​ធនាគារ​ជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួល​ខុស​ត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូឃឺរិនស៊ី​(Crypto Currency)។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អះអាង​ដោយ​សំអាង​លើ​ព័ត៌មាន​ពី​ស្ថាន​ទូត​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ថា ក្រុម​ហ៊ុន ខាង​លើ​នេះ​ជា​ក្រុម​ហ៊ុន​រក​ស៊ី​មិន​ត្រឹម​ត្រូវ​ហើយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ។​

ចំណែក​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​យប់​ថ្ងៃទី១៦ ខែ​ឧសភាព ក៏​បាន​បញ្ជាក់​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​មិន​ដែល​ទទួល​ស្គាល់ ឬ​មាន​ការ​ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន GCG Asia នេះ​ឡើយ​។ ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាង​ទៀត​ថា ខ្លួន​កំពុង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​បំភ្លៃ និង​បន្លំ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ GCG Asia និង​ថ្កោល​ទោស​ចំពោះ​ការ​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ