អានតួអត្ថបទ
កម្ពុជា-សង្គម

សហភាព​ការងារ​កម្ពុជា​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​ដី​ធ្លី​ពីរ​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​

សហភាព​ការងារ​កម្ពុជា​ របស់ ​លោក ​អាត់ ​ធន់​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ដោយ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​ចំនួន​២​នាក់​ ដែល​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។​ បើ​តាម​សហភាព​ការងារ​កម្ពុជា​ ទង្វើ​អយុត្តិធម៌​នេះ ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ និង​ព្រួ​យ​បារម្ភ​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​លំនៅឋាន ​និង​សិទ្ធិ​លើ​ដី​ធ្លី​របស់ពួកគេ​។​

លោក ទេព សុផា និងលោក ឆាយ រ័ត្ន ពេលនៅតុលាការ
លោក ទេព សុផា និងលោក ឆាយ រ័ត្ន ពេលនៅតុលាការ @CLC
ផ្សាយពាណិជ្ជកម្ម

លោក ​ទេព ​សុផា ​និង​លោក​ ឆាយ ​រ័ត្ន​ រហូត​មក​ទល់​ពេល​នេះ ​នៅមិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ​ទេ​ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ចន្ទ ​នៅក្នុង​ទំនាស់​ដីធ្លី​មួយ នៅ​សង្កាត់១​ ខេត្ត​ព្រះសីហនុ​។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​ការងារ​កម្ពុជា ​ព្រឹត្តិការណ៍​នេះ​ផ្តើម​ចេញ​ពី​សកម្ម​ភាព​របស់​អាជ្ញាធរ​ខេត្ត​ ដែល​ជីក​ដី​កាយ​ព្រំ ​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង​សម្បា ​និង​ចុះ​ទៅ​យំ​ស្រែក​ក្នុង​ប្រឡាយ​ព្រំដី​ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្ម​ភាព​ជីក​កកាយ​។​ ខណៈ​នោះ ​ឈ្មោះ ​ទេព​ សុផា​ បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​សហភាព​ការងារ​កម្ពុជា​បាន​ស្រែក​ហៅ​ប្រជាពលរដ្ឋ​ទាំង​នោះ​ឡើង​ពី​ប្រឡាយ​ដើម្បី​យក​បញ្ហា​ទៅ​ដោះ​ស្រាយ​តាម​ច្បាប់​ជាមួយ​អាជ្ញាធរ​ខេត្ត ស្រាប់​អភិបាល​រង​ខេត្ត​ឈ្មោះ ស្រ៊ុន ​ស្រ៊ន់ ​បញ្ជា​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន ឈ្មោះ​ទេព សុផា ​ភ្លាមៗ​តែ​ម្តង​។​ បន្ទាប់មក​ឈ្មោះ ​ឆាយ​ រ័ត្ន​ សកម្មជន​ដីធ្លី​ម្នាក់​ទៀត​ បាន​ដើរ​ទៅ​ជម្រាប​សួរ​អាជ្ញាធរ​ករណី​ចាប់​ខ្លួន​ឈ្មោះ ទេព សុផា ​ពេលនោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ឈ្មោះ ​ឆាយ ​រ័ត្ន ​បន្ថែមទៀត​។​ នេះ​ជា​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល។

លើសពី​នេះ​ទៀត​ បើ​តាម​សហភាព​ការងារ​កម្ពុជា អាជ្ញាធរ​មិន​ត្រឹម​តែ​ចាប់​ខ្លួន​មនុស្ស​២នាក់​ប៉ុណ្ណោះទេ​ គឺ​ថែម​ទាំង​ផ្ទុះ​អាវុធ​ចំនួន​៣​គ្រាប់​ដោយ​បណ្តេញ​ប្រជាពលរដ្ឋ ​និង​វាយ​ប្រជាពលរដ្ឋ​ឲ្យរង​របួស​មួយចំនួន​។

សហភាព​ការងារ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​ ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​អាជ្ញាធរ​ដែន​ដី ព្រមទាំង​ទាមទារឲ្យ​ដោះលែង​បុរស​២​នាក់​នោះ​ដោយ​ឥត​លក្ខខណ្ឌ ​និង​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជា​បន្ទាន់​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​បាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់។

តាមព័ត៌​មាន​ចុង​ក្រោយ​ពីសហភាព​ការងារ​កម្ពុជា ​លោក ​ទេព ​សុផា ​និង​លោក ​ឆាយ ​រ័ត្ន ​ត្រូវបាន​បញ្ជូន​ចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​មក​កាន់​សាលាដំបូង​ខេត្តនេះ ​ដើម្បីស៊ើប​អង្កេត​ និង​សាកសួរ ​នៅ​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ពុធ​ ទី​២២​ ខែ​មករា​ ឆ្នាំ​២០១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ