អានតួអត្ថបទ
កម្ពុជា-អាហ្វ្រិក

កម្ពុជា​គ្រោង​ពង្រីក​ការ​នាំ​អង្ករ​ទៅ​អាហ្វ្រិក​ ខណៈ​ការ​នាំ​ចេញ​អង្ករ​ឆមាស​ទី១​កើន​ឡើងតិ​ច

កម្ពុជា និង​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង អះអាង​ថា​នឹង​សហការ​គ្នា ដើម្បី​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាហ្រ្វិក​នា​ពេល​ខាង​មុខ។​ ប៉ុន្តែ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិន​ទាន់​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​សារ​ទើប​តែ​ចាប់​ផ្តើម​ពិភាក្សា​ជំហាន​ដំបូង​។

យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ
យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​អះអាង​ពី​ការ​សហការ​គ្នា​នេះ​ធ្វើ​ឡើង កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា​ កន្លង​ទៅ រវាង​លោក មូល សារិទ្ធី អគ្គ​លេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​លោក George Kim ប្រធាន​ក្រុម​ហ៊ុន JS Global Corporation និង​ជា​ភ្នាក់​ងារ​សហ​គ្រាស​ធនតូច និង​មធ្យម​របស់​រដ្ឋាភិបាល​កូរ៉េ​។

បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កិច្ច​សហការ​គ្នា​រវាង​កម្ពុជា និង​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង មាន​២​ជម្រើស គឺទី​១ក្រុម​ហ៊ុន​កូរ៉េ​នឹង​អាច​បញ្ជា​ទិញ​អង្ករ​ផ្ទាល់​ពី​កម្ពុជា​នាំ​ចេញ​ទៅ​ផ្ទាល់ ឬ​ជម្រើស​ទី​២ អាច​នាំ​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ទិញ​អង្ករ​នៅ​អាហ្រ្វិក ឬ​ក្រុម​ហ៊ុន​កូរ៉េ​នឹង​នាំ​អ្នក​ទិញ​អង្ករ​ពី​អាហ្រ្វិក​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ក៏​បាន​។

លោក ហ៊ុន​ ឡាក់​ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា គម្រោង​នាំ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ទ្វីប​អាហ្វ្រិក គឺ​ទើប​តែ​ចាប់​ផ្តើម​ពិភាក្សា​គ្នា ហើយ​គម្រោង​ផែន​ការ​លំអិត​នោះ មិន​ទាន់​មាន​ការ​ជជែក​ពិភាក្សា​គ្នា​នៅ​ឡើយ​។ប៉ុន្តែ លោក​ហ៊ុន ឡាក់ ឲ្យ​ដឹង​ថា កន្លង​មក​កម្ពុជា​ក៏​ធ្លាប់​សាក​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែរ​។

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ទីផ្សារ​អាហ្វ្រិក​មាន​តម្រូវ​ការ​អង្ករ​ពីរ​ប្រភេទ ដែល​មាន​តំបន់​ខ្លះ នៃ​ទ្វីប​អាហ្វ្រិក គឺ​ត្រូវ​ការ​អង្ករ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​តំបន់​ខ្លះ​ទៀត​នៃ​ទ្វីប​នេះ ត្រូវ​ការ​អង្ករ​ប្រណិត​។ លោក​បន្ត​ថា ការ​ជជែក​ពី​ការ​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​អាហ្វ្រិក​អាច​ជោគជ័យ​បាន គឺ​ទាល់​តែ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៩​នេះ ដោយ​សារ​តែ​ពេល​នោះ គឺ​ជា​រដូវ​ប្រមូល​ផល​ស្រូវ ហើយ​កម្ពុជា​អាច​មាន​អង្ករ​ប្រណិត​សម្រាប់​សាកល្បង​ទី​ផ្សារ​លើក​ដំបូង​។

សូមជម្រាប​ជូន​ថា នៅ​ឆមាស​ទី១ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ ២៨១ ​៥៣៨​តោន កើត​ឡើង៣.៧០ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ មាន​ចំនួន ២៧១ ៥៣៧​តោន​។ នេះ​បើ​តាម​របាយ​ការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ។ ប្រទេស​ចិន គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ដែល​បាន​ទិញ​អង្ករ​កម្ពុជា គិត​ក្នុង​រយៈ​ពេល​៦ខែ ដើម​ឆ្នាំ​២០១៩​នេះ​។

របាយ​ការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​កម្ពុជា​ក៏​បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មាន​ដូច​ជា ហ្គាបុង, ហ្គាណា, តូហ្គោ, កេនយ៉ា, ណាមីបៀ ជា​ដើម​។ ក្នុង​នោះ​ហ្គាបុង ជា​ប្រទេស​មួយ​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អាហ្វ្រិក​។

នៅ​ក្នុង​ឆ្នាំ​២០១៨ តម្រូវ​ការ​អង្ករ​ក្នុង​ទ្វីប​អាហ្វ្រិក​មាន​ប្រមាណ​ជិត​២៧​លាន​តោន ហើយ​តួលេខ​នេះ​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២៦ ពោល​គឺ​អាច​នឹង​កើន​ឡើង​ដល់​៣៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ។​ នេះ​បើ​តាម​របាយ​ការណ៍​អង្គការ CARI អាហ្វ្រិក។ ដោយ​ឡែក​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ឆ្នាំ​២០១៥ បង្ហាញ​ថា ប្រទេស​ក្នុង​ទ្វីប​អាហ្រិ្វក​បាន​នាំ​អង្ករចូល​ប្រមាណ​៣៦​ភាគ​រយ​នៃ​តម្រូវការ​អង្ករ​ក្នុង​ទ្វីប​ នេះ​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៤ពាន់​លាន​ដុល្លារ​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ