rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ កែវ​ វណ្ណថន​៖ ​ការ​ដែល​ពលករ​ខ្មែរ​សម្រុក​មក​កម្ពុជា​វិញ ​មិន​ពាក់​ព័ន្ធ​នឹង​ការ​អំពាវ​នាវ​របស់ ​លោក​ សម​ រង្ស៊ី​​

media
ច្រកទ្វារអន្តរជាតិមួយ​កន្លែង​នៅខេត្តបាត់​ដំបង​ជាប់ព្រំដែនថៃ @សហការី

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្រុម​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ បាន​នាំ​គ្នា​សម្រុក​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជិត​មួយ​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ​ក្នុង​ឃុំ​បឹង​រាំង ស្រុក​កំរៀង ខេត្ត​បាត់​ដំបង​។ ​ប៉ុន្តែ​អ្នក​នាំពាក្យ​អគ្គ​នាយ​ក​​ដ្ឋាន​អន្តោ​ប្រវេស្ត​របស់​កម្ពុជា​ អះអាងថា ​ការ​វិល​ចូល​ស្រុក​វិញ​របស់​ពលករ​ខ្មែរ​ដែល​ច្រើន​ជាង​ថ្ងៃ​ធម្មតា​នេះ​ដើម្បី​ចូល​រួម​បុណ្យ​កឋិន ​គឺ​មិន​ពាក់​ព័ន្ធ​នឹង​ លោក សម រង្ស៊ី ដែល​​អំពាវ​នាវ​ឲ្យ​ពលករ​ខ្មែរ​មក​អម​ដំណើរ​លោក​វិល​ចូល​កម្ពុជា​នៅថ្ងៃ​៩​វិច្ឆិកា​នោះ​ឡើយ​។​


លោក​នាយ​ឧត្តម​សេនីយ៍ កែវ វណ្ណថន អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេស្ត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចំនួន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ដែល​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង​នៅថ្ងៃ​ទី​២៧​ខែ​តុលាគឺ​មាន​ជាង​៧០០​នាក់​ហើយ​នៅ​ថ្ងៃ​ទី​២៨​ក៏​ដូច​គ្នាដែរ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា​ជាធម្មតា​ ក្នុង​មួយ​ថ្ងៃៗ​គឺ​មាន​ពលករ​ខ្មែរ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង​តែចន្លោះ​ពី​២០០នាក់​ទៅ​៣០០​នាក់​ប៉ុណ្ណោះ។

ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេស្ត​នេះ​ គឺ​បន្ទាប់​ពី​មាន​ព័ត៌មាន​មួយ​ចំនួន​ផ្សាយ​ថា ក្នុង​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៧​និង​២៨​ខែ​តុលានេះ ​មាន​ពលករ​ខ្មែរ​ពី​ជាង​៣០០០​នាក់​ទៅ​​៤០០០​នាក់​ នាំ​គ្នា​សម្រុក​ចូល​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ខណៈ​ជា​ធម្មតា​ក្នុងមួយថ្ងៃ ពលករ​ខ្មែរ​ចេញ​ចូល​តែត្រឹម​តែ​១០០​នាក់​ឬតិច​ជាង​នេះ​។

ប៉ុន្តែ​អ្នកនាំ​ពាក្យអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេស្តរបស់​កម្ពុជា អះអាង​ថា ការ​វិល​ចូល​ស្រុក​វិញ​របស់​ពលករខ្មែរដែល​ច្រើនជាង​ថ្ងៃ​ធម្មតា​នេះ គឺ​ដើម្បី​ចូលរួម​បុណ្យ​កឋិន​នៅ​ប្រទេសកម្ពុជា គឺ​មិនពាក់​ព័ន្ធ​នឹង​ លោក សម រង្ស៊ី ដែលអំពាវនាវ​ឲ្យ​ពលករខ្មែរ​មកអមដំណើរលោកវិលចូល​កម្ពុជា​នៅថ្ងៃ៩វិច្ឆិកានោះឡើយ។ ម្យ៉ាងទៀត​លោក កែវ វណ្ណថន អះអាងថា​ពលករ​ខ្មែរ​ទាំងនោះ​ត្រូវតែវិលមក​ប្រទេសកម្ពុជាវិញ​ជាធម្មតាតាមកាល​កំណត់​នៅក្នុង​លិខិត​ឆ្លងដែនគឺមានសិទ្ធិស្នាក់នៅប្រទេសថៃតែរយៈពេលមួយខែប៉ុណ្ណោះ។

​យ៉ាងណាក៏ដោយ ស្របពេល​ក្រុម​លោក សម រង្ស៊ី ​ប្រកាស​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​តាម​ច្រក​ប្រទេស​ថៃ​នោះ ក្រុម​សមត្ថ​កិច្ច​ចម្រុះ​​បំពាក់​ដោយ ​អាវុធ​គ្រប់​ដៃ ​ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​ឈរ​ជើង​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​តាំង​ពី​ថ្ងៃ​២៥​តុលា​មកម្ល៉េះ​។​

គិតត្រឹមថ្ងៃទី ២៦ តុលា យ៉ាង​ហោច​ណាស់ ​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​ ចំនួន​៥៨​នាក់ ​ត្រូវ​បាន​អាជ្ញា​ធរ​កម្ពុជា​ចាប់​ខ្លួន និង​ជិត​២០០​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិតក្បត់» ហើយ​កំពុង​រត់​ភៀសខ្លួន៕