អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកសម រង្ស៊ី បង្ហាញ​សេណារេយ៉ូ​ចំនួន​បី​ជុំវិញ​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ

លោកសម រង្ស៊ី ប្រធាន​ចលនាសង្គ្រោះជាតិ​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បង្ហាញ​នូវ​សេណារេយ៉ូ​បី​ចំណុច​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា។ ក្នុង​ចំណោម​សេណារេយ៉ូទាំង​បី​នេះ លោក​សម រង្ស៊ី ជឿជាក់​ថា ពលរដ្ឋ​ដែល​​ធ្លាប់​គាំទ្រ​អតីត​គណបក្សសង្គ្រោះជាតិ​នឹង​មិន​ទៅ​បោះឆ្នោត​ឡើយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា នេះ​គ្រាន់​តែ​ជា​ការរវើរវាយ​របស់​លោកសម រង្ស៊ី ប៉ុណ្ណោះ។

​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន  និង លោក សម រង្ស៊ី
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

សេណារេយ៉ូ​ចំនួនបី ដែល​លោកសម រង្ស៊ី លើក​បង្ហាញ​នោះ​គឺ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មានអតីត​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​កក្កដា។ ដែល​ចំណុ​នេះ​លោកសម រង្ស៊ី ចង្អុល​បង្ហាញ​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​នឹង​មិន​បណ្ដោយ​ឲ្យ​ចេញ​ជា​ដាច់​ខាត។ មិន​ឲ្យ​ចេញ បើតាម​លោកសម រង្ស៊ី ព្រោះ​នឹង​មាន​ពលរដ្ឋ​៥លាន​នាក់​ក្នុង​ចំណោម​១០​លាន​នាក់​បោះឆ្នោត​ឲ្យ​អតីត​គណបក្ស​សង្គ្រោះជាតិ។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ពលរដ្ឋ​៣លាន​នាក់​បោះឆ្នោត​ជូន។ ចំនួន​២​លាននាក់ដែល​នៅ​សល់​គឺ​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត​ឡើយ។ នេះ​បើ​តាម​លោក សម រង្ស៊ី​ដដែល។

ចំណែក​សេណារេយ៉ូ​បន្ទាប់​គឺ​ការ​បោះឆ្នោត​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក្នុង​នោះអតីត​គណបក្សប្រឆាំង​បែក​ជា​ពីរ​បក្ស។ បក្ស​ទាំង​ពីរ​ចូល​រួម​ការ​បោះ​ឆ្នោត​ដាច់​ពី​គ្នា គឺ​ជា​សេណារេយ៉ូ​មួយអាក្រក់​បំផុត សម្រាប់​ការ​មើល​ឃើញ​របស់​លោក សម រង្ស៊ី ដែល​ចំណុច​នេះ លោក សម រង្ស៊ី ជឿ​ជាក់​ថា ជាការ​ចង់​បាន​របស់​លោក​នាយ​ក​រដ្ឋមន្រ្តី ហ៊ុន សែន ។

សេណារេយ៉ូ​ចុង​ក្រោយ គឺ​ក្រោយ​ពី​រំលាយ​គណបក្សសង្គ្រោះជាតិ​គណបក្ស​នេះ​នៅ​តែ​រឹង​មាំ មិន​បែក​គ្នា និងបាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ នៅ​ក្នុង​បរិបទ​នេះ​លោក សម រង្ស៊ី ជឿជាក់ថា ពលរដ្ឋ​៥លាន​នាក់នឹង​មិន​ទៅ​បោះឆ្នោត​ឡើយ​បើ​ទោះ​បីជា​គណ​បក្ស​ជា​ច្រើន​បាន​បង្កើត​ឡើង​ក្រោយ​រំលាយ​អតីត​គណបក្ស​សង្គ្រោះជាតិ​ក៏​ដោយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ថា​លោក សម រង្ស៊ី កំពុង​ស្ថិត​នៅ​ក្នុង​ការ​រវើរវាយ​ដែល​មិន​អាច​ក្លាយ​ជា​ការ​ពិតឡើយ។ រឹត​តែ​មិន​អាច​ក្លាយជា​ការ​ពិត​ទៀត​នោះ សម្រាប់​លោក​សុខ ឥសាន គឺ​ពលរដ្ឋ​មិន​ស្ដាប់​តាម​លោក សម រង្ស៊ី ដែល​អំពាវនាវ​មិនឲ្យ​ទៅ​បោះឆ្នោត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​កំពុង​តែ​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត។ បើ​តាម​លោក សុខ ឥសាន ពល​រដ្ឋ​​មិន​តិច​ជាង​៧០​ភាគរយ​ដែល​ស្ថិត​នៅ​ក្នុង​ចន្លោះ​៦​ទៅ​៧​លាន​អ្នក​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​កក្កដាខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ