rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្ពុជាអំពាវនាវឲ្យអាមេរិកផ្តល់ទិដ្ឋាការការទូតឡើងវិញ ខណៈតុលាការអាមេរិកផ្អាកការបណ្តេញពលរដ្ឋខ្មែរ

media
ការតវ៉ាប្រឆាំងនឹងការ​បញ្ជួនពលរដ្ឋខ្មែរប្រទេសកមណើតវិញ @IKARE

មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​លុប​ចោល​ការ​បង្កក​ទិដ្ឋាការ​ដល់​ក្រុម​មន្រ្តី​ការទូត​កម្ពុជា​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​ ដោយសារ​តែ​បញ្ហា​ជន​ភៀស​ខ្លួន​ខ្មែរ។​ ការ​អំពាវ​នាវ​នេះ ​ធ្វើ​ឡើង ​ស្របពេល​ដែល​ចៅក្រម​សហព័ន្ធ​សហ​រដ្ឋ​អាមេរិក ​បាន​ផ្អាកការ​បណ្តេញ​ជន​ជាតិ​ខ្មែរ​ជិត​១០០​នាក់​ ចេញ​ពី​សហរដ្ឋ​អាមេរិក​ភ្លាមៗ ​ដោយ​យល់​ថា ​ជន​ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទាំង​នោះ​គួរ​មាន​សិទ្ធិ​តតាំង​ក្តី​នៅ​ចំពោះ​មុខ​តុ​លា​ការ ​ប្រឆាំង​នឹង​គោលនយោបាយ​របស់​លោក ​ដូណាល់ ត្រាំ ​មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ​។​


ជាមួយ​នឹង​ការ​ប្រកាស​ស្វាគមន៍​ទៅ​នឹង​ចំណាត់​ការ​របស់​តុលាការ​អាមេរិក​នៅពេល​នេះ ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក ​ជុំ សុន្ទរី​ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​ចោល​បំរាម​របស់ខ្លួន​ដែល​​បង្កក​ទិដ្ឋាការ​ដល់​ក្រុម​មន្រ្តី​ការទូត​កម្ពុជាមិនឲ្យជាន់ទឹកដី​អាមេរិក។​ ជា​​ទណ្ឌកម្មដែល​អាមេរិក​ដាក់​ចេញ​ដោយ​សារ​តែ​រដ្ឋាភិបាលកម្ពុជាកន្លងទៅ មិនព្រមទទួលយកជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឲ្យមករស់នៅកម្ពុជាវិញ​។

យ៉ាងណា​ក៏ដោយ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ចំណាត់​របស់​តុលាការ​អាមេរិកនេះ​ថា បាន​ផ្តល់​យុត្តិធម៌​ចំពោះ​ពលរដ្ឋខ្មែរ​តាម​ច្បាប់​របស់អាមេរិក​ និង​តម្លៃ​មនុស្សធម៌​តាម​គោលការណ៍​សិទ្ធិ​មនុស្ស ហើយថា​ការ​រិតត្បិត​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​អាមេរិក កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០១៧​លើ​មន្រ្តីកម្ពុជា​នោះ ធ្វើ​ឡើង​មិន​មានមូលដ្ឋាន​។

បើតាម លោក ជុំ សុន្ទរី ប្រសិនបើ អាមេរិក​ដក​ចេញ​បំរាមទិដ្ឋាការដល់​មន្រ្តីការទូតកម្ពុជានោះគឺជាការ​ត្រួសត្រាយ​ផ្លូវ បើក​ឲ្យ​មានកិច្ចសហប្រតិបត្តិការឡើងវិញ លើការរុករកអដ្ឋិធាតុ​ទាហាន​ដែល​ស្លាប់​នៅកម្ពុជាសម័យ​សង្រ្គាម។

កាលពី​ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍​នៅអាមេរិក បាន​បើកប្រតិបត្តិការ​ចុះឆែកឆេរ​ជាបន្តបន្ទាប់ ហើយក៏បាន​ធ្វើការឃាត់​ខ្លួន​​​ជនជាតិខ្មែរ​បានប្រមាណ១០០នាក់ ដោយភាគច្រើន​ក្នុងចំណោមនោះ ​គឺជាអ្នកដែល​បានរត់ភៀសខ្លួន​ ចេញពីរបប​ប្រល័យខ្មែរក្រហម កាលពីអំឡុង​ទសវត្សរ៍៧០។

ប៉ុន្តែចៅក្រមសហព័ន្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មិនអាចបញ្ជូនជនជាតិភាគតិច ៩២ នាក់ពីសហរដ្ឋអាមេរិកភ្លាមៗ ដោយមិនអនុញ្ញាតឱ្យពួកគេមានឱកាសធ្វើការតវ៉ារឿងក្តីនៅក្នុងតុលាការជាមុននោះឡើយ។ នេះបើតាមទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃសុក្រ ទី​២៦​មករា។

ប្រជាជនខ្មែរដែលភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅគ្រាមានសង្រ្គាមស៊ីវិលនោះ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសពីបទព្រហ្មទណ្ឌជាច្រើនករណី ហើយត្រូវបានគេបណ្តេញចេញក្រោយពីទទួលទោសរួចរាល់នៅលើ​ទឹក​ដីអាមេរិក។

កន្លងមក រដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលយកប្រជាជនខ្មែរ​អាមេរិក​ធ្វើមាតុភូមិនិវត្តនោះទេ។ ប៉ុន្តែ​ក្រោយ​មក​បានយល់​ព្រម​ទទួល​យកដោយ​ភ្ជាប់​លក្ខខណ្ឌស្ម័គ្រចិត្ត ខណៈអាមេរិក​បិទ​ទិដ្ឋាការ​ដល់​ការទូត​របស់កម្ពុជាមួយចំនួននោះ។ បើគិតចាប់​ពី​ឆ្នាំ​ ២០០២ ​មក មាន​ពលរដ្ឋ​ខ្មែរ ប្រមាណ​ជាង ៥០០​នាក់​ហើយ ដែល​អាមេរិក​បាន​បញ្ជូន​មក​កម្ពុជា​វិញ៕