អានតួអត្ថបទ
កម្ពុជា-ច្បាប់

គ្រោះ​ថ្នាក់​ចរណ៍៖ អ្នក​ច្បាប់​និង​អ្នក​អនុវត្ត​ច្បាប់​ស្នើ​មហាជន​បញ្ចប់​ការ​ប្រើ​ហិង្សា​ទៅ​លើ​ជន​បង្ក

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី១​មេសា​នេះ បាន​រៀប​ចំ​ធ្វើ​សន្និសីទសារព័ត៌មាន​ស្ដីពី​ទិដ្ឋ​ភាពច្បាប់ និង​វិធាន​ការ​ទប់​ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។ ជា​សន្និសីទ ដែល​បាន​ផ្ដោត​ទៅ​លើ​ទំនួលខុស​ត្រូវ​របស់​អ្នក​បង្ក ដែល​ចំណុច​នេះ​គេ​មើល​ឃើញ​ថា ភាគ​ច្រើន​នៃ​ជន​បង្ក​បាន​រត់​គេច​ពី​បញ្ហា។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​យុត្តិធម៌​ស្មើ​គ្នា អ្នក​ច្បាប់​និង​អ្នក​អនុវត្ត​ច្បាប់​ស្នើ​ឲ្យ​ជន​បង្ក​ប្រឈមមុខ​ដោះ​ស្រាយ ខណៈ​មាន​ការ​ស្នើ​ឲ្យ​បញ្ចប់​ការ​ប្រើ​ហិង្សា​ទៅ​លើ​ជន​បង្ក។​ 

រូបតំណាង៖​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ
រូបតំណាង៖​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ @សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ការ​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ចន្ទ​នេះ លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាន នា​យកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ក្រសួង​មហាផ្ទៃគូស​បញ្ជាក់​ថា ពេល​ខ្លះ​ជន​បង្ក​មិន​មែន​ជា​អ្នក​ខុស​ទាំង​ស្រុង​ឡើយ ពោល​គឺ​ពួក​គេ​ក៏​ជា​ជនរងគ្រោះ​ដែរ។ ដូច្នេះ​រាល់​អ្នក​បង្ក ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​នៅ​នឹង​កន្លែង។

ជុំវិញ​ការ​ជំរុញ​នេះ សំណួរ​បាន​ចោទ​ឡើង​ថា ជន​បង្ក​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ម្នាក់​ទៀត​តាមរយៈ​ការ​ប្រើ​អំពើ​ហិង្សា​របស់​មហាជន។ កង្វល់​នេះ លោក សុខ ផេង អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អ្នកច្បាប់​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ផ្ដល់​យោបល់​ថា ក្នុង​ស្ថានភាព​ដែល​អ្នក​បង្ក មើល​ទៅ​ទំនង​ដឹងខ្លួន​ថា ជា​រង​គ្រោះ​ដោយ​ហិង្សា ពួក​គេ​អាច​ភៀស​ខ្លួន ទៅ​កន្លែង​មាន​សុវត្ថិភាព តែ​ពុំ​មែន​ជា​ការជំរុញ​ឲ្យ​រត់​គេច​ខ្លួន​ឡើយ តែ​អាច​ចូល​ខ្លួន​ដោះ​ស្រាយ​បញ្ហា​តាម​ក្រោយ។ ប៉ុន្តែ​មហាជន​ត្រូវ​ចាំថា ប្រសិន​បើ​ព្រួត​គ្នា​វាយ​ជន​បង្ក ពួកគេ​នឹង​ក្លាយ​ជា​ជន​បទល្មើស​ប្រព្រឹត្ត​បទ​ល្មើស​ថ្មី​មួយ​ទៀតពី​បទ​ហិង្សា និង​មនុស្ស​ឃាត​ដោយ​ចេតនា។ នេះ​បើ​តាម លោក សុខ ផេង។ លោក​ថា មានច្បាប់​មួយ​ប៉ុណ្ណោះ​ជា​អ្នក​វិនិច្ឆ័យ​ទោស​កំហុស។

គួរជម្រាប​ថា ការ​ក្រើន​រំឭក​របស់​សមត្ថកិច្ច និង​អ្នក​ច្បាប់​ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ក្រោម​រូបភាព​ធ្ងន់ធ្ងរ។ ជាក់​ស្ដែង​ថ្មីៗ​នេះ យុវតី​ម្នាក់បាន​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ដែល​ហេតុ​ការ​ណ៍​ធ្វើ​ឲ្យ​សាធារណៈ​ជន​ស្ដី​បន្ទោស​លើ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ប្រើប្រាស់​ផ្លូវ។ ផ្អែក​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជន​ដែល​បើកបរ​រថយន្ត​បង្ក​ឲ្យ​គេ​ស្លាប់ គឺ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​២០​លាន​រៀល​ មិនឲ្យ​ប្រើប្រាស់​រថយន្ត​រយៈ​ពេល​៥ឆ្នាំ ដក​ហូត​ការ​ប្រកប​វិជ្ជាជីវៈ​ផ្សេងៗ ដែល​នេះ​ជា​ទោសបន្ទោស​ថែម​លើ​ការ​ជាប់​ពន្ធនា​គារ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​រយៈ​ពេល​៣​ខែ​ក្នុង​ឆ្នាំ២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់មនុស្ស​ជិត​២០០​នាក់ ខណៈ​មួយ​ថ្ងៃ​មនុស្ស​ស្លាប់​ចន្លោះ​ពី​៩​ទៅ​១១នាក់។ ដោយ​ឡែក​ក្នុង​១​ឆ្នាំៗ កម្ពុជា​ខាត​បង់​៣៥០លាន​ដុល្លារ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​អ្នក​ស្លាប់​មិន​ពាក់មួក​សុវត្ថិភាព​មាន​ជាង​៧៨%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ