អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​សួន ​សេរីរដ្ឋា​ ស្នើឲ្យឈប់​ប្រើឈ្មោះ​គណ​បក្ស​អំណាច​ខ្មែរ​ ខណៈ​លោក​ប្តូរឈ្មោះ​គណ​បក្សនេះ​

លោក សួន សេរីរដ្ឋា ដែល​ត្រូវ​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ ​សម្រេច​ចិត្ត​ទៅ​បង្កើត​គណ​បក្ស​នយោបាយ​មួយ​ទៀត ​បន្ទាប់​ពី​គណ​បក្ស​អំណាច​ខ្មែរ​របស់​លោក ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​លោក​ សួង​ សុភ័ណ្ឌ ​ជា​អ្នក​គ្រប់​គ្រង ​តាំង​ពី​អំឡុង​ពេល​លោក ​សួន ​សេរីរដ្ឋា​ជាប់​​ពន្ធនាគារ​។ ​ បើ​តាម​លោក សួន សេរីរដ្ឋា ក្រសួង​មហាផ្ទៃ​គួរ​តែ​លុប​ឈ្មោះ​គណ​បក្ស​អំណាច​ខ្មែរ​ចោល ​ដោយ​បើក​ផ្លូវ​ឲ្យ​សមាជិក​បក្សនេះ​អាច​មកចូល​រួម​នៅ​ក្នុង​គណ​បក្ស​ថ្មី​របស់​លោក​វិញ​។​ ប៉ុន្តែ​លោក​ សួង ​សុភ័ណ្ឌ ​ដែល​កំពុង​គ្រប់​គ្រង​គណ​បក្ស​អំណាច​ខ្មែរ បញ្ជាក់ថា គណ​បក្ស​នេះ​បាន​ធ្វើ​សមាជ​ប្តូរ​ឈ្មោះទៅ​ជា​គណ​បក្ស​ខ្មែរ​ឈ្នះតាម​សំណើ​របស់​ក្រសួង​មហា​ផ្ទៃ​ហើយ​។

លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​
លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ @FB/ គណបក្សអំណាចខ្មែរ
ផ្សាយពាណិជ្ជកម្ម

​ជាបឋម​សូម​រំឭកថា ភាព​ចម្រូង​ចម្រាស់​នៃ​ការ​ដណ្តើម​គ្នា ​គ្រប់​គ្រង​គណ​បក្ស​អំណាច​ខ្មែរ​បាន​កើត​ឡើង​នៅ​គ្រា ​លោក​ សួន​ សេរីរដ្ឋា ​ត្រូវ​បាន​ដោះ​លែង ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​សីហា ​ឆ្នាំ​​២០១៨​ ក្រោយ​​ព្រះមហា​ក្សត្រ​លើក​លែង​ទោស​ បន្ទាប់​ពី​លោក​បាន​សរសេរ​លិខិត​សុំ​ទោស​​លោក ហ៊ុន សែន​។ ​ក្នុង​អំឡុង​ពេល​លោក សួន សេរីរដ្ឋា​ជាប់​​ពន្ធនាគារ​នោះ គណបក្ស​អំណាច​ខ្មែរ​ដែល​ប្រកាស​មិន​ចូល​រួម​បោះ​ឆ្នោតឆ្នាំ​២០១៨​កន្លង​មក គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ លោក សួង សុភ័ណ្ឌ មក​ដល់​ពេល​នេះ។​

ក៏ប៉ុន្តែ​បើតាម លោក សួន សេរីរដ្ឋា ការប្តូរឈ្មោះ​គណ​បក្ស​អំណាច​ខ្មែរដើម្បីបើក​ផ្លូវ​ឲ្យ​សមាជិក​របស់​ខ្លួន​អាច​ចូល​រួម​ដោយ​សេរីនៅ​ក្នុង​គណ​បក្សថ្មី​និង​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២​ខាងមុខ។

គណបក្ស​ថ្មី​របស់​ លោក សួន សេរីរដ្ឋា ដែល​ត្រូវ​ដាក់​ឲ្យ​មានការបោះ​ឆ្នោតសម្រេច​នៅ​ចុង​សប្ដាហ៍​នេះគឺទី១ឈ្មោះថា «គណបក្ស​ខ្មែរ​កែ​ទម្រង់» និង​ទី២ឈ្មោះថា «គណបក្ស​ផ្ដល់​អំណាច​ពលរដ្ឋ»។

បើតាម លោក សួន សេរីរដ្ឋា ការដែលលោកសម្រេចចិត្តទៅ​បង្កើតគណបក្សថ្មី​នេះ គឺ​ដើម្បី​បន្ត​សកម្ម​ភាពនយោបាយ​​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុម​អ្នក​​គាំទ្រ​នៅ​ក្នុង​គណបក្ស​អំណាច​ខ្មែរ ដែល​ពី​មុន​មកជាលោកគឺអ្នកដឹកនាំ។

សូមរំឭកថា ​លោក សួន សេរីរដ្ឋា ត្រូវ​បាន​តុលាការ​កាត់ទោសពាក់ព័ន្ធនឹង​បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជា​អាទិ៍ តាម​ក្រម​ព្រហ្មទណ្ឌនោះ គឺ បន្ទាប់​ពី​លោក​បានបញ្ចេញសរសេរ​តាម​ហ្វេសប៊ុកទាក់ទង​នឹង​ការ​បញ្ជា​កងទ័ព ឱ្យ​ទៅ​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ។ ក្នុងគ្រាដែលលោកជាប់ពន្ធនាគារនោះហើយ ដែលគណបក្សអំណាចខ្មែររបស់លោក​បានធ្លាក់ទៅលើដៃ លោក សួង សុភ័ណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ