អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សម​ រង្ស៊ី​ ប្រកាស​ទៅ​ជួប​​ពលករ​ខ្មែរ​នៅ​កូ​រ៉េ​ខាង​ត្បូង​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

លោក សម រង្ស៊ី ប្រកាស​ថា​លោក​នឹង​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ​ទៅ​ជួប​ជា​មួយ​ពលករ​ និស្សិត ​និង​យុវជន​ខ្មែរ​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បញ្ចប់​។ ​ការ​ប្រកាស​ធ្វើ​ដំណើ​របស់​លោក ​សម​ រង្ស៊ី​ មក​កាន់​ប្រទេស​កូរ៉េ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​លោក​ ហ៊ុន​ សែន​ ធ្លាប់​បាន​ព្រមាន​ដោយ​ប្រយោល​ដែល​គេ​គិត​ថា​សំដៅ​ដល់ ​លោក ​សម​ រង្ស៊ី «​កុំ​ឲ្យ​មក​ក្បែរ​តំបន់​អាស៊ី​ញឹកញាប់​ពេក​» ប្រយ័ត្ន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ តាម​រយៈ​ក្រុម​ចារ​កម្ម​ពី​ប្រទេស​កម្ពុជា​។

ការអញ្ជើញរបស់ចលនាយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូង
ការអញ្ជើញរបស់ចលនាយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូង @Sam Raingsy
ផ្សាយពាណិជ្ជកម្ម

គឺ​ជាការ​​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង សហការ​ជា​មួយ​អង្គការ​ប្រជាធិប​តេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិ​មនុស្ស​កូរ៉េ។​ ជា​វេទិកា​សាធារ​ណៈ​ក្រោម​ប្រធាន​បទ​ប្រជាធិប​តេយ្យ​ សិទ្ធិ​មនុស្ស និង​សន្តិភាព​។​ ក្រៅពី​វេទិកា​នេះ ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ក៏​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន​ដើម្បី​ទាម​ទារ​ការ​ស្តា​លទ្ធិ​ប្រជាធិប​តេយ្យ​នៅកម្ពុជា​ ដែល​កម្មវិធី​ទាំងនេះ​គឺ​ធ្វើ​ឡើង​នៅថ្ងៃទី​១៩​ដល់​ថ្ងៃទី២០​ខែ​មេសា​នៅទី​ក្រុង​ខ្វាងជូ។​ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​​ចលនា​យុវជនខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​។

សូមបញ្ជាក់​ថា ​លោក ​សម​ រង្ស៊ី ​ក៏​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ម្តង​ដែរ កាលពី​ចុង​ឆ្នាំ២០១៥​ ជា​មួយ​នឹង​លោក​ កឹម​ សុខា ​ដែល​នៅគ្រា​នោះ ​លោក សម រង្ស៊ី ស្ថិត​ក្រោម​ដីកា​ចាប់​ខ្លួន​របស់​តុលា​ការ​កម្ពុជា​។​ ដូច​ពេល​មុន​ដែរ​ ការ​ប្រកាស​របស់​លោក​ សម​ រង្ស៊ី ​ទៅ​កាន់​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​នៅពេល​នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន ​បាន​ព្រមាន​ដោយ​ប្រយោល​ដែលគេ​គិត​ថា​សំដៅ​ដល់ ​លោក សម រង្ស៊ី «​កុំ​ឲ្យ​មក​ក្បែរ​តំបន់​អាស៊ី​ញឹកញាប់​ពេក​» ប្រយ័ត្ន​ត្រូវបាន​គេ​ចាប់ខ្លួន តាម​រយៈ​ក្រុម​ចារ​កម្ម​ពី​ប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ​២០១៩​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​បន្ថែម​ថា​ លោក​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ ​ដើម្បី​បាន​ចាប់​ខ្លួន​លោក​សម​ រង្ស៊ី ​បញ្ចូល​ទៅ​ក្នុង​ពន្ធនាគារ ​តាម​សាល​ក្រម​របស់​តុលាការ​។ ការ​ព្រមាន​របស់ ​លោក​​ ហ៊ុន សែន គឺ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​នៃ​ការ​ចង់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី ​ខណៈ​លោក សម រង្ស៊ី ​បាន​ឲ្យ​ក្រុម​ការងារ​របស់​អតីត​បក្ស​ប្រឆាំង បន្ត​រៀប​ចំ​ផែន​ការ​ដែល​គ្រោង​ទុក ដើម្បី​ត្រៀម​ទទួល​លោក​ពេល​វិលមក​កម្ពុជា​វិញ​ដែល​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ