អានតួអត្ថបទ
កម្ពុជា

សមាគម​ផលិត​អំបិលនៅ​កម្ពុជា គ្រោង​ស្នើសុំ​គោលការណ៍​នាំ​ចូលអំបិល៣ម៉ឺនតោនពីបរទេស

សមាគមផលិតអំបិល​នៅ​កម្ពុជា គ្រោង​ស្នើ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​នាំ​ចូល​អំបិល​៣ម៉ឺន​តោន ពីប្រទេស​ចិន​យក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក។ គ​ម្រោ​ងនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ កម្ពុជា​ខ្វះខាត​អំបិល ដោយ​សារ​បញ្ហា​អាកាស​ធាតុ ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​មិន​ទទួល​បាន​ផល​គ្រប់​គ្រាន់​។

រូបភាព៖ កសិករ​កំពុង​ប្រមូល​អំបិល
រូបភាព៖ កសិករ​កំពុង​ប្រមូល​អំបិល @FB
ផ្សាយពាណិជ្ជកម្ម

«ឆ្នាំ​នេះ អំបិល​សូម្បី​១​តោន​ក៏​ប្រមូល​មិន​បាន​ផង»។ នេះ​គឺ​ជា​លើក​ឡើង​របស់​លោក ប៊ុន បារាំង សហ​ប្រធានសមាគម​ផលិត​អំបិល​ប្រចាំ​នៅ​ខេត្ត​កែប និង​កំពត។

ប្រឈម​បញ្ហា​នេះ លោក ប៊ុន បារាំង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​ទី​៤​ឧសភា​នេះថា​ សមាគមផលិត​អំបិល គ្រោង​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ២០១៨ ប្រមាណ​ជា​៣ម៉ឺនតោន យក​មក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក បន្ថែម​ពី​លើ​អំបិល​នៅ​សល់​ស្រាប់​ប្រមាណ​៥​ម៉ឺនតោន។ មូលហេតុដែល​សមាគម​ផលិត​អំបិល​សម្លឹង​ឃើញ​ទីផ្សារ​ចិន ព្រោះថា អំបិល​របស់​ចិន ផលិត​ចេញ​ពី​ទឹក​សមុទ្រ​ដូច​កម្ពុជាដែរ ។

យ៉ាងណាក៏ដោយ លោក ប៊ុន បារាំង មើល​ឃើញ​ថា ​កម្ពុជា​មិន​ប្រឈម​នឹង​ការ​ខ្វះខាត​អំបិល​ខ្លាំង​ទេ សម្រាប់ការ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨​នេះ។ មិន​ខ្វះ​ខាត​ខ្លាំង​ដោយ​សារ​កម្ពុជា​នៅ​សល់​អំបិល​ខ្លះ​ពី​ឆ្នាំ​ចាស់​។ លោក​បញ្ជាក់​ថា ការ​ផលិត​អំបិល​មិន​បាន​ដោយ​សារ​បញ្ហា​អាកាស​ធាតុមិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​កម្ពុជា​។ ករណី​ដូច​គ្នា​នេះ កើត​ឡើង​​រៀងរាល់​១០ឆ្នាំ​ម្ដង។​ ជាក់ស្ដែង​នៅ​ឆ្នាំ​២០០៨ កម្ពុជា​ក៏​ប្រមូល​ផល​មិន​បាន​ដូច​ឆ្នាំ​២០១៨ នេះ​ដែរ ។ ហើយ​ជា​ដំណោះ​ស្រាយ​សមាគម ក៏​បាន​សម្រេច​ចិត្ត​នាំ​អំបិល​ពី​ចិន​ដូច​គម្រោង​លើក​នេះ​ដែរ។ នេះ​បើ​តាមលោក ប៊ុន បារាំង។

សូមបញ្ជាក់ថា នៅ​រៀង​រាល់​ឆ្នាំ ការ​ផលិត និង​ប្រមូល​ផល​អំបិល​នៅ​ក្នុង​ខេត្ត​កែប​និង​កំពត ធ្វើ​ឡើង​ចាប់ពីខែកញ្ញា​រហូត​ដល់​ខែ​មេសា​។ ចំណែក ទិន្នផលអំបិល ថា​តើ​ទទួល​បាន​ខ្ពស់ឬ​ទាប វា​អា​ស្រ័​យទាំង​ស្រុង​ទៅលើអាកាសធាតុ។ ពោលគឺ បើមាន​ភ្លៀងច្រើន​និង​ញឹក​ញាប់ នោះអំបិលនឹង​មិន​ទទួលបានទិន្នផលខ្ពស់​ឡើយ។ នៅ​ឆ្នាំ​២០១៦ កម្ពុជាផលិតអំបិលបាន១៤ម៉ឺនតោន លើស​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ដែល​មាន​ប្រមាណ​ជា​១០​ម៉ឺន​តោន​។ ប៉ុន្តែ​ទិន្នផល​អំបិល​បាន​ធ្លាក់​ចុះ​វិញ​ខ្លាំង​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ​មិន​សូវ​អំណោយផល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ