អានតួអត្ថបទ
កម្ពុជា-នយោបាយ

RFA បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក ជុន ច័ន្ទបុត្រ ជា​ចារ​កម្ម​របស់​រដ្ឋាភិបាល​កម្ពុជា

វិទ្យុ​អាស៊ី​សេរី បាន​ចេញ​ប្រកាស​មួយ​នៅ​ថ្ងៃ​នេះ ដោយ​អះអាង​ថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ មិន​មែន​ជា​ចារ​កម្ម​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នោះ​ទេ។ ការបដិ​សេធ​ជា​ផ្លូវ​ការ​នេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន និងបន្ទាប់​ពី​បណ្តាញ​ផ្សព្វផ្សាយ​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ចេញ​ផ្សាយ​សំឡេង​សន្ទនា រវាង​លោក ជុន ច័ន្ទបុត្រ និង​មេទ័ព​ម្នាក់​នា​ពេល​កន្លង​ទៅ។  

លោក ជុន ច័ន្ទបុត្រ និងលោក ម៉ៅ សុផាន់។
លោក ជុន ច័ន្ទបុត្រ និងលោក ម៉ៅ សុផាន់។ @RFI
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន វិទ្យុ​អាស៊ីសេរី បានចាត់ទុក​ការចោទប្រកាន់​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មន្ត្រី​របស់​លោក មក​លើ​ លោក ជុន ច័ន្ទបុត្រ ថាជាការ​ចោទ​ប្រកាន់ "​ខ្វះ​ភាព​សុចរិត និង​ខ្វះ​សច្ចភាព"​។

គួរជម្រាបថា នៅពេលសំណេះសំណាលជាមួយនិស្សិតនិង​អ្នកគាំទ្រ​ប្រហែល​៨០០​នាក់ ​ក្នុង​ទីក្រុង​ស៊ីដនី កាលពីថ្ងៃទី១៦ខែមីនា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា លោក ជុន ច័ន្ទបុត្រ ជា​ចារកម្ម​របស់​លោក​យូរ​ណាស់មក​ហើយ។ លោក​ប្រមុខ​រដ្ឋាភិបាលខ្មែរ បានអះអាងថា លោក ជុន ចាន់បុត្រ ដែលល្បីខាង​វោហាស័ព្ទ ធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បញ្ជាការកងពលតូចលេខ៧០និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីកុំឲ្យភ្នាក់ងារ​ចារម្ម CIA អាមេរិក តាមសម្លាប់​ដូច លោក កែម ឡី។

ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននាថ្ងៃអាទិត្យនេះ វិទ្យុ​អាស៊ីសេរី បានអះអាងថា អ្នកសារព័ត៌មាននៅអាស៊ីសេរី ក៏ដូចជានៅស្ថាប័នផ្សេងទៀតដែរ គឺសុទ្ធតែមានសេរី​ភាព​ពេញលេញក្នុងការនិយាយទាក់ទងជាមួយមន្ដ្រីណាក៏បាន។ និងថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ បានជូនដំណឹងជាផ្លូវការទៅកាន់ថ្នាក់ដឹកនាំអាស៊ីសេរី អំពីជំនួបជាមួយ​មន្ដ្រី​របស់លោក ហ៊ុន សែន និងថែមទាំងបានកត់ត្រា​ទុក​នូវ​កិច្ច​សន្ទនា​គ្នា ជាមួយ​លោក ហ៊ុន ម៉ាណែត និង លោក ម៉ៅ សុផាន់ នោះ​ផង​ដែរ។ សម្រាប់អាស៊ីសេរី អនុប្រធាន​ផ្នែកខេមរភាសារបស់ខ្លួនមិន​បាន​រំលោភ​គោលការណ៍របស់​ស្ថាប័ន​​ទេ។ តាមសេចក្តី​ប្រកាសដដែល។

សូមជម្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ គេហទំព័រ​ Fresh News ដែលស្និទ្ធនឹង​រដ្ឋាភិបាល​នៅតែបន្តផ្សព្វផ្សាយខ្សែអាត់​សំឡេង​នៃការជួប​សន្ទនា រវាង លោក ជុន ច័ន្ទបុត្រ និង​លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលលេខតូច៧០​។ ក្នុងខ្សែអាត់សំឡេងនោះ គឺមាននិយាយពីបញ្ហាមួយចំនួនដូចជា ការសុំឲ្យជួយ​ការពារ​សុវត្ថិភាពលោក ជុន ច័ន្ទបុត្រ ករណីបាញ់​សម្លាប់ លោក កែម ឡី និងរឿងទាក់ទង​នឹង​គណបក្សប្រឆាំងជាដើម។

ប៉ុន្តែក្នុងសេចក្តីប្រកាសរបស់វិទ្យុអាស៊ីសេរី ក៏ដូចជាការបកស្រាយរបស់ ​លោក ជុន ច័ន្ទ​បុត្រ លោក​ទទួល​ស្គាល់​ពីការសន្ទនានោះ តែថា សំឡេងនោះត្រូវបានគេកាត់​ច្រឹបតែ​មួយ​​ផ្នែក ហើយ​កែនិង​កាត់ត ​ជាការប៉ុនប៉ងរបស់អាជ្ញាធរដើម្បីបន្សាប​សំឡេង​ឯករាជ្យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ