ក្រសួងយុត្តិធម៌កំពុងពិនិត្យលទ្ធភាពលើគម្រោងដាក់ឲ្យដំណើរការទោសសហគមន៍
ក្រសួងយុត្តិធម៌កំពុងពិនិត្យលទ្ធភាព លើគម្រោងដាក់ឲ្យដំណើរការទោសសហគមន៍ជាលើកដំបូងនៅកម្ពុជា។ នេះជាគម្រោងសំខាន់មួយបង្កើតឡើងដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ខណៈបច្ចុប្បន្ននេះ ពន្ធនាគារនៅកម្ពុជាមានភាពកកស្ទះដោយសារការកើនឡើងនៃចំនួនអ្នកទោស។ អ្វីទៅជាការអនុវត្តទោសសហគមន៍?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
មែនទែនទៅការអនុវត្តទោសសហគមន៍នេះមានចែងរួចទៅហើយនៅក្នុងបញ្ញត្តិនៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា។ ការអនុវត្តទោសសហគមន៍គឺស្ថិតនៅក្នុងរូបភាពមួយដែលទណ្ឌិតចេញមកធ្វើការនៅសហគមន៍ជំនួសឲ្យការឃុំខ្លួន។
តើបទល្មើសប្រភេទណាដែលទណ្ឌិតអាចអនុវត្តទោសសហគមន៍បាន លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចបញ្ជាក់បានទេ ព្រោះគម្រោងនៅមិនទាន់លេចចេញជារូបរាង។ តែលោកបង្ហើបថា វាអាស្រ័យទៅលើកម្រិតវប្បធម៌របស់ទណ្ឌិតគាត់មានបំណងចង់ចូលរួមចំណែកកសាងសហគមន៍ដែរទេ? សំខាន់ទៀតនោះ គឺអត្តចរឹករបស់ទណ្ឌិតជាមនុស្សប្រភេទណា?
ត្បិតតែមិនទាន់ដឹងថា គម្រោងនៃការដាក់ឲ្យអនុវត្តទោសសហគមន៍នេះធ្វើឡើងនៅថ្ងៃណាក៏ដោយ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា គម្រោងនេះគឺធ្វើឡើងដោយភាពប្រយ័ត្នប្រយែងខ្លាំងមែនទែន។ ហើយវាក៏ទំនងជាប្រើពេលវេលាយូរទៀតដើម្បីឲ្យគម្រោងនេះចេញ។
ដោយឡែក បន្ថែមពីលើកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ គុណសម្បត្តិនៃគម្រោងដាក់ឲ្យដំណើរការទោសសហគមន៍គឺ អាចទាញយកចំណេះដឹងពីទណ្ឌិតទៅបំរើក្នុងសហគមន៍។ នេះក្នុងករណីដែលទណ្ឌិតមានចំណេះដឹងគ្រប់គ្រាន់អាចប្រើការបាននៅក្នុងសហគមន៍។
ចំពោះគុណវិបត្តិវិញ ប្រជាពលរដ្ឋទូទៅអាចនឹងមានការយល់ច្រឡំជុំវិញការអនុវត្តច្បាប់របស់តុលាការ និងសមត្ថកិច្ចថា តើហេតុអ្វីទណ្ឌិតរូបនោះធ្វើខុសហើយនៅឡើយបណ្ដោយឲ្យនៅក្រៅឃុំទៀត។ ចំងល់ដែលគ្មានការបក់ស្រាយនេះអាចធ្វើឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការតាមរយៈការញុះញុង និងអុជអាល។
សូមបញ្ជាក់ថា ជំហរនៃគម្រោងដាក់ឲ្យដំណើរការទោសសហគមន៍នេះក្រសួងយុត្តិធម៌ក៏បានលើកឡើងនៅចំពោះមុខលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៏ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពី លោកស្រីបង្ហាញកង្វល់នៃភាពចង្អៀតណែននៃចំនួនអ្នកទោសនៅកម្ពុជា។ លោកស្រីស្នើឲ្យមានការកាត់បន្ថយការឃុំខ្លួនបណ្តោះអាសន្ន និងចង់ឲ្យមានការអនុវត្តទោសនៅក្រៅពន្ធនាគារដែរ។
បច្ចុប្បន្នដំណោះស្រាយនៃការបន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារគឺពង្រីកទំហំ និងកសាងពន្ធនាគារបន្ថែម។ ឥលូវពន្ធនាគារនៅកម្ពុជាមានចំនួនមិនដល់១០ផងទេនៅទូទាំងប្រទេស ខណៈចំនួនអ្នកទោសនៅទូទាំងមានចំនួនជិត២ម៉ឺននាក់។ ក្នុងចំនួននេះ អ្នកទោសជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមានចំនួនច្រើនជាងគេ រហូតជាង៧០ភាគរយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ