អានតួអត្ថបទ
កម្ពុជា-ច្បាប់

កម្ពុជា​នឹង​ស្នើ​ទៅ​ប្រទេស​ថៃ ធ្វើ​បត្យាប័ន លោក សម សេរី មក​អនុវត្ត​ទោស​នៅ​ស្រុក​ខ្មែរ

អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ថា កម្ពុជា​នឹង​ស្នើ​សុំ​ធ្វើ​បត្យាប័ន​នាំ​ខ្លួន​លោក សម សេរី ប្រធាន​ចលនារណសិរ្សរំ​ដោះ​ជាតិ​​ខ្មែរ មក​អនុវត្ត​ទោ​សបន្ត​នៅ​កម្ពុជា ពី​បទ​រួម​គំនិត​ក្បត់។ គម្រោង​នៃ​ការ​នាំ​ខ្លួនលោក សម សេរី មក​កម្ពុជា​វិញនេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួនលោក សម សេរី បាន​កាល​ពី​ថ្ងៃ​ទី​២៥​មេសា​ម្សិលមិញ​។

រូបភាព​៖លោក សម សេរី ដែលកម្ពុជានឹងស្នើទៅប្រទេសថៃ ធ្វើបត្យាប័ន លោក សម សេរី មកអនុវត្តទោសនៅស្រុកខ្មែរ
រូបភាព​៖លោក សម សេរី ដែលកម្ពុជានឹងស្នើទៅប្រទេសថៃ ធ្វើបត្យាប័ន លោក សម សេរី មកអនុវត្តទោសនៅស្រុកខ្មែរ @RFI
ផ្សាយពាណិជ្ជកម្ម

«កម្ពុជា​សង្ឃឹម​ថា ថៃ​នឹង​យោគយល់​ប្រគល់​លោក សម សេរី ឲ្យ​មក​ទទួល​ទោស​បន្តនៅ​កម្ពុជា»។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។

បើ​តាម​មន្ត្រី​ដដែល លោក សម សេរី នឹង​ត្រូវ​នាំ​ខ្លួន​ទាក់ទង​នឹង​បទ​រួម​គំនិត​ក្បត់។ ជា​បទ​​ល្មើស​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដោយ​កំបាំង​មុខ ដាក់​ពន្ធនាគារ​៩​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៤ ទាក់​ទង​នឹង​គម្រោង​ផ្ដួល​រលំ​រដ្ឋាភិបាល​កម្ពុជា។

គួរ​កត់​សម្គាល់​ថា រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​ថៃ​នៅមិនទាន់​បញ្ជាក់​អំពី​ហេតុផល​នៃ​ការ​ឃាត់​ខ្លួន​លោក សម សេរី នៅឡើយទេ។ តែសមាជិកនៃចលនារណសិរ្យ​រំដោះ​ជាតិ​ខ្មែរ បានអះអាងតាមបណ្ដា​ញសង្គមហ្វេសបុកថា ការចាប់ខ្លួនលោក សម សេរី ធ្វើ​ឡើងខណៈដែលលោក​ទៅ​សុំបន្តទិដ្ឋាការរស់នៅប្រទេសថៃ ហើយភ្លាមនោះ​អាជ្ញាធរ​ក៏​សម្រចបញ្ជូនលោក សម សេរី ទៅឃុំខ្លួនតែម្ដង។

កាល​ពី​ដើម​ខែ​មេសា​ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក សម សេរី មាន​គម្រោង​បង្ក​ហេតុ​ចលាចល​ឲ្យ​មាន​សំឡេង​ផ្ទុះ នៅ​វត្ត​ភ្នំ និង​ក្នុង​ខេត្ត​សៀមរាប នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ប៉ុន្តែ​លោក សម សេរី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​គូស​បញ្ជាក់​ថា លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​ការ​បំផ្ទុះ​គ្រាប់​បែក ដូច​ការ​ចោទ​ប្រកាន់​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ​។

គួររម្លឹកឡើង​វិញថា លោក សម សេរី គឺជា​ប្រធាន​ចលនារណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​ចលនា​នេះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក។ ចលនា​រណសិរ្យ​រំដោះជាតិខ្មែរ​របស់​លោក សម សេរី ធ្វើ​សកម្មភាព​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ដោយ​អះអាង​ថា រាល់​សក​ម្ម​ភាព​របស់​ខ្លួន ធ្វើ​ឡើង​ដើម្បី​តស៊ូ “រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​អាណា​និគម​បែប​ថ្មីរបស់​វៀត​ណាម និង​របប​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ