អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ញឹក ប៊ុនឆៃ បន្ត​អះអាង​ពី​ភាព​ស្អាត​ស្អំ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​

លោក ញឹក ប៊ុនឆៃ ​​ទើប​ត្រូវ​បាន​អង្គ​សមាជ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណ​បក្ស​ខ្មែរ​រួប​​រួម​​ជាតិ​​ឡើងវិញ​នៅថ្ងៃ​សៅរ៍នេះ ​បន្ទាប់​ពី​​លោក​​ត្រូវ​​បាន​​តុលាការ​​ដោះ​លែង​​ឲ្យ​​នៅ​​ក្រៅ​​ឃុំ​​ជា​បណ្ដោះ​​អាសន្ន​​។ ​​ក្នុង​​ឱកាស​​សមាជ​​គណបក្ស​​ខ្មែរ​​រួបរួម​​ជាតិ​​នោះ​ លោក​ ញឹក ​ប៊ុនឆៃ​ បាន​អំពាវ​នាវ​ឲ្យ​​ធ្វើ​​ការ​​ស៊ើប​​អង្កេត​​ឲ្យ​​បាន​ហ្មត់​ចត់​ និង​ត្រឹម​​ត្រូវ​ ចំពោះ​ករណី​ដែល​ចោទ​ថា ​អតីត​ឧបនាយក​រដ្ឋមន្រ្តី​រូប​នេះជាប់​ពាក់​ព័ន្ធ​នឹង​ការ​​ផលិត​​គ្រឿង​​ញៀន​កាល​ពីអំឡុង​១០​ឆ្នាំ​មុន​។ ​លោក​ អះអាង​ទៀត​​ថា​ មក​ដល់ពេល​នេះ ​មិន​មាន​ភស្តុតាង​អ្វី​​ដាក់​​បន្ទុក​​លើ​​រូប​​លោក​​ឡើយ​​។​

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ @អ៊ឹង ប៊ុនថន
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗបន្ទាប់ពីត្រូវ​បាន​អង្គសមាជជ្រើស​រើសឲ្យ​ឡើងធ្វើ​ជាប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ឡើងវិញ លោក ញឹក ប៊ុនឆៃ បានថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅផ្ទះ​របស់​លោក​ថា លោក​មានការ​សប្បាយ​រីករាយ ​ដែលលោក​បានចូល​ខ្លួនទៅដោះស្រាយ​បញ្ហា​ចោទ​ប្រកាន់​ទាំងអស់នៅ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​កាល​ពី​ជាង​១០​ឆ្នាំ​មុន​។

បើតាមអតីតនាយឧត្តមសេនីយ៍ផ្កាយ៤ និងជាអតីតឧបនាយករដ្ឋមន្រ្តីរូបនេះ មក​ដល់​បច្ចុប្បន្ន មិនមានភស្តុតាងអ្វី​ដាក់​បន្ទុក​លើ​រូប​លោក​ពាក់​ព័ន្ធនឹងបញ្ហាគ្រឿង​ញៀននោះ​ឡើយ​។

សូម​រំឮក​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​​បាន​​តុលាការ​​​ក្រុង​ភ្នំពេញ​ចេញ​​ដីកា​​​ដោះ​​លែង​​​​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​កាលពីដើមខែឧសភា​កន្លង​ទៅ បន្ទាប់ពីលោកបាន​ជាប់​ឃុំ​អស់​រយៈ​ពេល​​៩ខែចោទប្រកាន់ពាក់​ព័ន្ធ​​នឹង​​ការ​ផលិត​គ្រឿង​ញៀន ​កាល​ពី​១០ឆ្នាំមុន។

ក្រៅពីការចោទ​ប្រកាន់​ពាក់ព័ន្ធគ្រឿងញៀន​ដែលលោក​អះអាងមិនមានភស្តុតាង​ដាក់​បន្ទុកនោះ លោក ញឹក ប៊ុនឆៃ ក៏បានទទួលស្គាល់ការ​លើក​ឡើងថា លោកមានទំនាក់​ទំនង​ជាមួយ​អតីតគណបក្សសង្រ្គោះជាតិ​មុនពេលចាប់ខ្លួន​។ ប៉ុន្តែ​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត លោក ញឹក ប៊ុនឆៃ អះអាងថា ការដែលលោក​ទាក់ទង​ទៅ​លោក អេង ឆៃអ៊ាង គឺដោយសារតែ​ច្រ​ឡំ​លេខ​ទូរសព្ទរបស់​សកម្មជនលោកម្នាក់នៅខេត្ត​កំពង់​ធំដែលមានឈ្មោះ​ស្រដៀងគ្នានេះ​។

បើទោះបីជាតុលាការមិនទាន់ទម្លាក់ចោលបទចោទ​ទាំងស្រុង​ក៏ដោយ តែលោក ញឹក ប៊ុនឆៃ បញ្ជាក់ថា លោក​មិនរត់គេចវេសទៅណាទេ គឺនៅ​បន្តដឹកនាំគណបក្ស​ខ្មែរ​រួបរួមជាតិឡើងវិញ ដើម្បី​ចូលរួមបោះឆ្នោត​នៅថ្ងៃទី២៩​កក្កដាខាងមុខ ខណៈ​គណ​បក្សនេះដាក់បេក្ខជនគ្រប់​មណ្ឌល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ