អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​យុត្តិ​ធម៌​ថា ​លោក​ សម​ រង្ស៊ី​ «​មិន​ចេះ​ច្បាប់​ និង​ខ្វះ​ការ​យល់​ដឹង​អំពី​នីតិ​វិធី​តុលា​ការ​»

ក្រសួងយុត្តិធម៌ ​បានចេញ​សេចក្តី​ថ្លែង​ការណ៍មួ​យ​នៅថ្ងៃ​អាទិត្យ​នេះ ​ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ​សម​ រង្ស៊ី​ ដែល​ថា​ ការ​ឃុំខ្លួន​លោក ​កឹម ​សុខា ​នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​៣ ​ខែមីនា​ ឆ្នាំ​២០១៩​។ ​ជា​ប្រតិ​កម្ម​​បន្ទាប់​ពី​​លោក​ សម ​រង្ស៊ី​ បាន​បក​ស្រាយ​តាម​វិទ្យុ​​អាស៊ី​សេរី​កាលពី​យប់​ម្សិល​មិញ​ ទាក់​ទង​​នឹង​​មូល​ហេតុ​​ដែល​​លោក​​បាន​បបួល ​លោក​ ហ៊ុន​ សែន ​ភ្នាល់​គ្នា​ករណី​ដោះលែង​ ឬ​មិន​ដោះលែង​ លោក​ កឹម​ សុខា​។​

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ Sam Rainsy/ FB Page
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់​ទុក​ការ​លើក​ឡើង​របស់លោក សម រង្ស៊ី ថា«មិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ»។

បើតាមក្រសួងយុត្តិធម៌ លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវតុលាការក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទល្មើសក្បត់ជាតិ តាម​មាត្រា​៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទឧក្រិដ្ឋនេះ មានទោសជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។ សម្រាប់បទឧក្រិដ្ឋនេះ ការឃុំខ្លួនបណ្តោះអាសន្ន គឺអាចមានរយៈពេល ៦ខែ និងអាចពន្យារពេលម្តងបាន ៦ខែចំនួនពីរដង។ នេះ​ជាការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានអះអាងថា អន្តរជាតិ​នឹង​បង្ខំ​លោក ហ៊ុន សែន ឲ្យ​ដោះលែង លោក កឹម សុខា យ៉ាងយូរត្រឹម​ថ្ងៃទី៣ខែមីនាឆ្នាំ២០១៩ ហើយថា លោក ហ៊ុន សែន បានចូលស៊ង​របស់​លោកនៅ​ពេល​លោក​បបួល​ភ្នាល់​ករណី​លោក​ កឹម សុខា​។

ជាការបកស្រាយបន្ថែមទៅលើអ្វីដែល លោក សម រង្ស៊ី បានបបួលលោក ហ៊ុន សែន ភ្នាល់គ្នាដោយដាក់លក្ខខណ្ឌថា បើលោក សម រង្ស៊ី ថា ឈ្នះការភ្នាល់ លោកសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ តែបើខ្លួនលោកចាញ់វិញ លោកសុខចិត្តឲ្យលោក ហ៊ុន សែន ចាប់ខ្លួន យកទៅឃុំទន្ទឹមគ្នានឹងលោក កឹម សុខា ហើយ លោក ហ៊ុន សែន ក៏បានទទួលយកការភ្នាល់នេះ។

ប៉ុន្តែសហមេធាវី​ការពារ​ក្តីឲ្យ​លោក កឹម សុខា បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​រសៀល​​ថ្ងៃសៅរ៍ ដោយហៅ ការ​យក​សេរីភាព​ លោក កឹម សុខា ដែលជាអ្នក​នយោបាយ​ផ្សាភ្ជាប់​ទៅ​នឹង​នយោបាយជាតិមក​ភ្នាល់ គឺ​ធ្វើ​ឲ្យជាតិ​កាន់តែ​បែក​បាក់​ធ្ងន់​ធ្ងរ​ និង​ឈឹ​ផ្សារ​ថែមទៀត។

បើតាម​ក្រុម​មេធាវីដដែល បើសិនជាតុលាការ​ដោះលែង លោក កឹម សុខា ឲ្យមាន​សេរីភាព​វិញ នោះ​មិនមាន​ន័យថា លោក ហ៊ុន សែន ចាញ់​ការភ្នាល់​នោះទេ ព្រោះ​ជានីតិវិធី​ច្បាប់​ដែល​ត្រូវ​អនុវត្ត ហើយថាក៏គ្មានអ្នកចាញ់ និង​អ្នកឈ្នះដែរ គឺខ្មែរ​ជាអ្នក​ឈ្នះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ