អានតួអត្ថបទ
កម្ពុជា-សង្គម

ស្ថាបនិក​អង្គការ​មីន​ លោក អាគីរ៉ា ត្រូវ​បាន​ដោះ​លែង តែ​អង្គការ​របស់​លោក​នៅ​បន្ត​បិទ​ទ្វារ

លោក​អាគីរ៉ា​ឈ្មោះ​ដើម​អឿន​យក្ស ជា​ស្ថាប​និក​នៃ​អង្គការ​សារ​មន្ទីរ​គ្រាប់​មីន រួម​នឹង​មនុ​ស្ស​​២​នាក់​ផ្សេង​ទៀត ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា។ បើ​ទោះ​ជាលោក​អាគីរ៉ា​បាន​នៅ​ក្រៅ​ឃុំ​ពិត​មែន តែ​អង្គការ​សារមន្ទីរ​គ្រាប់​មីន ស្ថិត​ក្នុងស្រុក​បន្ទាយ​ស្រី មិន​ទាន់​បើក​ទ្វារ​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​សៅរ៍​នេះ។

រូបភាព៖លោក អាគីរ៉ា និងសមាជិកនៃអង្គការសារមន្ទីរគ្រាប់មីន
រូបភាព៖លោក អាគីរ៉ា និងសមាជិកនៃអង្គការសារមន្ទីរគ្រាប់មីន @ប៉ូលីសជាតិ
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន លោក​អាគីរ៉ា​ និង ​សមាជិក​២​នាក់​ទៀត​ដែល​ជា​អនុ​ប្រធាន និង​ជា​បុគ្គលិក​អង្គការ​សារ​មន្ទីរ​គ្រាប់​មីន បាន​ត្រឡប់​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។

បើ​ទោះ​បី​ជាចេញ​មក​នៅ​ក្រៅ​ឃុំ​ហើយ​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា អ្នក​ទាំង​បី នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ ឬ​ក៏​អត់ ខណៈ​ដីកាបង្គាប់ឲ្យដោះលែងឲ្យនៅក្រៅឃុំប​ណ្ដោះ​អា​សន្ន មិន​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញ​ជា​សាធារណៈ​នោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក សួស ណារិន មន្ត្រី​អង្គការ​អាដ​ហុកប្រចាំ​ខេត្ត​សៀមរាប ដែល​បាន​ថ្លែង​ប្រាប់វិទ្យុ​បារាំង​អន្ដរជាតិនៅ​ថ្ងៃ​សៅរ៍​នេះ​។

ជា​ការ​កត់​សម្គាល់ រហូត​មក​ទល់​ថ្ងៃ​សៅរ៍​នេះ ទីស្នាក់ការ​អង្គការសារមន្ទីរ​គ្រាប់​មីន ស្ថិត​ក្នុងស្រុក​បន្ទាយស្រី នៅ​តែ​បន្ត​បិទ​ទ្វារ បើ​ទោះ​បី​ជា​ស្ថាបនិក​នៃ​អង្គការ​នេះ ត្រូវ​បាន​ដោះ​លែង​ក៏​ដោយ។ ទន្ទឹម​នឹង​ការ​បិទ​ទ្វារ សមត្ថ​កិច្ច​ក៏​នៅ​តែ​បន្ត​ឈរ​ជើង​យាមកាម​យ៉ាង​តឹង​រ៉ឹង​នៅ​ទី​នោះ​ដដែល​។ នេះបើតាម លោក សួស ណារិន។ អនាគត​នៃ​​អង្គការសារមន្ទីរ​គ្រាប់​មីនរបស់លោក អាគីរ៉ា ថា​តើ​នឹង​បើក​ដំណើរការឡើងវិញ​ឬ​អត់ ស្ថិត​នៅ​ក្នុង​ភាព​ស្រពេច​ស្រពិល ខណៈ​កុមារ​កំព្រា​១៧​នាក់​ដែល​ពី​មុន​រស់​នៅ​ក្នុង​បន្ទុក​មើល​ថែ​របស់ លោក អាគីរ៉ា ត្រូវបាន​បញ្ជូន​ទៅ​ក្រសួង​សង្គម​កិច្ច​ដើម្បី​មើ​ល​​ថែ​ប​ណ្ដោះ​​​អាសន្ន។

សូម​ជម្រាប​ជូន​ថា លោក អាគីរ៉ា និងបុគ្គលិករួមការងាររបស់​លោក ត្រូវចាប់​​ខ្លួន​នៅថ្ងៃទី២៨ខែសីហា ​ក្រោម​បទ​ចោទ​លាក់​ទុកអាវុធ​ខុស​ច្បាប់។ ក្រៅ​ពី​ជា​ស្ថាបនិក​សារមន្ទីរ​មីន​ក្នុង​ខេត្ត​សៀមរាប លោក​អាគីរ៉ា មាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុះសាយ​​ទាំង​នៅ​​ក្នុងនិង​ក្រៅ​​ប្រទេស ដោយ​សារ​លោក​ត្រូវ​បាន​​ទូរទស្សន៍ CNN ផ្ដល់​ងារ​ជា​ «វីរបុរស CNN ឬ CNN Heroes» កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ តាម​រយៈ​សកម្មភាព​បោស​សំអាត​មីន​ដោ​យ​ស្ម័គ្រ​ចិត្ត​របស់​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ