២០១១ដល់២០១៧៖ មនុស្សស្លាប់ដោយសារគ្រុនចាញ់ថយចុះ៩៣នាក់មកនៅ១នាក់
ថ្ងៃនៅថ្ងៃទី២៥មេសានេះ គឺទិវាគ្រុនចាញ់ពិភពលោក។ នៅកម្ពុជាបានរៀបចំទិវានេះក្រោមប្រធានបទ«ត្រៀមរួចជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់»។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧ មនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះពី៩៣នាក់មកនៅត្រឹម១នាក់។
ចុះផ្សាយនៅថ្ងៃ៖
អត្រានៃការធ្លាក់ចុះចំនួនមនុស្សស្លាប់ពី៩៣នាក់មក១នាក់នេះ គឺជាចំនួនមួយស្ថិតនៅក្នងផែនការយុទ្ធសាស្ត្រជាតិលុបបំបាក់ជំងឺគ្រុនចាញ់២០១១ដល់២០២៥ របស់រដ្ឋាភិបាល។ តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល ស្ដីពីកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ពីឆ្នាំ២០១១ដល់២០២៥ បានគូសបញ្ជាក់ថា អត្រានៃស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះពី៩៣មក១នាក់គឺជាជោគជ័យមុនគោលដៅគ្រោងទុក។ ចំណែកករណីមនុស្សឈឺត្រូវបានកាត់បន្ថយ៦២ ៥៨០ ករណីមកនៅត្រឹម ៣៦ ៤៥៦ករណី។
ទោះនេះ ជាជោគជ័យយ៉ាងណាក៏ដោយ សម្រាប់ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសទិវាគ្រុនចាញ់ពិភពនេះដែរ បានរម្លឹកជាសាធារណៈថា មិនត្រូវភ្លេចខ្លួនព្រោះបញ្ហានេះឡើយ។ មិនភ្លេចខ្លួនព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា។ ហើយម្យ៉ាងទៀតកម្ពុជាមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឲ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់គ្នានៅឡើយទេ។ ប្រមុខរដ្ឋាភិបាលហ៊ានអះអាងដូច្នេះដោយសារតែសត្វមូសដែកគោញីនៅតែមាននៅក្នុងព្រៃ និងតំបន់ជុំវិញហើយសត្វមូសនេះ វាមានឱកាសចម្លងជំងឺគ្រុនចាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ពីហគមន៍មួយទៅសហគមន៍។
ចំពោះសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលក្រសួងសុខាភិបាលកំពុងបានប្រតិបត្តិការក្នុងយុទ្ធសាស្ត្រធំៗចំនួន៥ក្នុងអភិក្រមការងារ ឆ្នាំ២០១១ ដល់ ឆ្នាំ២០២០ រួមមាន៖ ផ្តល់សេវាពិនិត្យនិងព្យាបាលដោយធ្វើរោគវិនិច្ឆ័យច្បាស់លាស់១០០ភាគរយ លើរាល់ករណីសង្ស័យមានជំងឺគ្រុនចាញ់ និងផ្តល់ការព្យាបាលដោយថ្នាំមានប្រសិទ្ធភាពគ្មានភាពស៊ាំ។ លាបថ្នាំការពារមូសខាំនិងមុងជ្រលក់ថ្នាំត្រូវបានផ្តល់ជួនប្រជាពលរដ្ឋតាមគោលដៅជាប្រចាំដោយមិនគិតថ្លៃដើម្បីបង្ការមូសខាំបង្កឡើងដោយសារមូសដែកគោលញី។ ចំណែកការបាញ់ថ្នាំសម្លាប់មូសដែកគោលញីនៅជុំវិញផ្ទះប្រជាពលរដ្ឋចំណុចដែលចម្លងជំងឺគ្រុនចាញ់ត្រូវបានយកចិត្តទុកដាក់ខ្ពស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ