rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់ តុលាការ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សាលា​ដំបូង​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ លោក គឹម សុខ នៅ​ថ្ងៃ​ទី​១៨ កក្កដា​ ជាថ្មី

media
រូបថតៈលោក គឹម សុខ អ្នកវិភាគនយោបាយ @FB

តាម​គម្រោង​នៅ​ថ្ងៃ​ទី​១៨​កក្កដា​ខាង​មុខ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនា​ការ​​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ លោក គឹម សុខ អ្នក​វិភាគ​នយោ​បាយ ​ជាថ្មី​បន្ទាប់​ពី ត្រូវ​បាន​តុលាការ​ច្រាន​ចោល​ម្ដង​រួច​មក​ហើយ។ សវនាការ​នេះ​គឺ​ដើម្បី​សុំ​ឲ្យ​លោក គឹម សុខ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​មុន​សវនាការ​ជម្រះ​អង្គ​សេចក្ដី​មក​ដល់​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា។  


សវនាការ​នៅ​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ខាង​មុខ​នេះ គឺ​ពាក់​ព័ន្ធ​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​តាម​ពាក្យ​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ។ ដែល​កាល​ណោះ​លោក គឹម សុខ អ្នកវិភាគ​នយោ​បាយ​​ចោទ​ថា គណបក្ស​ប្រជាជន នៅ​ក្រោយ​ខ្នង​ឃាតកម្ម​បាញ់​សម្លាប់​ លោក កែម ឡី ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក ជួង ជូងី មេធាវី លោក គឹម សុខ បាន​គូស​បញ្ជាក់​ថា ក្រៅ​ពីសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នៅ​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ សាលា​ដំបូង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​ទាំង​មូល​ថា តើ​លោក គឹម សុខ ពិត​ជា​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ពិត ឬ​យ៉ាង​ណា? ដូច្នេះ​សវនាការ​នៅ​ថ្ងៃ​ទី១៨ ខែកក្កដា គឺ​ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​បណ្ដោះ​អាសន្ន​មុន​សវការ​លើ​អង្គសេចក្ដី​ទាំង​មូល​ចាប់​ផ្ដើម។

បើ​តាម​លោក ជួង ជូងី សំណុំ​រឿង​របស់​លោក គឹម សុខ បាន​ឡើង​ទៅ​ដល់​ដៃ​តុលា​ការ​កំពូល​បី​ករណី​រួច​រាល់​ហើយ​ដោយ​រួមមានៈ ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន និង​បណ្ដឹង​សុំ​ឲ្យ​ដើម​បណ្ដឹង​មក​ត​ទល់​នៅ​តុលាការ។ តែ​សរុប​មក​វិញ​បណ្ដឹង​ទាំង​នេះ​នៅ​តែ​មិន​អាច​ជួយ​លោក គឹម សុខ ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ដដែល។

សូមរម្លឹកឡើងវិញ​ថា ក្រៅ​ពី​រង​បណ្ដឹង​ពី​លោក​ ហ៊ុន សែន ដែល​លោក គឹម សុខ ចោទថា គណបក្ស​ប្រជាជន​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី លោក គឹម សុខ ដែល​អះអាង​ដោយ​ខ្លួន​ឯង​ថា ជា​កូន​សិស្ស​លោក កែម ឡី ផ​ងនោះ នៅ​រងបណ្ដឹង​មួយ​ទៀត​ពី​លោក ហ៊ុន សែន បន្ទាប់​ពី​គាត់​និយាយ​ថា រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធសម្លាប់​មនុស្ស​រក​ឃាតករ​មិន​ឃើញ។ ក្នុង​បណ្ដឹង​នេះ​លោក ហ៊ុន សែន ទារ​សំណងជំងឺ​ចិត្ត​ពី​លោក គឹម សុខ ២៥០០​ដុល្លារ បន្ទាប់​ពី​បណ្ដឹង​ដំបូង​ទារ​សំណង​ជំងឺ​ចិត្ត​៥០ម៉ឺន​ដុល្លារ​ពី លោក គឹម សុខ ។

ក្រៅ​ពី​លោក គឹម សុខ លោកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្រោយ​ពី​លោកស្រីនិយាយ​ថា លោក​ហ៊ុន សែន នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី ។ លោក សម រង្ស៊ី ក៏ជាប់​បណ្ដឹង​ដូច​គ្នា​ដែរ។ ហើយ​ថ្មី​ៗ​នេះ​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​បន្ទាប់​ពី​គាត់និយាយ​ថា លោក ហ៊ុន សែន សម្លាប់​លោក កែម ឡី ៕