rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្មករ គណបក្សនយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណ​បក្ស​អំណាច​ខ្មែរ​ប្រកាស​មិន​ចូល​រួម​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​

media
លោក សួង សោភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ @សហការី

គណបក្ស​អំណាច​ខ្មែរ​ បាន​ប្រកាស​ថា ​នឹង​​មិន​​ចូល​​រួម​​បោះ​ឆ្នោត​​ថ្នាក់​ជាតិ​​នៅ​ខែ​កក្កដា​ខាង​មុខនេះ​ទេ​។ ​ការ​បដិសេធ​មិន​ចូល​រួម​បោះ​ឆ្នោត​ ដោយ​គណ​បក្ស​អំណាច​ខ្មែរ​ អះ​អាង​ថា ​មក​ពី ​គ្មាន​អាជ្ញា​កណ្តាល​ឯករាជ្យ​ និង​​ការ​​ធ្វើ​​វិសោធនកម្ម​​ច្បាប់​​ដក​​ហូត​​អាសនៈ​របស់​​បក្ស​​ជាប់​​ឆ្នោត​​ដែល​ផ្ទុយ​នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ​


នៅក្នុង​​សេចក្តី​ថ្លែងការណ៍​​របស់ខ្លួន​ ថ្ងៃ​ទី​២៧​ខែ​មេសានេះ​ គណបក្សអំណាច​ខ្មែរ បានអះអាងថា មនុស្សជំនាន់ថ្មីដែលដឹកនាំគណបក្សនេះ មិន​ចូល​រួមការ​បោះ​ឆ្នោតជា​​ដាច់​ខាត​ ដោយ​ថា​ការ​បោះ​ឆ្នោត​មានតែ​​អាជ្ញាកណ្តាល​មិន​ឯករាជ្យ។ គណបក្សដឹក​នាំ​ដោយ​ប្រធានថ្មី គឺលោក សួង សោភ័ណ្ឌ ដែល​ឡើង​ជំនួស លោក សួន សេរីរដ្ឋា ដែលកំពុងជាប់ពន្ធនាគារនោះ បានអះអាងទៀតថា គណបក្ស​អំណាច​ខ្មែរ​ មិន​ធ្វើនយោបាយ​តាម​​ការបង្គាប់​បញ្ជា ចូល​រួម​បំពេញ​ភាព​ស្រប​ច្បាប់ តាម​បំណង​គណបក្សណាមួយឡើយ។​​

លោក យិន ឈឿន អ្នកនាំពាក្យ​គណបក្សអំណាច​ខ្មែរ បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ថា ការ​ដែល​លោក សួន សេរី​រដ្ឋា ត្រូវជាប់ពន្ធនាគារហើយលា​លែង ពីគណបក្សនេះ គឺមិន​មែន​ជាមូលេហតុ​ដែលនាំគណបក្សអំណាចខ្មែរ​ បដិសេធ​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​នោះឡើយ។ ហើយថា បើចូលរួមបោះឆ្នោត​ក្នុង​កាលៈទេសៈបែបនេះ គឺលទ្ធផលគ្រាន់​តែ​កំដរឆាក​ឲ្យ​គណបក្ស​កាន់អំណាចតែប៉ុណ្ណោះ។ នេះជាបញ្ជាក់បន្ថែម​របស់ លោក យិន ឈឿន។

សូម​ជម្រាប​ជូន​ថា រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ថា​តើ​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​ប៉ុន្មាន​​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ។ ​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​ចាប់​ផ្ដើម​​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ចូលរួមការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ​នីតិ​កាល​ទី៦​ ​ឆ្នាំ​២០១៨​ ​ចាប់​ពី​ថ្ងៃ​ទី​៣០​ ​ខែ​មេសា​​ ​ដល់​ថ្ងៃទី​១៤​ ​ខែ​ឧសភា​​​ខាង​មុខ។ ប៉ុន្តែ គ.ជ.ប ឲ្យដឹងថា មានគណបក្សនយោបាយចំនួន៣៧ ត្រូវបានក្រសួង​មហាផ្ទៃទទួលស្គាល់ថា​ស្រប​ច្បាប់ ខណៈគណបក្សចំនួន៦៧ត្រូវបានលុបឈ្មោះចោល៕