អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​អតីត​មន្ត្រី​សង្គ្រោះជាតិ​មើល​គំរូ​ល្អ លោក ប៉ុល ហំម

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​រម្លឹក​ទៅ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​១១៨​នាក់​ដែល​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​គួរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​យក​គំរូ​តាម​លោក ប៉ុល ហំម​។ លោក ប៉ុល ហំម អតីត​អ្នក​នយោបាយ​ជើង​ចាស់ ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ស្តីទី​គណ​បក្ស​​សង្រ្គោះជាតិ ត្រូវបាន​មន្ត្រី​ក្រសួង​មហាផ្ទៃ​លើក​សសើរ​ថា មិន​ដែល​មក​ពាក់​ព័ន្ធក្នុង​រឿង​នយោបាយ​ទៀត​ឡើយ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ។

រូបភាព លោក ប៉ុល ហំម
រូបភាព លោក ប៉ុល ហំម @RFI
ផ្សាយពាណិជ្ជកម្ម

ភាព​ស្ងៀម​ស្ងាត់​របស់​លោក ប៉ុល ហំម ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១១៨​នាក់​ដែល​បាន​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​គឺ​ជា​គំរូ​ដ៏​ល្អ​បង្ហាញ​ពី​ការ​រស់​នៅ​ចុះ​សម្រុង​គ្នារវាង​ខ្មែរ និង​ខ្មែរ។ លោក ប៉ុល ហំម គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល ឯទៀត​បានគោរព​សាល​ដីការ​បស់​តុលា​កំពូល។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។

ការ​ថ្លែង​របស់ លោក ខៀវ សុភ័គ បែប​នេះ​ធ្វើ​ឡើង​ស្របពេល​ដែល​សមាជិក​ចលនា​សង្គ្រោះ​ជាតិ និង​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​ត្រូវ​បាន​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត។ ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ដាក់​​ពាក្យ​ប្ដឹង​មនុស្ស​៥​នាក់​ដែល​ជា​បុគ្គល​សំខាន់ៗ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​ចល​នា​សង្គ្រោះជាតិ ដែល​រដ្ឋាភិបាល​ហៅ​ថា ជា​ចលនា​ខុស​ច្បាប់។

តែ​យ៉ាង​ណា​មិញ​មក​ដល់​ថ្ងៃ​នេះ លោក ខៀវ សុភ័គ នៅ​តែ​មិន​ទាន់​បង្ហាញ​ឲ្យ​បា​ន​ច្បាស់​ថា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំង​៥​រូប​នោះ​ជា​អ្នក​ណា​ឡើយ។ ត្បិត​តែមិន​បញ្ចេ​ញ​ឈ្មោះ តែ​បាន​បង្ហាញ​សកម្មភាព​លោក ខៀវ សុភ័គ ថា ពួកគេ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​​កៀងគរ​ឲ្យ​បរទេស​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​ចំណោម​នោះមាន​ម្នាក់​ដែល​ទាមទារ​ឲ្យ​គេ​ព្យួរ​អសនៈ​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ។ បើ​តាមលោក ខៀវ សុភ័គ កាល​ដែល​បន្ត​លាក់​អត្តសញ្ញាណ​ពួក​គេ​ទាំង​៥​នេះ​គឺ​ កុំ​ឲ្យ​គេ​ដឹងខ្លួន​មុន ហើយ​បន្ត​ប្រព្រឹត្ត​បទល្មើស​​ដើម្បី​បន្ថែម​ទម្ងន់​ទោស។

ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មាន​មនុស្ស​សំខាន់​លើស​ពី​៥នាក់​ទៀត ក្រសួង​មហាផ្ទៃ និង​តុលាការ​ចាត់​ការ​តាម​នីតិវិធី។ ត្រង់​នេះ​លោក ខៀវ សុភ័​គ ថា សកម្មភាព​អ្នក​ដទៃ​នៅ​មិន​ទាន់​ប្រព្រឹត្ត​ដល់​ចំណុច​ក្រហម​នៅ​ឡើយ​ទេ។ ចំណុច​ក្រហម​គឺ​ស្ថិត​នៅ​ក្នុង​គោល​ដៅ​មួយ​ដែល​ក្រសួង​មាន​ចំណាត់​ការ។

ទោះ​បី​ជា​ប្រឈម​នឹង​បញ្ហា​ក្ដី​ក្ដាំ​នេះ​ក៏​ដោយ​លោក អេង ឆៃអ៊ាង សហស្ថាបនិក​នៃ​ចល​នា​​​សង្រ្គោះ​ជាតិ ធ្លាប់បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង ​ថា លោក មិន​ចាប់​អារម្មណ៍​ចំពោះ​ចំណាត់​ការ​នេះ​ឡើយ ។ មិន​ចាប់​អារម្មណ៍ ព្រោះ​ថា​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​មក​លើ​អតីត​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក អេង ឆៃអ៊ាង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ