rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តំណាង​កម្ពុជា​នៅ​UN​ថា ការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម​សុខា មិនមែន​ជា​ជំហរUN

media
លោក កឹម សុខា ប្រធាន​​​អតីតគណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring

តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី​១០​ឧសភា​ម្សិលមិញ បាន​ច្រាន​ចោល​សេចក្ដី​សន្និដ្ឋាន​របស់​ក្រុម​ការងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​ដោយ​រំលោភ​បំពាន​ស្ដីពី​លោក កឹម សុខា ថា មាន​ចរិត​នយោបាយ បន្ទាប់​ពី​ក្រុម​ការងារ​នេះ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ​ជា​បន្ទាន់​។ តំណាង​កម្ពុជា​បាន​ឆ្លើយ​តប​ថា ការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម​សុខា មិន​មែន​ជា​ជំហរ​របស់​អង្គការ​សហ​ប្រជាជាតិ​ឡើយ។


ការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​ពុំ​មែន​ជា​ជំហរ​របស់​អង្គការ​សហ​ប្រជាជាតិ(UN) ប្រាប់​មក​កាន់ ក្រុម​ការងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​ដោយ​រំលោភ​បំពាន​ឡើយ​។ ហើយ​ការ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដោះលែង​លោក កឹម សុខា នេះ គឺក្រុម​ការ​ងារ​អង្គ​ការ​សហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន កំពុង​តែ​បន្ទាប​តម្លៃ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គោល​ការណ៍​មិន​លម្អៀង និង​ឯករាជ្យ​ភាព​របស់​ខ្លួន។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ប្រកា​ស​ព័ត៌មាន នៃ​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គ​ការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃទី​១០​ឧសភា។

បើ​តាម​ស្ថាន​បេសកកម្មអចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ករណី​លោក កឹម សុខា ក្រុម​ការងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្អែក​តែ​លើ​ប្រភព​មិន​ច្បាស់​លាស់ មិន​អាច​ជឿ​ទុក​ចិត្ត​បាន និង​មាន​ចរិត​នយោបាយ។ មានចរិត​ន​យោបាយ ​ព្រោះ​មិន​បាន​ផ្អែក​ទៅ​លើ​ប្រភព​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល។

សូមរំលឹកថា ក្រុម​ការងារ​អង្គ​ការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន (WGAD) កាល​​ពី​ថ្ងៃ​ទី​៩​ឧសភា​កន្លង​ទៅ​នេះ បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើឡើង​ដោយ​បំពាន​ច្បាប់។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល​នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ​ បាន​សម្រេច​បន្ត​ឃុំ​លោក​កឹម សុខា រយៈពេល៦ខែ​ទៀត​ក្នុង​ពន្ធនាគារ។ ហើយ​ក្រុម​ការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន បានទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ទោះ​យ៉ាង​ណា តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក សកម្មភាព​ក្រុម​ការ​ងារ​ស្តីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​លើក​ឡើង​ករណី​លោក កឹម សុខា មក​និយា​យ​នៅ​ពេល​នេះ​ក្នុង​គោល​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា ជួន​ចំ​ពេល​កម្ពុជា​ត្រៀម​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​២៩​កក្កដា៕