rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ហ៊ុន សែន ដាក់​ចេញ​កញ្ចប់​វិធានការ​កែ​ទម្រង់​សេដ្ឋកិច្ច ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង

media
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៩ មីនា នេះ បាន​ប្រកាស​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​កំណែទម្រង់​ជិត​២០​ចំណុច សំដៅ​លើក​កម្ពស់​ការ​វិនិយោគ​នៅ​កម្ពុជា និង​ជា​អ្វី​ដែល​គេ​ជឿថា ជា​វិធាន​ការ​ដើម្បី​ត្រៀម​ទប់ទល់ ពេល​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA។ បើ​តាមលោក​នាយករដ្ឋមន្ត្រី​សរុប​ជារួម​មក កាត់​បន្ថយ​លើ​ថ្លៃ​សេវាកម្ម និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ក្នុងដំណាក់​កាល​ទី​១​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​ឯកជន​កាត់​បន្ថយ​ការ​ចំណាយ​នានា ដែល​គិត​ជា​ទឹក​ប្រាក់ជាង​៤០០​លាន​ដុល្លារ​អាមេរិក។


ដើម្បី​រក្សា​ការ​វិនិយោគ​ទុន​ក្នុង​ស្រុក និង​ជាអ្វី​ដើម្បី​ទប់​ទល់​ក្នុង​គ្រា​ដែល​កម្ពុជា​ត្រូវ​បាត់​បង់ប្រព័ន្ធ​អនុ​គ្រោះពន្ធ (EBA) ពី​សហភាព​អឺរ៉ុប​ដោយ​ប្រការ​ណា​មួយ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៩ មីនា​នេះ បាន​ដាក់​ចេញ​នូវ​វិធានការ​ជិត​២០​ចំណុច ដើម្បីកាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​រក​ស៊ី​នៅ​កម្ពុជា។ ក្នុងនោះ​រួមមាន ការ​កែ​សម្រួល​ស្ថាប័ន​គយ ការ​ដក​កាំកុង​ត្រូល​ចេញ​ពី​តាម​ច្រក​ព្រំដែន និង​ការ​លុប​ចោល​នូវភ្នាក់ងារ​កម្ពុជា​នាវាចរ ហៅ​កាត់​ថា កាំសាប ជាដើម។ ជា​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថា គឺជា​កំណែ​ទម្រង់​ដ៏​មុតស្រួច ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និងពេល​វេលា​ផង​ដែរ។

បន្ថែម​លើនេះ ក៏​មាន​ដែរ ការ​កាត់​បន្ថយ​ការ​ស្កេន (Scen) ទំនិញ​តាម​ទូ​កុង​តឺន័រ ដែល​ត្រូវ​ដឹកចេញ ឬ​នាំ​ចូល ជា​ពិសេស​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង ការ​កាត់បន្ថយ​ថ្លៃ​សេវា​លើក​ដាក់​នៅ​តាម​កំពង់​ផែ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី ការ​អភិវឌ្ឍន៍​សហគ្រាស​ធន់​តូច​និង​មធ្យម ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​បុណ្យ​ជាតិ ការ​កាត់​បន្ថយ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នៃ​ស្ថាប័ន​ចម្រុះ​ឲ្យ​មក​នៅ​ក្រោម​ស្ថាប័ន​តែ​មួយ រួម​ទាំង​ការលើក​លែង និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវាកម្ម​ផ្សេងៗ​ទៀត។

បើ​តាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរុប​ជា​រួម​មក ការ​ដាក់​ចេញ​នូវ​កញ្ចប់​វិធាន​ការ​កំណែ​ទម្រង់​ក្នុង​ដំណាក់​កាលទី​១​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​ឯកជន​កាត់​បន្ថយ​ការ​ចំណាយ​នានា ដែល​គិត​ជា​ទឹក​ប្រាក់​សរុប​ជាង៤០០​លាន​ដុល្លារ បើ​ទោះ​បីជា​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់ EBA ដែល​កម្ពុជា​បាន​រួច​ថ្លៃបង់​ពន្ធ​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ក៏​ដោយ។

បើ​តាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិធាន​ការ​កែ​ទម្រង់​សេដ្ឋកិច្ច​ដំណាក់​កាល​ទី​០១​នេះ គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង​និងកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​អ្នក​វិភាគ​បាន​មើលឃើញ​ថា ជា​វិធានការ​ដើម្បី​ទប់ទល់ក្នុង​គ្រាដែ​ល​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​សហភាព​អឺរ៉ុប​ដោយ​ប្រការ​ណា​មួយនោះ។

នៅ​ក្នុង​វេទិកា​រដ្ឋាភិបាល​និង​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី ២៩ មីនា​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា «កម្ពុជា​មិន​អាច​យក​ឯករាជ្យ អធិបតេយ្យភាព​ជាតិ​ទៅ​ដោះ​ដូរ (EBA) អ្វី​ទាំង​អស់ បើ​ទោះ​បីជា​ត្រូវ​រស់​ក្នុង​ភាព​អត់​ឃ្លាន​ក៏ដោយ»៕