មន្ត្រីរដ្ឋាភិបាលដាក់ពាក្យប្ដឹងស្វែងរកជនដៃដល់ចូលHackerផេកហ្វេសបុកក្រសួងយុត្តិធម៌និងអ៊ីម៉េលផ្ទាល់ខ្លួន
គណនីហ្វេសបុកផេក របស់ក្រសួងយុត្តិធម៌ត្រូវបានគេលួចចូលទៅគ្រប់គ្រងឬHacker កាលពីថ្ងៃទី២០ឧសភា។ ក្នុងថ្ងៃតែមួយនេះ គណនីយអ៊ីម៉េលផ្ទាល់ខ្លួនរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺលោក គឹម សន្តិភាព ក៏ត្រូវបានគេលួចចូលទៅគ្រប់គ្រងដែរ។ ប្រឈមបញ្ហានេះលោក គឹម សន្តិភាព បានសម្រេចដាក់ពាក្យប្ដឹងក្នុងថ្ងៃដដែលទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យស្ថាប័នជាតិមួយនេះស្វែងរកចាប់ខ្លួនជនដៃដល់ និងពាក់ព័ន្ធទាំងឡាយមកផ្ដន្ទាទោសតាមច្បាប់។ សូមបញ្ជាក់ថា ករណីលួចចូលទៅគ្រប់គ្រងគណនីអ៊ីម៉េលរបស់មន្ត្រីរដ្ឋាភិបាលនៅពេលនេះ កើតមានឡើងបន្ទាប់ពី មន្ត្រីគណបក្សប្រឆាំងក៏ធ្លាប់ជួបរឿងដូចគ្នានេះកាលពី ពីរខែមុនដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៨
លោក គឹម សន្តិភាព អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា រូបភាពនៃការចូលទៅHacker ឬលួចចូលទៅគ្រប់គ្រងគណនីហ្វេសបុកផេករបស់ក្រសួងយុត្តិ ធម៌ ពីសំណាក់ជនដៃដល់ធ្វើឡើង តាមរយៈការបង្ហាញពីសកម្មភាពឃោសនារបស់គណ បក្សប្រឆាំងដែលសកម្មភាពទាំងនេះទាញចេញបន្តពីឈ្មោះហ្វេសបុកឈ្មោះ សម រង្ស៊ី ។
លោក គឹម សន្តិភាព ក៏បានអះអាងថា រហូតមកដល់ពេលនេះស្ថាប័នជំនាញរបស់រដ្ឋដែលលោកបានដាក់ពាក្យប្ដឹងនោះកំពុងតែធ្វើការទៅលើរឿងនេះហើយ។ ចំពោះស្ថានភាពនៃគណនីទាំងពីររួមមានៈ ផេកហ្វេសបុកនិងគណនីអ៊ីម៉េលផ្ទាល់ខ្លួននេះលោក គឹម សន្តិភាព បញ្ជាក់ថា ខាងជំនាញក៏កំពុងដោះស្រាយទៅលើបញ្ហានេះដែរ។
គេនៅចាំបានថា ករណីដូចគ្នាក៏បានកើតមានរួចហើយទៅលើមន្ត្រីគណបក្សប្រឆាំង។ជាក់ស្ដែងកាលពីថ្ងៃទី១៣ខែមិថុនាលោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិបានចេញមុខមកអះអាងថា ទាំងគណនីហ្វេសបុក និងអ៊ីម៉េលរបស់លោកត្រូវបានជនខិលខូចលូចទៅHacker។ ទង្វើនេះលោកចាត់ទុកថាជាការបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកក្នុងគោលបំណងបំបែកបំបាក់ និងរារាំងបញ្ឈប់នូវសកម្មភាពផ្ទាល់ខ្លួនរបស់លោកជាមួយប្រជាពលរដ្ឋតាមបណ្ដាញសង្គមហ្វេសបុក។ ក្រៅពីលោក ម៉ៅ មុនីវណ្ណ នៅមានលោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និងលោក ហូរ វ៉ាន់ ជាដើម។
ប៉ុន្តែក្រុមតំណាងរាស្ត្រទាំងនេះមិនបានប្ដឹងទៅស្ថាប័នរដ្ឋដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់នោះទេ ដោយពួកគេគ្រាន់ប្ដឹងទៅក្រុមហ៊ុនបណ្ដាញសង្គមដើម្បីទាមទារយកគណនីបណ្ដាញសង្គមមកវិញតែប៉ុណ្ណោះ។ ក្រៅពីមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីរដ្ឋាភិបាលដែលរងការHackerហើយនោះ គេនៅចាំបានថា ហ្វេសបុកផេករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ត្រូវបានក្រុមចោលអ៊ិនថើណេតចូលទៅHackerផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ