អានតួអត្ថបទ
កម្ពុជា-តុលាការ

បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ប្ដូរ​ការ​ឃុំខ្លួន​ លោក​ កឹម​ សុខា ​ពី​ពន្ធនា​គារ​មក​ឃុំ​នៅ​ផ្ទះ​

គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​​សុក្រ​​ម្សិល​មិញ​​ បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​​ដោះ​លែង​លោក កឹម​ សុខា ​និង​​អ្នក​ទោស​មន​សិការ​​ឬ​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​។ ​សម្រាប់​​លោក​ កឹម​ សុខា​ គណ​បក្ស​​ប្រជាធិ​បតេយ្យ​​មូលដ្ឋាន​ ចង់​​ឲ្យ​​អាជ្ញាធរ​ ប្ដូរ​​ការ​​ឃុំ​​ខ្លួន​​ពី​​ពន្ធ​នាគារ​ មក​​ជា​​ការ​​ឃុំ​​ខ្លួន​​នៅ​​ក្នុ​ង​​ផ្ទះ​វិញ​​។​ ការ​​អំពាវ​នាវ​​ដូច្នេះ​ ធ្វើ​ឡើង​​ក្នុង​​ឱកាស​ដែល​​កម្ពុជា​​ប្រារព្ធ​​ព្រះ​រាជ​​ពិធី​​បុណ្យ​ចម្រើន​​ព្រះ​ជន្ម​​ព្រះម​ហាក្សត្រ​​ នៅថ្ងៃ​ទី១​៣ ដល់​ថ្ងៃទី​១៥ ខែ​ឧសភានេះ​។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

​ឆ្លៀតក្នុង​ឱកាសនៃព្រះ​រាជ​ពិធី​បុណ្យចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានបានស្នើ​សុំ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត​ឲ្យ​ លោក កឹម សុខា អាច​ស្ថិត​នៅក្រៅ​ឃុំ​ ឬបើ​មិន​ដូច្នោះ​ទេ អាច​ផ្លាស់​មក​​​ឃុំ​ឃាំង​ក្នុង​គេហដ្ឋានវិញ ​ដោយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ បើ​តាម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សំណើ​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​​មូលហេតុ​មនុស្សធម៌ និង​ដើម្បី​បង្ករ​បរិយា​កាស​នយោបាយ​ឲ្យបាន​ប្រសើរឡើងមុនការបោះឆ្នោត​មកដល់។ លើស​ពីនេះទៀត គណបក្ស​ដែលប្រកាសចូលរួមការបោះឆ្នោត​នៅពេលខាង​មុខ​ដែរនេះ ក៏ស្នើ​ឲ្យ​រដ្ឋាភិបាល​លើក​លែងទោស ឬដោះលែងអ្នក​ទោស​មនសិការ ឬ​សកម្មជន​ដី​ធ្លី​មួយ​ចំនួន​ទៀត​​ឲ្យ​នៅក្រៅឃុំផង​ដែរ​។

ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ការ​ស្នើ​សុំ​លើក​លែង​ទោស ​ឬបន្ថូរបន្ថយទោស​ដល់​ទណ្ឌិត អាចធ្វើឡើង​តែ​ក្នុង​ឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា និង​បុណ្យ​អុំទូកតែប៉ុណ្ណ៉ោះ ពោលគឺ​​មិន​មានទេ ​ក្នុង​ឱកាសព្រះ​រាជ​ពិធី​​បុណ្យ​ចម្រើន​ព្រះ​ជន្មព្រះ​មហា​ក្សត្រ​នៅពេលនេះ។

ការស្នើ​លើក​លែងទោស ឬ​ដោះលែង​ឲ្យ​នៅក្រៅឃុំ ដល់​​អ្នកទោសមនសិកា ឬសកម្មជនដីធ្លីមួយចំនួនទៀត ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់ថា កំពុងតែ​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។ ចំណែក​សំណើ​ចំពោះ​​ករណី​លោក កឹម សុខា វិញ លោក គឹម សន្តិភាព ពន្យល់​ថា ច្បាប់ខ្មែរមិនមានចែងពីការឃុំ​ខ្លួន​នៅក្នុង​ផ្ទះដូចដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឡើយ​​។

សូមបញ្ជាក់ថា លោក កឹម សុខា បាន​ជាប់ឃុំក្នុងពន្ធនាគារត្រពាំង​ផ្លុងជាប់​ព្រំដែន​វៀតណាម អស់រយៈពេលជាង៨ខែមកហើយ ក្រោម​អ្វីដែល​រដ្ឋាភិបាល​កម្ពុជាចោទ​ថា «ក្បត់​ជាតិ»។ ចំណែក សកម្មជនដីធ្លីតំបន់ បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការ​កាត់ទោសដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ ២​នាក់​នៅ​ជិត​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខណៈមានតវ៉ារឿងដីធ្លីកាលពីឆ្នាំ២០១៣។ រីឯសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០រូបទៀតក៏ត្រូវបានតុលាការ​កាត់ទោសចន្លោះពី៧ដល់២០ឆ្នាំ ដោយ​ចោទ​ពីបទ​កុប្បកម្ម បន្ទាប់ពីមានការតវ៉ា​រំដោះទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ