អានតួអត្ថបទ
កម្ពុជា-ច្បាប់

មេធាវី​អតីត​អ្នកកាសែត​អាស៊ី​សេរី​ប្តឹង​សា​ទុក្ខ​ទៅ​កំពូល ​ជំទាស់​សាល​ដីកា​ឧទ្ធរណ៍

បណ្ដឹង​ស្នើ​ឲ្យ​ដោះលែង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ បាន​វិវត្តមក​ដល់​ជុំ​ទី២​ហើយ ក្រោយ​ការ​ស្នើ​សុំ​លើក​ទី១​មិន​បាន​សម្រេច។ ការវិវត្តនេះ បន្ទាប់​ពី​មេធាវីការពារ​ក្ដី​អ្នក​ទាំង​ពីរ​បាន​ដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​មក​កាន់​តុ​លា​ការ​កំពូល​កាល​ពី​ថ្ងៃ​ទី​២៥មេសា ជំ​ទា​ស់​​នឹង​សាល​ដីកា​សាលា​ឧទ្ធរណ៍។ ជា​សាល​ដីកា​មិន​អនុញ្ញាត្ត​ឲ្យ​អតីត​អ្នកកាសែត​ទាំ​ង​​ពីរ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី @សហការី
ផ្សាយពាណិជ្ជកម្ម

លោក កែវ វន្នី មេធាវី​ការ​ពារ​ក្ដី​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​ថ្លែង​ប្រាប់​វិទ្យុ​បា​រាំង​​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​មាន​ក្ដី​រំពឹង​ថា​ តុលាការ​កំពូល​នឹង​ពិចារណា​ ដោះ​លែង​កូន​ក្ដី​របស់​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ តាមរយៈ​ពាក្យ​បណ្ដឹង​សារ​ទុក្ខនៅ​ជុំ​ទី​២​នេះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​តុលាការ​កំពូល​សម្រេច​ដូច​គ្នា​ទៅនឹង​សា​លា​ឧទ្ធរណ៍​នោះ លោក​មេធាវី​នឹង​ប្ដឹង​សារ​ទុក្ខជុំ​ទី​៣​បន្ត​ទៀត ដោយ​ផ្ដើម​ចេញពី​សាលា​ដំបូងរាជធានីភ្នំពេញ​។ តែ​បើ​តាម​ហេតុផល​របស់​សាលា​ឧទ្ធរណ៍​មូលហេតុ​ដែល​បន្ត​ឃុំខ្លួន​អតីត​អ្នកកា​សែ​ត​ទាំងពីរ​ លោក​យាង សុធារិន(យាង សុជាមេត្តា) និង​លោក​អ៊ួន ឈិន ព្រោះ​បារម្ភ​ខ្លាច​ពួក​គេ​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុ​លា​ការ។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ទរណ៍​កាល​ពី​ថ្ងៃ​ទី​១៩​មេសា។

សូមបញ្ជាក់ថា សំណុំ​រឿង​ប្ដឹង​សាទុក្ខ​នៅ​ជុំ​ទី២​នេះ​ស្ថិត​នៅ​ក្នុង​បទ​ចោទ​ប្រកាន់​ចាស់​ស្ដីពី​«ការប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការ​ពារ​ជា​តិ» ស្រប​តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​​របស់​កម្ពុជា ដែល​អាច​ជាប់​​ពន្ធនាគារ​ ពី ៧ ទៅ ១៥​ឆ្នាំ។ ដោយ​ឡែក​ទាក់​ទង​សំណុំ​រឿង​ថ្មី​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាស​អាភាស​ត្រូវ​បាន​លោក​មេធាវី កែវ វន្នី គូស​បញ្ជាក់ថា​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅ​ក្រម​ស៊ើបសួរ។ តែ​សំណុំ​រឿង​នេះ ចៅ​ក្រម​ស៊ើប​សួរ​មិន​ទាន់​បាន​ហៅ​ពួក​គេ​មក​សួរ​នាំ​នៅ​ឡើយទេ។

គូររម្លឹកឡើងវិញថា ​កាល​ពី​ពាក់​កណ្ដាល​វិច្ឆិកា ឆ្នាំ ២០១៧ អ្នក​ទាំង ២ ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​មាន​ជ័យ ចូល​ទៅ​ចាប់​ខ្លួន និង​រឹប​អូស​សម្ភារៈ​ប្រើ​ប្រាស់​ទាំង​អស់នៅ​ក្នុង​បន្ទប់​ណ្ឋា​គារ​មួយ​ ក្រុង​ភ្នំពេញ។ គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​ជិត​៦​ខែ​ហើយ ដែល​អ្នក​ទាំង២​ ត្រូវ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ