rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សន្តិសុខ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឆ្លង​ឆ្នាំ​២០១៨​៖ មនុស្ស​៨​នាក់​រង​របួស ដោយ​សារ​ការ​ផ្ទុះ​កាំជ្រួច​នៅ​ខេត្ត​កែប

media
រូបថតៈ ទិដ្ឋភាព​អ៊ូអរ​នៅ​ខេត្ត​កែប @គេហទំព័រប៉ូលីសជាតិ

យ៉ាងហោច​ណាស់ មនុស្ស​៨​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ នៅ​ក្នុង​ឧប្បទ្ទវ​ហេតុ​ផ្ទុះកាំជ្រួច កាលពី​យប់​ថ្ងៃទី​៣១ ធ្នូ នៅ​តំបន់​ឆ្នេរ​សមុទ្រ ក្នុងខេត្ត​កែប។​ ដោយ​ឡែក គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នង​អំឡុង​ពេល​ឆ្លង​ឆ្នាំ បាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់។ យ៉ាងណា​ក៏​ដោយ នៅ​មួយ​ថ្ងៃ​ក្រោយ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ចូល​២០១៨ នា​យប់មិញ​នេះ បាន​បិទ​បញ្ចប់​ទៅ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ទេសចរណ៍​ បាន​វាយ​តម្លៃ​ថា បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​ភាព​រីករាយ​ពេញ​ផ្ទៃ​ប្រទេស។


ចូល​រួម​អប​អរ​ពិធី​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​សៀមរាប លោក វ៉ាត់ ចំរើន អនុរដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​បាន​កត់​សម្គាល់​ថា នៅ​សៀមរាប​គឺ​មាន​មនុស្ស​ចូល​រួម​ឆ្លង​ឆ្នាំ​ច្រើន បើធៀប​ទៅ​នឹង​បណ្តា​ឆ្នាំ​មុនៗ​ដោយ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាង​៣៣​ម៉ឺននាក់។ បើ​តាម​មន្រ្តី​ក្រសួង​ទេសចរណ៍​ដដែល ក្នុង​អំឡុង​ពេល​ឆ្លង​ឆ្នាំ នៅ​សៀមរាប​នេះ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ ដោយ​គ្រាន់​តែ​ជួប​ការ​កក់​ស្ទះ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំបន់អង្គរ និង​ការ​កក់​ស្ទះ​នៅ​កន្លែង​កំសាន្ត​ផាប់ស្ទ្រីត​តែ​ប៉ុណ្ណោះ។ តែ​អាជ្ញាធរ​អាច​គ្រប់គ្រងបាន។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅ​សៀមរាប​ដែល​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ពេញនិយម ប្រឈម​នឹង​ការ​ខ្វះ​កន្លែង​ស្នាក់​នៅ ដោយ​ពលរដ្ឋ​ភាគ​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរមក​ភ្នំពេញ​វិញ។ នេះ​បើតាម​លោក វ៉ាត់ ចំរើន។

ក្រៅ​ពី​សៀមរាប ខេត្ត​ជាប់​មាត់​សមុទ្ទ ក៏​មាន​ភាព​កក់​កុញ​ផង​ដែរ។ លោក យន្ត មីន អភិ​បាល​ខេត្ត​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​ថា ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវ​ទេសចរ ប្រមាណ​ជា​១១​ម៉ឺន​នាក់ ដែល​ចំនួន​នេះ ត្រូវបាន​លោកអភិបាល​ខេត្ត​សន្និ​ដ្ឋាន​​ថា គឺ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នឹង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្ទ នៅខេត្ត​កែប​ដែរ។

ទោះ​ជា​អាជ្ញាធរ​ខេត្ត​សៀមរាប និង​ព្រះសីហនុ អះអាង​ពី​ការ​គ្រប់គ្រង​បាន​នូវ​សុវត្ថិភាព​ជូន​​ពលរដ្ឋ​ក្នុង​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​យ៉ាងណាក៏ដោយ តែ​នៅ​ខេត្ត​កែប​ឯណេះវិ​ញ គឺ១​ម៉ោងមុន​ម៉ោង​ឆ្លង​ឆ្នាំ​មក​ដល់ បាន​កើត​មាន​ឧប្បត្តិ​ហេតុ​ឆេះ​កាំជ្រួញ បណ្តាល​ឲ្យ​មនុស្ស​៨នាក់​របួស​ស្រាល។ ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​បានចេញ​អន្តរាគមន៍​ភ្លាមៗ និង​បាញ់​ទឹក​ពន្លត់​ទៅ​វិញ។ ដោយ​ឡែក​ជន​រង​គ្រោះ​ត្រូវ​បានបញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ ហើយ​ក៏​បាន ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​លាង​របួស​រួច។ ថ្វី​ត្បិត​តែ​មាន​បញ្ហា​ខ្លះក៏​ដោយ តែ​រាត្រី​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កែប ទទួល​បាន​ភ្ញៀវទេសចរ​ជាង​១០​ម៉ឺន​នាក់។

ដោយឡែក​ទាក់ទង​នឹង​របាយការណ៍ គ្រោះថ្នាក់​ចរាចរណ៍​វិញ នៅ​ក្នង​អំឡុង​ពេល​ឆ្លងឆ្នាំ​កាល​ពី​យប់​មិញ​នេះ មាន​មនុស្ស៦នាក់​បាន​ស្លាប់។ លោក រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ បាន​កត់​សម្គាល់​ថា ឥរិយាបថ​អ្នក​ធ្វើ​ដំណើរ​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​នេះ គឺ​មាន​សណ្ដាប់​ធ្នាប់​ល្អ​តាម​រយៈការ​បើកបរ​មិន​ជែង និង​គ្មាន​ជាតិ​ស្រវឹង​ជាដើម៕