អានតួអត្ថបទ
កម្ពុជា-ច្បាប់

អឺរ៉ុប​លើក​ទឹក​ចិត្ត​ឲ្យអ្នក​វិនិយោគ​របស់​ខ្លួន​ចូល​មក​កម្ពុជា ខណៈ​វិនិយោគិន​ចិន​កំពុង​លេច​ធ្លោនៅ​កម្ពុជា

សហភាព​អឺរ៉ុប​នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​អឺរ៉ុប​លើក​ដំបូង​នៅ​កម្ពុជា​ចាប់​ពី២៩​មិថុនា​ ដល់​ថ្ងៃ​ទី​១​ខែ​កក្ដដា នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ មួយ​ផ្នែក​នៃ ពិព័រណ៍​ផលិត​ផល​អឺរ៉ុប​នេះ គឺ​ជា​ឱកាស​ស្វែង​រក​ដៃ​គូរ​វិនិយោគទុន​រួម​គ្នារវាង​កម្ពុជា និងអឺរ៉ុប។​ អ្វីជា​ការ​​កត់​សម្គាល់ ពិព័រណ៍​ផលិតផល​អឺរ៉ុប ធ្វើ​ឡើង​​ចំ​ពេល​កំណើន​អ្នក​វិនិយោគ​ចិន​មាន​​ការ​កើន​ឡើង​នៅ​កម្ពុជា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

រូបភាព៖ តំណាង​សហភាព​អឺរ៉ុប​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​នេះ
រូបភាព៖ តំណាង​សហភាព​អឺរ៉ុប​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​នេះ @RFI
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​សម្រេច​ជ្រើស​យក​កម្ពុជា ជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​ចំណោម​ប្រទេស​ឯទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ សម្រាប់​រៀបចំ​ពិព័រណ៍​ផលិតផល​អឺរ៉ុប​។ ពិព័រណ៍​ផលិត​ផល​អឺរ៉ុប​នៅ​ពេល​នេះ​គឺ​ចង់​បង្ហាញ​ពី​គុណភាព​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​អ្នកប្រើ​ប្រា​ស់។​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ប្រមាណ​៤០ មក​ពី​អឺរ៉ុប​ចុះ​ឈ្មោះ​ចូល​រួម​តាំង​ពិព័ណ៍​តាម​រយៈ ការ​តាំង​បង្ហាញ​យានយន្ត គ្រឿងសង្ហារឹម ទំនិញ​ប្រើប្រាស់ បរិក្ខាពេទ្យ ចំណី​អា​ហារ ​និងភេសជ្ជៈ ជាដើម។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​សុក្រ​ទី​២២​មិថុនា ជុំវិញ​គម្រោង​នៃ​ការ​រៀប​ចំ​​ពិព័រ​ណ៍​​នេះ​លោក Arnaud Darc អាណោត ដាក ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​លើក​​ឡើង​ថា ក្រុម​ហ៊ុន​ទាំង​អស់​ដែល​មក​ចូល​រួម​បង្ហាញ​ផលិតផល​របស់​ពួក​គេ​នៅ​កម្ពុជា នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​អ្នក​ទស្សនា​ទទួល​បាន​ប្លែក​នៅ​ក្នុង​ព្រឹត្ត​ការ​ណ៍នេះ។ ប្រធាន​សភា​ពាណិជ្ជកម្ម​រូប​នេះ ជឿជាក់​ថា ផលិតផល​ទំនើប​របស់​អឺរ៉ុប នឹង​ដណ្ដើម​បាន​ទីតាំង​នៅ​លើ​ទី​ផ្សារ​កម្ពុជា​ដោយ​ផ្អែក​លើ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើន​ឡើង។

លោក George EDGAR ឯក​អគ្គ​រដ្ឋ​ទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​កត់​សម្គាល់​ថា ពលរដ្ឋ​កម្ពុជា​មាន​លទ្ធភាព​ប្រើប្រាស់​ផលិត​ផល​អឺរ៉ុប គឺ​អ្នក​មាន​កម្រិត​ជីវភាព​មធ្យម​ជា​ពិសេ​សពលរដ្ឋ​រស់​នៅ​ភ្នំពេញ។ ជា​ការ​កត់​សម្គាល់ ពិព័រណ៍​ផលិតផល​អឺរ៉ុប​ធ្វើ​ឡើង​ជួន​ចំ​ពេល​កំណើន​អ្នក​វិនិយោគ​ចិន​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា។ ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​ចោទ​ឡើង​ថា ក្រុមហ៊ុន​អឺរ៉ុប​ចាប់​អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​ការ​តាំង​ពិព័រ​ណ៍​នេះ​ទេ ខណៈ​អ្នកវិនិយោគ​ចិន​កំពុង​វាយ​លុក​ការ​វិនិយោគ​នៅ​កម្ពុជា​នោះ?

លោក Arnaud Darc ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​អះអាង​ថា មុន​មាន​កំណើន​អ្នក​វិនិយោគ​ចិន​ច្រើន​ដូច​ពេល​ពេល​បច្ចុប្បន្ន អ្នក​វិនិយោគ​​អឺរ៉ុប​បាន​ចូល​មក​កម្ពុជា​តាំង​ពីឆ្នាំ​១៩៩០​មក​ម្លេះ។ ដូច្នេះ ក្រុមហ៊ុន​អឺរ៉ុប​ដែល​មាន​ចេតនា​ចង់​ស្នង​តំណែង​នៃ​ការ​វិនិយោគ​នេះ​នឹង​ចាប់​អារម្មណ៍​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ព្រោះ​កុំភ្លេច​ថា ទំនិញ​កម្ពុជា​នាំទៅ​អឺរ៉ុប​ទទួល​បាន​ការ​អនុ​គ្រោះពន្ធ។ ដោយ​សារ​តែ​ការ​អនុ​គ្រោះពន្ធ​នេះ ហើយ​ទើបអ្នក​វិនិយោគ​ចិន​ចាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ